អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង ប្អូនស្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានគេមើលឃើញកំពុងនិយាយជាមួយមនុស្សមួយក្រុមនៅក្នុងសណ្ឋាគារ មួយនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី២០ ខែកុម្ភៈ។
ព័ត៌មានខាងលើត្រូវបានផ្សព្វផ្សាយ ក្រោយពេលមួយថ្ងៃដែលក្រុមអ្នកបង្កើតច្បាប់គណបក្សភឿថៃ របស់លោក ថាក់ស៊ីន បានប្រកាសថា នឹងទៅកាន់កោះហុងកុងនៅក្នុងសប្តាហ៍នេះ ដើម្បីជួបពីភាក្សាជាមួយអតីតមេដឹកនាំគណបក្សនេះ ។ ពួកគត់បានឲ្យដឹងថា លោក ថាក់ស៊ីន បានអំពាវនាវឲ្យបង្រួបបង្រួមគណបក្សមុនពេលការបោះឆ្នោតចូលមកដល់ ។
អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន កំពុងរស់នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាបរួម ប៉ុន្តែឥទ្ធិពលនយោបាយរបស់លោក នៅមានធំធេងចំពោះគណបក្សភឿថៃ និងសង្គមថៃ។ គណបក្សរបស់លោកបានប្តូរឈ្មោះជាច្រើនលើក ហើយតែងតែ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតជាតិ ចាប់តាំងពីឆ្នាំ២០០១មកទល់ពេលនេះ ។
ក្នុងពេលជាមួយគ្នានេះ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានភៀសខ្លួនចេញពីប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៧ មុនពេលតុលាការប្រកាសសាលក្រម ចោទប្រកាន់ទោសលោកស្រីពីបទ ធ្វេសប្រហែស នៅក្នុងកម្មវិធីជំនួយតម្លៃស្រូវអង្ករធ្វើឲ្យរដ្ឋខាតបង់ថវិការាប់ពាន់លានដុល្លារ ។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្រីយីងឡាក់ កំពុងរស់នៅក្នុងប្រទេសអង់គ្លេស ។
ប្រភពព័ត៌មានពីគណបក្សភឿថៃ បានឲ្យដឹងថា បងប្អូនត្រកូលថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅកាន់ប្រទេសចិន ជប៉ុន និងកោះហុងកុងមុនពេលទៅកាន់សិង្ហបុរី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមការប្រកាសរបស់ អ្នកនាំពាក្យ គណកម្មការសន្តិភាព និងសណ្តាបធ្នាប់លោក Piyapong Klinpan បានបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានកម្លាំងប៉ូលិស បានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ព័ត៌មានពាក់ព័ន្ធនឹងលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ។
សូមបញ្ជាក់ផងដែរថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងប្រទេសសិង្ហបុរី ក្នុងពេលដែលមានព្រិត្តិការ មេទ័ពជើងគោកថៃ លោក Sittisart Chalermchai Sittisart ក៏បានធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរីដើម្បីទទួលពាន់រង្វាន់ពីក្រសួងការពារជាតិសិង្ហបុរី។ ប៉ុន្តែនៅមុនពេលចាកចេញពីប្រទេសមេទ័ពថៃប្រកាសថា និងមិនជួបជាមួយបងប្អូនថាក់ស៊ីន នោះឡើយ ៕ ម៉ែវ សាធី