បើយោងទៅតាមគេហទំព័រកីឡា Goal អតីតកីឡាកររបស់ក្លិបកាំភ្លើងធំArsenal កីឡាករMikel Arteta បានយល់ព្រមទៅជំនួសលោក Arsene Wenger ធ្វើជាគ្រូបង្វឹកថ្មីនៅ Arsenal ដែលគេជឿថា ការប្រកាសជាផ្លូវការនឹងកើតឡើងនាប៉ុន្មានថ្ងៃខាងមុខ។
ព័ត៌មានផ្លូវការ និងការចុះកុងត្រាមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រភពខាងលើបាន អះអាងថា អតីតខ្សែបំរើអេស្ប៉ាញ Mikel Artetaគឺជាបេក្ខជនមានភាគរយខ្ពស់ជាងគេបំផុត ក្នុងចំណោមបេក្ខជនដទៃទៀត។
បច្ចុប្បន្ន Mikel Artetaគឺជាជំនួយការរបស់លោក Pep Guardiolaនៅក្នុងក្រុមManchester Cityដែលគាត់បានដើរតួរនាទីសំខាន់បំផុតក្នុងការជួយក្រុមManchester Cityឈ្នះជើងឯកអង់គ្លេស Premier League ក្នុងរដូវកាលឆ្នាំ២០១៨នេះ។
លោក Ivan Gazidisនាយកប្រតិបត្តិក្រុមកាំភ្លើងធំជឿយ៉ាងមុតមាំថា Arteta វ័យ៣៦ឆ្នាំនឹងក្លាយជាគ្រូបង្វឹកវ័យក្មេងដែលនឹងអាចបង្កើតរចនាសម្ព័ន្ធបាល់ទាត់អឺរ៉ុបសម័យទំនើប។ ការលេចឡើងដែលថា Arteta គឺជាជម្រើសចម្បងរបស់ Arsenal ក្នុងការជំនួសតំណែងលោក Wenger បានកើតឡើងក្រោយពីលោក Massimiliano Allegri បានសម្រេចចិត្តថានឹងបន្តនៅដឹកនាំ Juventus ដោយមិនជ្រើសយកកាំភ្លើងធំឡើយ ។
គួររំលឹកថា Arteta បានចាកចេញពី Arsenal នៅពេលលោកចូលនិវត្តន៍កាលពីឆ្នាំ ២០១៦ ដោយបានបង្ហាញខ្លួនចំនួន១៥០ប្រកួត ទាត់បញ្ចូលទីបាន១៦គ្រាប់ អំឡុងពេលលេងបាន៤រដូវកាលនៅឯកីឡដ្ឋាន Emirates ៕ ដេវីត