ព័ត៌មានទាន់ហេតុការណ៍៖

លោកគីម ជុងអ៊ុនធ្វើទស្សនកិច្ចស្ថានទូតចិន និងមន្ទីរពេទ្យក្រោយឧបទ្ទវហេតុរថយន្តក្រុងស្លាប់អ្នកទេសចរចិន៣២នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានផ្សាយកាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅស្ថានទូតចិននៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពី “ការអាណិតអាសូរយ៉ាងជ្រាលជ្រៅ” ចំពោះឧបទ្ទវហេតុរថយន្តក្រុងដែលបានសម្លាប់អ្នកទេសចរចិន ៣២នាក់ និងរបួសពីរនាក់ ។

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា “គាត់បាននិយាយថា ឧបទ្ទវហេតុដែលមិននឹកស្មានដល់ បាននាំមកនូវទុក្ខព្រួយដ៏ជូរចត់ដល់បេះដូងរបស់គាត់ ហើយថា គាត់មិនអាចគ្រប់គ្រងភាពសោកសៅរបស់គាត់តាមគំនិតរបស់គ្រួសារ ដែលបាត់បង់ដែលបាត់បង់សាច់ញាតិរបស់ពួកគេនោះឡើយ ” ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យនៅពេលរថយន្ដក្រុងមួយបានធ្លាក់ពីលើស្ពានមួយនៅខេត្ត Hwanghae ភាគខាងជើង ។ ជនជាតិកូរ៉េខាងជើងបួននាក់ ក៏ត្រូវបានសម្លាប់នៅក្នុងគ្រោះថ្នាក់នេះដែរ។

ប្រទេសចិនគឺជាអ្នកគាំទ្រផ្នែកសេដ្ឋកិច្ច និងការទូតដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង ទោះបីជាក្រុងប៉េកាំងបានសម្តែងការខឹងសម្បារដោយការធ្វើតេស្តមីស៊ីលនិងនុយក្លេអ៊ែរជាច្រើនរបស់ក្រុងព្យុងយ៉ាងក៏ដោយ។

លោក លី ជីនជុន (Li Jinjun) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកូរ៉េខាងជើងបានថ្លែងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងក្រុមគ្រួសារនៃជនរងគ្រោះបានដឹងអំពីដំណើរទស្សនកិច្ចរបស់លោក គីម នេះដែរ ខណៈដែលសន្យាថា នឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតជាមួយមន្រ្តីកូរ៉េខាងជើងទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះ។

ប្រភពបានរាយការណ៍ថា លោកគីម ក៏បានទៅកាន់មន្ទីរពេទ្យ ដែលអ្នករងរបួស ត្រូវបានព្យាបាលនោះផងដែរ ។ លោកគីម ជុងអ៊ុន បានថ្លែងថា លោក “ចង់ដឹងដោយផ្ទាល់អំពីការព្យាបាលរបស់អ្នករងរបួសទាំងនោះ” ៕ ថាច់ យ៉ាត


ចែករំលែក៖