បច្ចុប្បន្ន នៅក្នុងប្រទេសលីប៊ី មាន រដ្ឋាភិបាលពីរ គឺរដ្ឋាភិបាលស្របច្បាប់ គាំទ្រដោយ អង្គការសហប្រជាជាតិ និង រដ្ឋាភិបាលមួយទៀត គឺរដ្ឋាភិបាលប្រយោល បង្កើតឡើងដោយក្រុមប្រឆាំង ។ ដោយ សារតែមានរដ្ឋាភិបាលពីរ ទើបលីប៊ីប្រឈមនឹងវិវាទជាបន្តបន្ទាប់ចាប់តាំងពី មេដឹក នាំហ្គាដាហ្វុីដួលរលំ។
ឯកអគ្គរដ្ឋទូតទួរគីប្រចាំប្រទេសលីប៊ី លោក អាហ៍មែត អាយឌីន ដូហ្គាន់ (Ahmet Aydin Dogan) បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលអង់ការ៉ា ចំពោះរដ្ឋាភិបាលលីប៊ី ដែលគាំ ទ្រដោយអង្គការសហប្រជាជាតិ (UN)។
លោក Dogan បានធ្វើការលើកឡើង ខាងលើ នៅអំឡុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីលីប៊ី លោក ហ្វាយែស ស៊ែរ រ៉ាច (Fayez Serraj) ដោយឯកអគ្គរដ្ឋទូត ទួរគី បានធ្វើការសង្កត់ធ្ងន់ពីការគាំទ្ររបស់ទួរគី ចំពោះរដ្ឋាភិបាលលីប៊ី និងកោតសរសើរអំពីកិច្ចប្រឹងប្រែងរបស់ លោក Serraj ក្រោមគោលដៅសម្រេចឲ្យបាននូវស្ថិរភាព សម្រាប់ប្រទេសអាហ្រ្វិកខាងជើង មួយនេះ។
គួរជម្រាបថា គណបក្សនយោបាយដែលជាគូបដិបក្ខនឹងគ្នា របស់ប្រទេសលីប៊ី បានជួបគ្នាកាលពីថ្ងៃទី២៩ ខែឧសភា និងបានព្រមព្រៀងគ្នា រៀបចំការបោះឆ្នោត សភា និងជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ហើយវាជាសញ្ញា ថ្មីបំផុតមួយ ដើម្បីឆ្ពោះទៅរកសន្តិភាព និងការឯកភាពជាតិលីប៊ីឡើងវិញ ក្រោយ របបអតីតមេដឹកនាំ មួអាម៉ា ហ្គាដាហ្វុី ដួល រលំកាលពីឆ្នាំ២០១១៕ ម៉ែវ សាធី