ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រកាសលុបជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ បានសម្រេចលុបចោលជំនួបកំពុលជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។

កាលពីយប់ថ្ងៃទី២៤ ខែឧសភា សេតវិមានបានប្រកាសលិខិត របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ស្តីពីការលុបចោលជំនួបជាប្រវត្តិសាស្ត្រ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី ។

នៅក្នុងលិខិតរបស់លោក ត្រាំ សរសេរថា« ខ្ញុំសង្ឃឹមថា នឹងជួបលោក,ជារឿងគួរឲ្យសោកស្តាយ ពីការបង្ហាញការខឹងសម្បារ និងប្រកាសពីគំនុំគំគួននាពេលកន្លងមករបស់លោក ។ ខ្ញុំគិតថា នេះមិនមែន ជាពេលវេលា សមស្របដែលយើងត្រូវជួបពិភាក្សាគ្នាតាមការគ្រោងទុកនោះឡើយ » ។

ប្រធានាធិបតីអាមេរិកចាត់ទុកថា នេះជាឱកាសដែលបានរំលងហួស ហើយលោកសង្ឃឹមថា នឹងមានជំនួប នៅថ្ងៃណាមួយ ពេលដែលមេដឹកនាំកូរ៉េខាងជើង ផ្លាស់ប្តូរទស្សនៈ។ លោកត្រាំ បញ្ជាក់ទៀតថា នៅពេលណាដែល បានត្រៀមខ្លួនសម្រាប់ឲ្យមានជំនួបពិភាក្សានោះ សូមសរសេរលិខិត ឬក៏ទូរស័ព្ទទៅឲ្យខ្ញុំ ។

ក្រោយការប្រកាសលុបចោលជំនួបជាមួយកូរ៉េខាងជើង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានព្រមានផងដែរថា « លោក គីម ធ្លាប់លើកឡើងពីកម្លាំងបរមាណូរបស់ខ្លួន ប៉ុន្តែអាវុធបរមាណូរបស់យើងខ្ញុំធំជាង ខ្លាំងជាង រហូតដល់ខ្ញុំ បន់ព្រះកុំឲ្យប្រើប្រាស់ដល់វា នឹងមិនមានអ្វីសេសសល់ឡើយ » ។

នៅក្នុងសន្និសីទកាសែត ក្រោយការប្រកាសលុបជំនួបកំពូល ប្រធានាធិបតីត្រាំ បានបញ្ជាក់ថា លោក និងរដ្ឋមន្ត្រីការពារជាតិ James Mattis និងកម្លាំងទាហានអាមេរិកបានត្រៀមល្ខណៈទប់ទល់ជាមួយ សកម្មភាពឌឺដងពីកូរ៉េខាងជើង ។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា «កម្លាំងទាហានរបស់យើងខ្លាំងបំផុតលើពិភពលោក ហើយបានត្រៀមលក្ខណៈ សម្រាប់ទប់ទល់រាល់សកម្មភាពគំរាមកំហែង ពីកូរ៉េខាងជើង។ លោកត្រាំបន្តទៀតថា អាមេរិក នឹងដាក់គំនៀប ខ្លាំងជាងនេះដើម្បីបង្ខំឲ្យទីក្រុងព្យុងយ៉ាង បោះបង់កម្មវិធីបរមាណូទាំងស្រុង ហើយអាមេរិកសង្ឃឹមថា មេដឹកនាំកូរ៉េខាងជើង នឹងធ្វើនូវរឿងត្រឹមត្រូវដល់ពលរដ្ឋរបស់ខ្លួន» ។

នៅក្នុងកិច្ចប្រជុំនាពេលកន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានវាយតម្លៃថា ជំនួបកំពូលរវាងលោកត្រាំ នឹងគីម ជុងអ៊ុន មិនទទួលបានជោគជ័យ ។ ប៉ុន្មានថ្ងៃកន្លងមកនេះ យើងមិនទទួលបាននូវការឆ្លើយតបពីកូរ៉េខាងជើងទៅលើសកម្មភាពត្រៀមជំនួបកំពូលនោះឡើយ។

តាមសារព័ត៌មានCNN បានផ្សាយថា ក្រោយពេល លោក ត្រាំ ទទួលនូវការអញ្ជើញរបស់លោកគីម ជុងអ៊ុន កាលពីខែមីនា កន្លងមក ភាគច្រើន មន្ត្រីជាន់ខ្ពស់អាមេរិកបានវាយតម្លៃថា លទ្ធភាពនៃជំនួបកើតឡើងក្រោម៥០ភាគរយ ហើយអាមេរិកមានការមន្ទិលសង្ស័យទៅលើការសន្យារបស់កូរ៉េខាងជើង ពីការបោះបង់កម្មវិធីបរមាណូ ។

នៅមុនពេលអាមេរិកប្រកាសលុបជំនួបកំពូល កាលពីថ្ងៃទី២៤ ខែឧសភា កូរ៉េខាងជើង បានបង្ហាញពី ការប្រឈមមុខនៅក្នុងសង្គ្រាមបរមាណូ ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ធ្លាប់បានប្រកាសថា «អាមេរិកចង់លេងបែបណា កូរ៉េខាងជើង ស្វាគមន៍ជានិច្ច ចង់ពិភាក្សាក៏បាន ចង់ផ្ទុះសង្គ្រាមបរមាណូមួយទល់មួយក៏បាន» កូរ៉េខាងជើង មិនដែលខ្លាចឡើយ។

ក្រុមឯកទេសវិភាគបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការប្រឈមមុខដាក់គ្នារវាងអាមេរិក នឹងកូរ៉េខាងជើងជាថ្មី ក្រោយមួយរយៈពេលស្ងប់ស្ងាត់ ។ ហេតុការណ៍កើតឡើង នៅពេលនេះ គឺកើតចេញពីភាគីអាមេរិកប៉ុណ្ណោះ មិនមែនកូរ៉េខាជើងនោះឡើយ ដោយសារតែអាមេរិក បានបោះសម្តី និង បន្តសកម្មភាពឌឺដងកូរ៉េខាងជើង ដូចជាការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូងជាដើម៕ ម៉ែវ សាធី


ចែករំលែក៖