កាលពីថ្ងៃទី៧ ខែមិថុនា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានពិភាក្សាជាមួយឧបការីអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅតំបន់ មជ្ឈិមបូព៌ាលោក Nikolai Mladenov ដោយបានបញ្ជាក់ថា បញ្ហាបច្ចុប្បន្ន បង្កក្តី បារម្ភយ៉ាងខ្លាំង ដល់សន្តិភាពតំបន់មជ្ឈិម បូព៌ា ពិសេសគឺបញ្ហាអុីស្រាអែល និង ប៉ាឡេស្ទីន។
នៅក្នុងជំនួបនៅទីក្រុងកៃរ៉ូ ប្រទេស អេហ្ស៊ីប លោក Ahmed Aboul Gheit បានបញ្ជាក់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវតែដាក់គំនាបទៅលើប្រទេសអុីស្រាអែល ដើម្បីរារាំងបទល្មើសទៅលើពលរដ្ឋប៉ាឡេស្ទីន និងបញ្ជូនអ្នកប្រព្រឹត្តបទល្មើសយកទៅដាក់ទោស។
ដោយឡែកឧបការីអង្គការសហប្រជា ជាតិ លោក Mladenov បានបញ្ជាក់ថា ការស្លាប់ និងរបួសជនជាតិប៉ាឡេស្ទីនរាប់ រយនាក់ ដោយសារតែការបាញ់ប្រហារពីទាហានអុីស្រាអែល បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ដំណោះស្រាយស្វែងរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។
មានពលរដ្ឋប៉ាឡេស្ទីន១២០នាក់នៅហ្គាហ្សាបានស្លាប់ ដោយត្រូវគ្រាប់បាញ់ ប្រហារពីទាហានអុីស្រាអែល។ សកម្ម ភាពហិង្សាកើតឡើងតាំងពីថ្ងៃទី៣០ ខែ មិថុនា ដែលជាថ្ងៃដំបូងនៃជនជាតិប៉ាឡេស្ទីនប្រឆាំងនឹងសកម្មភាពរបស់អុីស្រាអែល។ នៅថ្ងៃទី១៤ ខែឧសភា ជាថ្ងៃដែលអាមេរិកប្តូរទីតាំងស្ថានទូតពីទីក្រុង Tel Aviv ទៅកាន់ហ្សេរុយសាឡឹម មានពល រដ្ឋប៉ាឡេស្ទីនរហូតដល់ទៅ៦០នាក់ស្លាប់ ក្នុងការប៉ះទង្គិចជាមួយទាហានអុីស្រាអែល។ ប្រទេសជាច្រើនជុំវិញពិភពលោកបានថ្កោលទោស ដល់សកម្មភាពប្រើហិង្សា ទៅលើពលរដ្ឋប៉ាឡេស្ទីនពីសំណាក់ ទាហានអុីស្រាអែល។
រដ្ឋាភិបាលប៉ាឡេស្ទីនបានស្នើដល់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បើក ការស្រាវជ្រាវទ្រង់ទ្រាយធំ ទៅលើការ បំពានច្បាប់សិទ្ធិមនុស្ស នៅលើទឹកដីប៉ាឡេស្ទីនដែលអុីស្រាអែលគ្រប់គ្រង។ ក្នុងពេលជាមួយគ្នានោះ អុីស្រាអែលបាន បញ្ជាក់ថា ជាការការពារខ្លួន និងទប់ស្កាត់ការឈ្លានពានរបស់ពលរដ្ឋប៉ាឡេស្ទីន។ អុីស្រាអែល ក៏បានចោទប្រកាន់ក្រុមហា ម៉ាស់ ដែលកំពុងតែគ្រប់គ្រងហ្គាហ្សាជំរុញឲ្យមានអំពើហិង្សា ប៉ុន្តែក្រុមហាម៉ាស់បានច្រានចោលការចោទប្រកាន់ខាងលើ៕ ម៉ែវ សាធី