សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូង នៅថ្ងៃទី១០ ខែមីនាបានដកស្រង់ សម្តីអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន បាន ផ្តល់ភាពជឿជាក់ដល់ប្រធានា ធិបតីមូន ជេអុីន មុនពេលជំនួបពិភាក្សា រវាងមេដឹកនាំប្រទេសទាំងពីរកើតឡើង។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអុីន នឹងលែងចាំបាច់ត្រូវភ្ញាក់ពីដំណេកនៅ ព្រឹកព្រលឹម ហើយកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលផ្លោង ឬបរមាណូ របស់ប្រទេសកូរ៉េខាង ជើងទៀតឡើយ។ ដោយលោកគីម ជុង អ៊ុនបានសម្រេចផ្អាក រាល់ការធ្វើតេស្តមីស៊ីលផ្លោងនានា។ ម៉្យាងវិញទៀត លោក គីម បានបន្ថែមថា នៅពេលណាដែលមាន បញ្ហា នាពេលនេះលោក អាចដោះស្រាយ វាបានយ៉ាងងាយ តាមរយៈការធ្វើកិច្ចសន្ទនាដោយផ្ទាល់ តាមខ្សែទូរស័ព្ទបន្ទាន់ជា មួយលោក មូន។
គួរជម្រាបថា ក្នុងអំឡុងជំនួបនាថ្ងៃចន្ទកន្លងទៅនេះ លោក គីម ជុងអ៊ុន បានព្រមព្រៀងបើកខ្សែទូរស័ព្ទបន្ទាន់ជាមួយ លោក មូន ជេអុីន, បើកកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទីបី នៅចុងខែមេសា, បង្ហាញពីឆន្ទៈក្នុងការបើកកិច្ចចរចា លុបបំបាត់អាវុធនុយក្លអ៊ែរជាមួយសហរដ្ឋអាមេរិក ដោយអញ្ជើញ លោក ដូណាល់ ត្រាំ ជួបមុខគ្នា, និងផ្អាក ការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែរ នានា ខណៈដែលកិច្ចសន្ទនាប្រព្រឹត្តទៅ។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាង ជើង ជារឿយៗតែងធ្វើតេស្តមីស៊ីល នៅ វេលាទៀបភ្លឺក្នុងតំបន់ ដូចជាម៉ោង៤ ឬ ៥ព្រឹកព្រហាមជាដើម ហើយវាគឺជានីតិវីធី ស្តង់ដារ ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ធ្វើការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ ដើម្បីស្ទាបស្ទង់ស្ថានការណ៍ រាល់ពេលដែលទីក្រុងព្យុងយ៉ាង ធ្វើការ បាញ់សាកល្បងសព្វាវុធទាំងនេះ។
ពាក់ព័ន្ធនិងករណីកូរ៉េខាងជើងនេះដែរ មេដឹកនាំមហាអំណាច ចិន អាមេរិក បាន ជួបពិភាក្សាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធនឹង ការបន្ទន់ឥរិយាបថរបស់កូរ៉េខាងជើង។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង បាន ធ្វើកិច្ចពិភាក្សាទ្វេភាគីអំពីបញ្ហាពាណិជ្ជកម្ម និងស្ថានភាពនៅឧបទ្វីបកូរ៉េ។ តាមរយៈ ទូរស័ព្ទនេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន China Daily ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នេះបានបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអាមេរិក បានរក្សានូវស្ថិរភាព និង សម្រេចបាននូវដំណើរការនានាគួរឱ្យកត់សម្គាល់កាលពីឆ្នាំ២០១៧កន្លងទៅនេះ នេះជាការលើកឡើងរបស់លោក ស៊ី ជីនពីង។ ការរក្សាទំនាក់ទំនងទ្វេភាគី លើ ផ្នែកសុខាភិបាល និងការអភិវឌ្ឍរដ្ឋ ជាការបម្រើនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងពីរជាតិសាសន៍។
ខណៈដែលអាមេរិក និងចិនធ្វើកិច្ច សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដែលផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងសងខាង ភាគីទាំងពីរគួរតែទទួលយកនូវវិធានការប្រកបដោយផ្លែផ្កា ដើម្បីដោះស្រាយនូវវិបត្តិដែលជាក្តីបារម្ភរួម តាមរយៈការបើកចំហទីផ្សារ និងកិច្ចសហប្រតិបត្តិការស្អិតល្មួតកាន់តែខ្លាំងនេះជាសម្ដីរបស់ប្រធានាធិបតីនៃមហា អំណាចចិន លោក ស៊ី ជីនពីង៕ ម៉ែវ សាធី