ថ្នាក់ដឹកនាំគណបក្សភឿថៃបានចេញមុខប្រកាសច្រានចោលព័ត៌មាន ថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនជាអ្នកនៅពីក្រោយ ដឹកនាំគណបក្ស។ លោក Phumtham Wechayachai អគ្គលេខាធិការគណបក្សភឿថៃបានច្រានចោលព័ត៌មានខាងលើ ក្រោយពេលដែល មានក្តីបារម្ភថា គណៈ កម្មការសន្តិសុខជាតិ NCPO កំពុងតែស្វែង រកភស្តុតាង ក្នុងការរំលាយគណបក្សនេះបើមានអ្នកនៅបរទេសនៅពីក្រោយខ្នង។
សារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយ នៅថ្ងៃទី២៣ខែកុម្ភៈ ដោយដកស្រង់សម្តីប្រធានគណបក្សភឿបានបញ្ជាក់ថា គណបក្សភឿថៃមិនស្ថិតនៅក្នុងការបញ្ជារបស់លោកថាក់ស៊ីននោះឡើយ។តាមច្បាប់នៅក្នុងប្រទេសនេះគណបក្ស នយោបាយគឺ មិនស្ថិតនៅក្រោមការដឹកនាំរបស់ជន បរទេសនោះទេ។
អគ្គលេខាធិការគណបក្សភឿថៃលោក Phumtham wechayachai បានបញ្ជាក់ថា ជំនួបរវាង សមាជិកគណបក្សជាមួយលោកថាក់ស៊ីននាពេលកន្លងមកមិនពាក់ព័ន្ធនឹង នយោបាយរបស់បក្សឡើយ។

មន្ត្រីសន្តិសុខថៃ បានប្រកាសឲ្យដឹងថា គណបក្សភឿថៃរបស់ លោកថាក់ស៊ីនអាច នឹងត្រូវ រំលាយ ពីបទបំពានច្បាប់ធម្មនុញ្ញ ដោយសារតែ ទុកឲ្យមនុស្សខាងក្រៅជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បក្ស ក្រោយពេលមានតំណាងរាស្ត្រសំខាន់ៗជាច្រើន របស់គណបក្សនេះទៅជួបជាមួយអតីត នាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត្រា គឺលោក ថាក់ស៊ីននិងលោកស្រីយីង ឡាក់។
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណា វ៉ាត្រា និងប្អូនស្រី លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានគេមើលឃើញកំពុងនិយាយជាមួយមនុស្សមួយក្រុមនៅក្នុង សណ្ឋាគារ មួយនៃប្រទេសសិង្ហបុរីកាលពីថ្ងៃទី២០ខែកុម្ភៈ។
ព័ត៌មានខាងលើត្រូវបានផ្សព្វផ្សាយក្រោយពេល មួយថ្ងៃដែលក្រុមអ្នកបង្កើត ច្បាប់គណបក្សភឿថៃ របស់លោកថាក់ស៊ីនបានប្រកាសថានឹងទៅកាន់កោះហុងកុងនៅក្នុងសប្តាហ៍នេះដើម្បីជួបពិភាក្សាជា មួយអតីតមេដឹកនាំគណបក្សនេះ។ ពួក គាត់បានឲ្យដឹងថា លោកថាក់ស៊ីនបាន អំពាវនាវឲ្យ បង្រួបបង្រួមគណបក្សមុន ពេលការបោះឆ្នោតចូលមកដល់។
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន កំពុងរស់ នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាបរួម ប៉ុន្តែ ឥទ្ធិពលនយោបាយរបស់លោក នៅមាន ធំធេង ចំពោះគណបក្សភឿថៃ និងសង្គម ថៃ។ គណបក្សរបស់លោក បានប្តូរឈ្មោះ ជាច្រើនលើក ហើយតែងតែ ទទួលបាន ជ័យជ្នះនៅក្នុងការបោះឆ្នោតជាតិ ចាប់ តាំងពីឆ្នាំ២០០១មកទល់ពេលនេះ៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច