ប្រភពប៊ីប៊ីស៊ីបានផ្សាយមុននេះបន្តិចថា ប៉ូលិសអាមេរិកបានថ្លែងថា យ៉ាងតិច១៧នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារមួយនៅក្នុងវិទ្យាល័យមួយស្ថិតនៅតំបន់ Parkland រដ្ឋ Florida សហរដ្ឋអាមេរិក ។
ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានស្គាល់អត្តសញ្ញាណ Nikolas Cruz ភេទប្រុស អាយុ១៩ឆ្នាំ អតីតជាសិស្សនៅសាលានេះដែរ ដែលត្រូវគេបណ្តេញចេញ។
ប៉ូលិសបានប្រាប់ទីភ្នាក់ងារព័ត៌មាន CBS ថា ជនសង្ស័យបានបាញ់កណ្តឹងរោទិ៍ បង្កឲ្យមានអំពើចលាចលក្នុងសាលា មុនពេលចាប់ផ្តើមបាញ់ប្រហារតែម្តង ។
ប៉ូលិសបានទៅដល់ ធ្វើអន្តរាគមន៍ ហើយសិស្សនិស្សិតនៅទីនោះត្រូវបង្ខំចិត្តលាក់ខ្លួនក្នុងថ្នាក់រៀន ខណៈដែលប៉ូលិសឡោមព័ទ្ធទីនោះ ខណៈដែលសាច់ញាតិ អាណាព្យាបាលរបស់និស្សិតនៅទីនោះ ប្រមូលផ្តុំទ្រហ៊ោយំទ្រហឹងអឹងកង ។
លោក Broward County Sheriff Scott Israel បានថ្លែងប្រាប់អ្នកកាសែតថា Cruz បានបាញ់ប្រហារនៅខាងក្រៅសាលាស្លាប់៣នាក់ បន្ទាប់មករូបគេបានចូលខាងក្នុងសាលាបាញ់ប្រហារស្លាប់១២នាក់បន្ថែមទៀត ខណៈ២នាក់ស្លាប់នៅមន្ទីរពេទ្យដោយសាររងរបួសធ្ងន់ពេក ។
ខ្មាន់កាំភ្លើងត្រូវប៉ូលិសចាប់បានទាំងរស់នាពេលបន្តិចក្រោយមកផងដែរ ហើយគេមិនទាន់ដឹងមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ។
សូមបញ្ជាក់ថាការបាញ់ប្រហារនេះ គឺជាការបាញ់ប្រហារលើកទី១៨ហើយនៅក្នុងឆ្នាំនេះ ទាក់ទងអំពើបាញ់ប្រហារនៅក្នុងបរិវេណសាលានៅក្នុងទឹកដីអាមេរិក ។ ការស្រាវជ្រាវរបស់អង្គការសុវត្ថិភាពស្តីអំពីកាំភ្លើងអះអាងថា នៅអាមេរិក តាំងពីឆ្នាំ២០១៣មកដល់ពេលនេះ មានអំពើបាញ់ប្រហារ២៩១លើកហើយ ៕