មេដឹកនាំសាសនាGuruឥណ្ឌាម្នាក់ ដែលមានសាសនិករាប់លាននាក់ត្រូវតុលាការផ្តន្ទាទោសជាប់គុកមួយជីវិត កាលពីថ្ងៃពុធ ទី២៥ ខែមេសា ពីបទចាប់រំលោភបំពានផ្លូវវភេទក្មេងស្រីជំទង់ម្នាក់ ។
លោក Asaram Bapu ដែលជាមេដឹកនាំសាសនាម្នាក់មានការគោរពកោតសរសើរបំផុតរបស់ប្រទេសឥណ្ឌា ត្រូវបានកាត់ទោសជាអតិបរមានៅក្នុងសវនាបិទទ្វារជិតមួយ ស្ថិតនៅក្នុងរដ្ឋ Rajasthan ។ ប៉ូលីសរាប់រយនាក់បានដាក់ពង្រាយ និងប្រុងប្រយ័ត្នខ្ពស់បំផុតការពារខ្លាចក្រែងមានប្រតិកម្មប្រឆាំងណាមួយពីសំណាក់ក្រុមសិស្សគណរបស់គាត់។
លោក Rajendra Singh ដែលជាមេធាវីការពារក្តី បាននិយាយប្រាប់ AFP នៅខាងក្រៅតុលាការ ក្នុងទីក្រុង Jodhpur ភាគខាងលិចថា Asaram ត្រូវបានកាត់ទោសប្រហារជីវិតរហូតដល់ស្លាប់ ។
មេដឹកនាំសាសនា Guru ស្លៀកសពាក់ស អាយុ៧៧ ឆ្នាំតែងតែបដិសេធថា មិនបានចាប់រំលោភក្មេងអាយុ ១៦ឆ្នាំរូបនេះកាលពីឆ្នាំ២០១៣ ក្នុងអំឡុងពេលនៅក្នុងអាស្រមរបស់គាត់ ស្ថិតនៅក្នុងទីក្រុង Jodhpur ។ មេធាវីរបស់គាត់បាននិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ ។
Asaram គឺជាអ្នកចុងក្រោយគេបំផុតដែលជាប់គុកពីបទឧក្រិដ្ឋកម្មផ្លូវភេទ ហើយការកាត់ទោសរបស់គាត់បានកើតឡើង ខណៈដែលឥណ្ឌាបានបញ្ចេញកំហឹងជុំវិញការចាប់រំលោភក្មេងស្រីជាបន្តបន្ទាប់ ច្រើនសប្តាហ៍ថ្មីៗនេះ ។
ជនសង្ស័យពីរនាក់ក្នុងចំនោមជនជាប់ចោទបួននាក់ផ្សេងទៀត រួមទាំងស្ត្រីម្នាក់ត្រូវរកឃើញផងដែរថា មានពិរុទ្ធ និងបានផ្តន្ទាទោសរហូតដល់២០ឆ្នាំ។ ជនជាប់ចោទពីរនាក់ផ្សេងទៀតដែលចោទប្រកាន់ក្នុងករណីនេះត្រូវបានគេដោះលែង។
សវនាការនេះបានបិទទ្វារមិនឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងឮឡើយ ហើយពន្ធនាគារវិញ ព័ទ្ធជុំវិញដោយកងកម្លាំងសន្តិសុខយ៉ាងតឹងរឹងបំផុត ដោយដាក់ពង្រាយប៉ូលីសរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌា ចំពេលដែលមានការភ័យខ្លាចថា ក្រុមអ្នកគាំទ្ររបស់សាសនាម្នាក់នេះ អាចផ្ទុះកុបកម្មជាយថាហេតុ ។
មេដឹកនាំសាសនាដ៏មានឥទ្ធិពលរូបនេះត្រូវចាប់ឃុំឃាំងតាំងពីឆ្នាំ២០១៣ ។ គាត់ បានហៅការកាត់ទោសថា ជាការសមគំនិតនយោបាយ ហើយបានបដិសេធមិនសហការជាមួយប៉ូលិសដើម្បីស៊ើបអង្កេត ។
ការស្ទាក់ស្ទើរនាំខ្លួនមេដឹកនាំសាសនាម្នាក់នេះទៅកាត់ទោសបានបង្កឱ្យមានកំហឹងជាសាធារណៈ។
មេសាសនារូបនេះនៅតែផ្តល់ការទូន្មានដល់សាសនិកឲ្យគោរពបូជាសាសនារបស់ខ្លួន បើទោះបីកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់គាត់បានធ្លាក់ចុះ បន្ទាប់ពីមានចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងភាពចម្រូងចម្រាសផ្សេងទៀតយ៉ាងណាក៏ដោយ។
អ្នកដើរតាមសាសនារបស់លោក Asaram ត្រូវគេចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងអ្នកដែលបាននិយាយប្រឆាំងនឹងមេដឹកនាំសាសនារូបនេះ។
ជំនួយការជិតស្និទ្ធពីរនាក់ដែលបានក្លាយសាក្សីសំខាន់ៗ ប្រឆាំងនឹងរូបលោក Asaram ត្រូវគេធ្វើឃាតកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ។
លោក Asaram ក៏ត្រូវគេចោទពីបទចាប់រំលោភអ្នកកាន់សាសនាម្នាក់ទៀត និងសង្ស័យថា ជាប់ពាក់ព័ន្ធអំពើឃាតកម្មមនុស្សពីរនាក់ផ្សេងទៀត។ កូនប្រុសរបស់មេដឹកនាំសាសនារូបនេះត្រូវបានកាត់ទោសពីបទរំលោភផងដែរ ៕ ថាច់ យ៉ាត