អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានស្នើសុំឱ្យអង្គការសហប្រជាជាតិ ផ្ទៀងផ្ទាត់ផែនការបិទកន្លែងសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Moon បានធ្វើសំណើតាមទូរស័ព្ទទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទ តែពីរបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រាប់មេដឹកនាំកូរ៉េខាងត្បូងថា កូរ៉េខាងជើងគ្រោងបិទកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរក្នុងខែឧសភានេះ ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា “លោកប្រធានាធិបតីបានស្វែងរកការគាំទ្ររបស់អង្គការសហប្រជាជាតិដើម្បីផ្ទៀងផ្ទាត់ការបិទបញ្ចប់នៃការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដូចដែលបានប្រកាសដោយមេដឹកនាំកូរ៉េខាងជើង លោកគឹម ជុងអ៊ុន ។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) គឺជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង ។
លោកបានបន្ថែមថា លោក Moon បានស្នើសុំការគាំទ្ររបស់អង្គការសហប្រជាជាតិ ដើម្បី “ផ្លាស់ប្តូរតំបន់គ្មានយោធាទៅក្នុងតំបន់សន្តិភាព” រវាងកូរ៉េទាំងពីរ ។
លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាលើទម្រង់នៃការគាំទ្រដែលអាចធ្វើទៅបាន ប៉ុន្តែមិនមានសេចក្តីលម្អិតទេ ។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលមានមូលដ្ឋាននៅទីក្រុង Vienna ជាអង្គការឃ្លាំមើលនុយក្លេអ៊ែរសកលរបស់អង្គការសហប្រជាជាតិ មានអ្នកជំនាញនៅក្នុងការអនុវត្តបេសកកម្មផ្ទៀងផ្ទាត់នេះ ។
លោក គីម បានប្រាប់លោក Moon នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកគ្រោងនឹងរុះរើតំបន់សាកល្បងនុយក្លេអ៊ែរ Punggye-ri ខណៈមេដឹកនាំរូបនេះបានសន្យាស្វែងរកសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍ និងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ក្រុមប្រឹក្សាសន្តិសុខបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែងលើកូរ៉េខាងជើង បន្ទាប់ពីព្យុងយ៉ាងកាលពីឆ្នាំមុនបានសាកល្បងនុយក្លេអ៊ែរទី៦ និងការបាញ់បង្ហោះមីស៊ីលជាបន្តបន្ទាប់ ។
លោក Guterres កាលពីថ្ងៃសុក្របានអបអរសាទរដល់ “កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រដ៏ពិតប្រាកដ” រវាងមេដឹកនាំកូរ៉េទាំងពីរ និងបានជំរុញឱ្យពួកគេឆាប់ប្រែក្លាយការប្តេជ្ញាចិត្តរបស់ពួកគេទៅជាសកម្មភាពពិតប្រាកដ ៕ ថាច់ យ៉ាត