តំណែងរដ្ឋមន្ត្រីការបរទេស របស់ លោក Mike Pompeo អាចប្រាកដនៅ ក្នុងដៃ ក្រោយពេលដែល ឆ្លងផុតដំណាក់កាលនៃការបោះឆ្នោតគាំទ្រនៅក្នុងព្រឹទ្ធ សភា។ នៅក្នុងការបោះឆ្នោតនោះ លោក Mike Pompeo ទទួលបានសំឡេងគាំទ្រ លើសលប់ ដើម្បីក្លាយទៅជារដ្ឋមន្ត្រីការ បរទេសអាមេរិក ជំនួសលោក Rex Tillerson ដែលលោកត្រាំដកតំណែងកាលពីខែមីនាកន្លងមក។
ជាមួយនឹងលទ្ធផលនៃការគាំទ្រខ្ពស់ សមាជិកព្រឹទ្ធសភា អាមេរិកប្រាកដជាអនុម័តជ្រើសរើសលោក Mike Pompeo ធ្វើជារដ្ឋមន្ត្រីការបរទេស នៅក្នុងកិច្ច ប្រជុំចុងក្រោយ នាពេលដ៏ខ្លីខាងមុខ ។ ការជ្រើសរើសតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មីនោះ ក្នុងពេលដែលអាមេរិក មានការ សម្រេចចិត្តទំនាក់ទំនងជាមួយកូរ៉េខាងជើង និងអីុរ៉ង់។
នៅមុនពេលបោះឆ្នោតសមាជិកមកពីគណបក្សប្រជាធិបតេយ្យ របស់គណៈ កម្មការកិច្ចការបរទេស ព្រឹទ្ធសភាអាមេរិក រួមជាមួយតំណាងរាស្ត្រ មកពីគណបក្ស សាធារណរដ្ឋ លោក Rand Paul បាន ប្រឆាំងនឹងការតែងតាំងលោកMike Pompeo ធ្វើជារដ្ឋមន្ត្រីការបរទេស។
លោក Mike Pompeo នឹងដើរតួនាទី សំខាន់សម្រាប់ជំនួបកំពូលរវាង អាមេរិក នឹងកូរ៉េខាងជើង ។ លើសពីនេះទៅទៀត លោកក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ ការបោះឆ្នោតពាក់កណ្តាលអាណាត្តិរបស់ប្រធានាធិបតីត្រាំ ផងដែរ។ លោក Mike Pompeo ត្រូវបានគេដឹងថា បានទៅកាន់ កូរ៉េខាងជើង ដើម្បីរៀបចំជំនួប ពិភាក្សា រវាងលោកត្រាំនិងគីម ជុងអ៊ុន ដើម្បីឲ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយជោគជ័យ៕ ម៉ែវ សាធី