ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងស្នើកូរ៉េខាងជើងដកកាំភ្លើងធំចេញពីតំបន់ព្រំដែន

ចែករំលែក៖

កូរ៉េខាងត្បូងបានស្នើដល់កូរ៉េខាងជើងឲ្យបញ្ជូនកម្លាំងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ ចេញពីព្រំដែន ដែលជាសកម្មភាពសម្រាប់កាត់បន្ថយការប្រឈមមុខតានតឹងក្នុង ពេលដែលមន្ត្រីយោធា ប្រទេសទាំងពីរ បានពិភាក្សាគ្នា។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុង ជំនួបពិភាក្សាជាន់ខ្ពស់ជាលើកដំបូង ក្នុង រយៈពេលមួយទសវត្សន៍កន្លងមកប្រទេសទាំង២បានមូលមតិគ្នាថា ការបញ្ជូនកម្លាំងទាហានចេញពីតំបន់ព្រំដែន គឺជារឿង សំខាន់បំផុត ដើម្បីផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក។

ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា«យើងបានបង្ហាញពីគោល ជំហរ របស់យើង ទៅកាន់ភាគីកូរ៉េខាងជើង ក្រោយពេលដែលជំនួបចរចារវាងលោកត្រាំនឹងលោកគីម ជុងអ៊ុន ទទួលបាន ជោគជ័យ ។ យើងចាំបាច់ត្រូវតែអនុវត្តវិធីសាស្ត្រចាំបាច់ ក្នុងការកាត់បន្ថយភាព តានតឹង នៅតាមព្រំដែន»។

តាមតួលេខរបស់ក្រសួងការពារជាត កូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងមានកាំភ្លើងធំរហូតដល់ទៅ១៤.១០០ ដើមនៅតាមព្រំដែន។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត លោក ត្រាំ បាននិយាយថា «លោកចង់ឲ្យប្រជា ជនអាមេរិកស្តាប់លោក គោរពស្រឡាញ់ លោក ដូចប្រជាជនកូរ៉េខាងជើងស្តាប់ លោក គីម ជុងអ៊ុន…» សម្តីនេះទោះបីជាការនិយាយលេងសើចក៏ដោយក្តី ប៉ុន្តែវា បានបង្កឲ្យមានការមិនពេញចិត្តជាខ្លាំង នៅលើបណ្តាញសង្គម និងបណ្តាញសារ ព័ត៌មានក្នុងស្រុក។

លោក ដូណាល់ ត្រាំ ត្រូវបានចោទសួរ សំណួរ នៅអំឡុងការផ្តល់បទសម្ភាសន៍ មួយ ជាមួយសារព័ត៌មាន Fox News នៅ ក្រៅសេតវិមានថា តើលោកនឹងអញ្ជើញ លោក គីម ជុងអ៊ុន មកសេតវិមានមែនដែរ ឬអត់? លោក ត្រាំ បានឆ្លើយតបវិញថា «គាត់ (លោក គីម) គឺជាប្រមុខរដ្ឋមួយរូប របស់ប្រទេសមួយ» ដែលជាតម្រុយថា ការអញ្ជើញលោក គីម ជុងអ៊ុន មកធ្វើ ទស្សនកិច្ចនៅសេតវិមាន គឺអាចទៅរួច។ ក្នុងឱកាសនោះ លោក ត្រាំ បានបន្តថា «នៅពេលគាត់ (លោក គីម) និយាយអ្វី ប្រជាជនរបស់គាត់សម្តែងការគោរព និងផ្តោតការយកចិត្តទុកដាក់ជាខ្លាំងដើម្បី ស្តាប់។ ខ្ញុំក៏ចង់ឲ្យប្រជាជនរបស់ខ្ញុំធ្វើយ៉ាងដូច្នោះដែរ»។

គួរជម្រាបថា នៅពេលត្រូវក្រុមអ្នកសារ ព័ត៌មាន ស្នើឲ្យបកស្រាយឲ្យច្បាស់ពីអត្ថ ន័យ នៃការអធិប្បាយខាងលើរបស់ខ្លួន លោក ត្រាំ បានលើកឡើងថា វាគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ ហើយបន្ទាប់មកទៀតអ្នកនាំពាក្យសេតវិមាន ក៏បានចេញមុខការពារលោកប្រធានាធិបតីផងដែរ។ យ៉ាងណាមិញ មហាជនអាមេរិក បានលើកឡើងថា ការពោលពាក្យបែបនេះ ហាក់ដូចជាបានបង្ហាញថា លោក ត្រាំ ឲ្យតម្លៃទៅលើទង្វើផ្តាច់ការអ៊ីចឹង ខណៈ ដែលអ្នកវិភាគមួយចំនួនបានបញ្ជាក់ថា មានប្រធានបទខ្លះ ក្នុងនាមជាប្រធានាធិប តីអាមេរិក គឺមិនគួរនិយាយលេងសើចឥតប្រយោជន៍ឡើយ៕ ម៉ែវ សាធី


ចែករំលែក៖