នៅពេលនេះអាចនិយាយបានថា រុស្ស៊ី កំពុងប្រឈមមុខនឹងឧបសគ្គ ក្នុងទំនាក់ ទំនងការបរទេស ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ពាក់ព័ន្ធ និងការបំពុល ចារបុរស ជនជាតិ រុស្ស៊ី ដោយប្រើប្រាស់សារធាតុគីមី ផលិត ក្នុងរដ្ឋកាលអតីតសហភាពសូវៀត។
នៅពេលនេះ ប្រទេស ជាច្រើនជុំវិញ ពិភពលោក ពិសេសគឺប្រទេសលោក ខាងលិច ក្នុងនោះមានអាមេរិក និងអឺរ៉ុប បានបណ្តេញមន្ត្រីការទូត រុស្ស៊ីជាច្រើន នាក់ចេញពីប្រទេសរបស់ខ្លួន ។ ចំណែក ប្រទេសទួរគីវិញមិនបានចូលរួមនៅក្នុង សកម្មភាព របស់លោកខាងលិចឡើយ ដោយទួរគីមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។
ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋាភិបាល ទីក្រុងអង់ការ៉ា បានប្រកាសជាចំហថា ទួរគីនឹងមិនចាត់វិធានការណាមួយ ប្រឆាំង នឹងរុស្ស៊ីនោះឡើយ ខណៈដែលសហរដ្ឋ អាមេរិក ព្រមទាំងប្រទេសអឺរ៉ុបមួយចំនួន បានសម្រេចបណ្តេញមន្រ្តីទូតរុស្ស៊ី ចេញ ពីប្រទេសរបស់ខ្លួន ជុំវិញរឿងលួចធ្វើឃាតអតីតមន្ត្រីចារកម្មរុស្ស៊ី នៅក្នុងទឹកដីចក្រ ភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅ ព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្រ្តីទួរគី លោក ប៊ីកឺ បូសដេក (Bekir Bozdag) នៅឯសន្និ សីទសារព័ត៌មានមួយ ក្រោយពីមានកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីក្នុងរដ្ឋធានីអង់ការ៉ា។ លោក Bozdag បានសង្កត់ធ្ងន់ថា ទំនាក់ ទំនងទួរគី និងរុស្ស៊ី កំពុងស្ថិតក្នុងកម្រិត ល្អប្រសើរ ហើយទួរគីនឹងមិនចាត់វិធានការណាមួយ ប្រឆាំងនឹងរុស្ស៊ីឡើយ។
គួរជម្រាបថា ប្រទេសយ៉ាងតិចចំនួន ១៩រួមមាន សហរដ្ឋអាមេរិក កាណាដា និងសមាជិកចំនួន ១៥ ក្នុងចំណោម ២៧ របស់សហភាពអឺរ៉ុប ព្រមទាំងអ៊ុយក្រែន រួមជាមួយអាល់បានី (Albania) បាន ប្រកាសកាលពីយប់ថ្ងៃចន្ទកន្លងទៅថា នឹងបណ្តេញមន្រ្តីទូតរុស្ស៊ីចេញពីប្រទេស ជុំវិញករណីបំពុលអតីតភ្នាក់ងារចារកិច្ចម្នាក់របស់រុស្ស៊ី នៅក្នុងទឹកដីអង់គ្លេស ដោយរដ្ឋា ភិបាលទីក្រុងមូស្គូ បានរងការចោទប្រកាន់ ថា ជាអ្នកនៅពីក្រោយខ្នងរឿងនេះ។ ដោយឡែកសម្រាប់អង់គ្លេសវិញ ក៏បាន បណ្តេញទូតរុស្ស៊ីមួយចំនួន ប្រចាំនៅទីក្រុងឡុងឲ្យវិលត្រឡប់ទៅដល់ស្រុកវិញរួចមកហើយដែរ៕ ម៉ែវ សាធី