គ្រាប់បែកបានបង្កែនៅព្រះវិហាមួយស្ថិតនៅភាគខាងកើត អាហ្វហ្គានីស្ថាន ហើយបានបំផ្ទុះ នៅពេលមានមនុស្សច្រើន ទៅចុះឈ្មោះបោះឆ្នោតបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើននាក់។
លោក Waheed Majrooh អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្គានីស្ថានបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៤នាក់ស្លាប់ និងជាង៣០នាក់រងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី៦ ខែឧសភា។
មកទល់ពេលនេះ មិនទាន់មានអង្គការភេរវកម្មណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយ ប៉ុន្តែក្រុមសន្តិសុខអាហ្វហ្គានីស្ថាន សន្និដ្ឋានថា ការវាយប្រហារខាងលើគឺជាស្នាដៃរបស់ក្រុមតាលីបង់។
កាលពីដើមខែឧសភា មានការវាយប្រហារគ្រាប់បែកជាច្រើនលើកនៅទីតាំង ចុះឈ្មោះបោះឆ្នោតក្នុងទីក្រុងកាប៊ុល និងតាមបណ្តាខេត្តសំខាន់ៗរបស់ប្រទេសនេះបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ ៦៣នាក់ និងរបួសជាង១០០នាក់។ ក្រុមភេរវកម្ម IS បានប្រកាសនៅពីក្រោយការវាយប្រហារទាំងនោះ។
ពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណជាង១លាននាក់បានចុះឈ្មោះ តាំងពីចុងខែមេសា។ តួលេខខាងលើមានទាបជាងការរំពឹងទុករបស់រដ្ឋាភិបាល ដែលបានលើកឡើងថា អាចនឹងមានពលរដ្ឋចុះឈ្មោះដល់១៥លាននាក់ មុនខែកក្កដា ឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថាននោះផងដែរ កងកម្លាំងអាហ្វហ្កានីស្ថាន ដោយមានការគំាទ្រពីសំណាក់ការវាយប្រហារតាមផ្លូវអាកាស បានវាយយកស្រុកមួយនៃភាគ ខាងជើង ខេត្ត Badakhshan ត្រឡប់មកវិញ បន្ទាប់ពីក្រុមឧទា្ទមតាលីបង់គ្រប់គ្រងកាលពីសប្ដាហ៍មុន ខណៈការវាយប្រយុទ្ធគ្នា នៅតែបន្តកើតមាននៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន។
បើតាមអ្នកនំាពាក្យកងកម្លាំងអាហ្វហ្គានីស្ថាន លោក SanaullahRohani ស្រុក Kohistan ដែលត្រូវបានក្រុមតាលីបង់ គ្រប់គ្រង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ត្រូវបានកងកម្លាំងអាហ្វហ្កានីស្ថាន វាយដណ្ដើមយកមកវិញហើយក្រោមការគាំទ្រពីការវាយប្រហារ តាមផ្លូវអាកាសកាលពីថ្ងៃសៅរ៍។ មិនតែប៉ុណ្ណោះ ក្រុមអ្នកប្រយុទ្ធតាលីបង់មួយចំនួន ក៏បានដកថយចេញពីស្រុក Teshkan ផងដែរ។
«ក្រុមតាលីបង់បានទទួលរងការបាត់បង់យ៉ាងសម្បើម ប៉ុន្តែមិនទាន់មានព័ត៌មានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់នៅឡើយទេ ដោយសារតែតំបន់នេះនៅដាច់ស្រយាល និងមានប្រព័ន្ធទូរគមនាគម៍ពិបាកធ្វើដំណើរ»៕ ម៉ែវ សាធី