បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ដែលមាន វិបត្តិជាមួយក្រុមជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ា បង្កឲ្យមានការកាប់សម្លាប់គ្នា ក្លាយទៅជា វិបត្តិទ្រង់ទ្រាយធំមកពេលនេះដល់ វេន ប្រទេសស្រីលង្កាវិញម្តង ដែលកំពុងតែ មានវិវាទ ជាមួយក្រុមជនជាតិ អ៊ិស្លាម និងបង្កអំពើហិង្សាលើក្រុមអ៊ិស្លាម ។
រដ្ឋាភិបាលស្រីលង្កា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេល១០ថ្ងៃ ដើម្បីចាត់វិធានការរឹតបន្ដឹងសន្តិសុខ ។ ការដាក់ប្រទេសក្នុងភាពអាសន្ននេះ គឺ បន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្ស ពីរនាក់និងការបំផ្លិចបំផ្លាញផ្ទះសម្បែង របស់ពលរដ្ឋអ៊ិស្លាម។
ទាហាននិងកម្លាំងសមត្ថកិច្ចពិសេស ត្រូវដាក់ពង្រាយដើម្បីពង្រឹងសណ្តាប់ធ្នាប់ឡើងវិញ និងដើម្បីបញ្ឈប់អំពើហិង្សាទាំងឡាយណាទៅលើពលរដ្ឋភាគតិច ដែល កាន់សាសនាអ៊ិស្លាម ។ នាយករដ្ឋមន្ត្រី ស្រីលង្កា (Ranil Wickrenmesinghe) បានថ្លែងនៅមុខសភាថា រដ្ឋាភិបាលនឹងប្រើគ្រប់មធ្យោបាយដើម្បីការពារប្រជា ពលរដ្ឋ ហើយជាពិសេសគឺពលរដ្ឋកាន់ សាសនាអ៊ិស្លាម។ ចំណែកសភាស្រីលង្កាក៏បានថ្លែងការណ៍សុំអភ័យទោសចំពោះប្រជាជនអ៊ិស្លាមផងដែរ។
ស្រីលង្កាជាប្រទេសមានពលរដ្ឋភាគច្រើនកាន់ព្រះពុទ្ធសាសនា ហើយក្នុងនោះក៏មានមនុស្សមួយចំនួនជ្រុលនិយមដែរ។ អ្នកកាន់សាសនាហិណ្ឌូ មានប្រហែល១៨ ភាគរយ ហើយប្រជាជនកាន់សាសនា អ៊ិស្លាម គឺជាពលរដ្ឋភាគតិច មានប្រមាណ ១០ភាគរយប៉ុណ្ណោះ។ នៅរយៈពេលចុង ក្រោយនេះ គឺមានអំពើហិង្សា ដុតកម្ទេច ព្រះវិហារអ៊ិស្លាម ដុតផ្ទះសម្បែងនិងកន្លែងរកស៊ីរបស់អ្នកកាន់អ៊ិស្លាមសាសនា ។
ដើមហេតុនៃអំពើហិង្សានេះ គឺដោយសារតែអ្នកាន់ព្រះពុទ្ធសាសនាម្នាក់ត្រូវហ្វូង មនុស្សមួយក្រុមសម្លាប់កាលពីសប្តាហ៍មុន។ ចាប់ពីចុងសប្តាហ៍មក ក៏មានអំពើ ហិង្សាទៅលើអ្នកកាន់សាសនាអ៊ិស្លាម ដែលបណ្តាលមានមនុស្សស្លាប់២នាក់ ហើយគេហដ្ឋាននិងហាងលក់ដូរ ជាង ១០០ ត្រូវដុតបំផ្លាញ៕ ម៉ែវ សាធី