ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំមានប្រសាសន៍ថា កិច្ចប្រជុំជាមួយកូរ៉េខាងជើង អាចពន្យារពេល

ចែករំលែក៖

លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងកាលពីថ្ងៃអង្គារ ថា កិច្ចប្រជុំរបស់លោក ជាមួយនឹងមេដឹកនាំកំពូលនៃកូរ៉េខាងជើង លោកគីម ជុងអ៊ុន អាចត្រូវបានពន្យារពេល ។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានបែបនេះ ក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលសំដៅលើកាលបរិច្ឆេទកិច្ចប្រជុំរបស់លោកជាមួយលោក គីម ជុងអ៊ុន ។

លោកដូណាល់ ត្រាំបានថ្លែងថា: ប្រសិនបើវាមិនកើតឡើង ប្រហែលវានឹងកើតឡើងនៅពេលក្រោយ ប្រហែលកើតឡើងនៅពេលផ្សេងគ្នា ។

លោកបានបន្ថែមថា “មានលក្ខខណ្ឌមួយចំនួនដែលយើងចង់បាន ហើយខ្ញុំគិតថា យើងនឹងទទួលបានលក្ខខណ្ឌទាំងនោះ ប្រសិនបើយើងមិនធ្វើដូច្នេះ យើងនឹងមិនមានកិច្ចប្រជុំនោះទេ” ។

ទោះជាយ៉ាងណាក៏ដោយលោកដូណាល់ ត្រាំបានថ្លែងថា លោកគីម ជុងអ៊ុន “ពិតជាប្រឹងប្រែងខ្លាំងណាស់” អំពីការរំសាយអាវុធនុយក្លេអ៊ែរនេះ ។

លោកដូណាល់ ត្រាំបានថ្លែងថា: «ខ្ញុំគិតថា គាត់(គីម ជុងអ៊ុន)ពិតជាប្រឹងប្រែង ហើយខ្ញុំគិតថា គាត់ចង់ឃើញរឿងនោះកើតឡើង ។ គ្រានេះ គាត់ចូលដល់ពេលអនាគតហើយដែលខុសពីអ្វីដែលយើងកំពុងមាន»។

គួររំលឹកថា កូរ៉េខាងជើងបានព្រមានកាលពីសប្តាហ៍មុនថា ខ្លួនគួរតែពិចារណាឡើងវិញថា តើត្រូវចូលរួមក្នុងកិច្ចប្រជុំនៅសិង្ហបុរីដែរឬយ៉ាងណា ប្រសិនបើសហរដ្ឋអាមេរិកចង់ឱ្យកូរ៉េខាងជើងបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែរចោលតែមួយមុខប៉ុណ្ណោះ? ។

ទីក្រុងព្យុងយ៉ាងបានផ្អាកចរចាអន្តរកូរ៉េ កាលពីថ្ងៃពុធ ប្រឆាំងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់អាមេរិក និងកូរ៉េខាងត្បូង និងបានជំរុញឱ្យកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធយោធារួមជាមួយសហរដ្ឋអាមេរិក ។

ទាំងសេតវិមាន និងក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនៅតែបន្តរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុនដដែល ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានធ្វើឱ្យកូរ៉េខាងជើងមានការប្រុងប្រយ័ត្ននាពេលថ្មីៗនេះ ជាមួយនឹងសុន្ទរកថា បង្ខិតបង្ខំ ដែលលើកឡើងថា ការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនេះ គួរតែអនុវត្តតាមគំរូអតីតមេដឹកនាំប្រទេសលីប៊ី លោក Muammar Gaddafi ដែលបានបោះបង់អាវុធអាតូមិក ហើយក្រោយមក ត្រូវបានសម្លាប់ នៅក្នុងការបះបោររបស់ក្រុមឧទ្ទាមដែលគាំទ្រដោយអាមេរិក ។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានសន្យាថា លោក គីម ជុងអ៊ុន នឹងមានសុវត្ថិភាព និងស្នាក់នៅក្នុងប្រទេសរបស់លោកដដែល ហើយកូរ៉េខាងជើងនឹងមានភាពរុងរឿង បន្ទាប់ពីការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោកបានថ្លែងថា “យើងនឹងធានាសុវត្ថិភាពរបស់គាត់ ហើយយើងបាននិយាយតាំងពីដំបូងម្ល៉េះ គាត់នឹងមានសុភមង្គល, សប្បាយចិត្ត, ប្រទេសរបស់គាត់នឹងក្លាយជាប្រទេសអ្នកមាន និងមានភាពរុងរឿង” ៕ ថាច់ យ៉ាត


ចែករំលែក៖