ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងផ្អាកសកម្មភាពព្យុហយាត្រាប្រឆាំងអាមេរិកជាលើកដំបូង

ចែករំលែក៖

ក្នុងពេលដែលទំនាក់ទំនងអាមេរិកកូរ៉េខាងជើងមានភាពកក់ក្តៅបន្តិចម្តងៗ ក្រោយ ជំនួបរវាងលោក គីម ជុងអ៊ុន នឹងលោក ដូណាល់ ត្រាំ នៅសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា កូរ៉េខាងជើងបានសម្រេចបញ្ចប់សកម្មភាពប្រឆាំងអាមេរិក ក្នុងនោះមាន ក្បួនព្យុហយាត្រា ដែលជាសកម្មភាពប្រឆាំង អាមេរិកប្រចាំឆ្នាំ។

កន្លងមក កូរ៉េខាងជើងក៏បានផ្អាកលក់ វត្ថុអនុស្សាវរីយ៍ប្រឆាំងអាមេរិកផងដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងសាលារៀនក៏បានផ្អាកការបង្រៀនចាត់ទុកអាមេរិកជាសត្រូវទៀតផង។ សកម្មភាពរបស់ទីក្រុងព្យុង យ៉ាង គឺជាសញ្ញានៃការផ្សះផ្សាទំនាក់ ទំនងជាមួយអាមេរិក បើទោះបីពេលនេះអាមេរិកមិនទាន់ជឿជាក់ និងលុបទណ្ឌកម្ម ក្តី។ ប៉ុន្តែកូរ៉េខាងជើងចាំបាត់ត្រូវតែបង្ហាញ ពីចិត្តស្មោះត្រង់ និងផ្តល់ទំនុកចិត្តដល់ ប្រទេសជិតខាង។

កាលពីឆ្នាំ២០១៧ សិស្សនិស្សិត កូរ៉េ ខាងជើង ជាង១សែននាក់បាននាំគ្នា ប្រមូលផ្តុំ នៅទីក្រុងព្យុងយ៉ាង ដើម្បីប្រឆាំង អាមេរិក។ ប៉ុន្តែក្រោយជំនួបទទួលបាន ជោគជ័យ កូរ៉េខាងជើងក៏បានផ្អាករាល់ សកម្មភាពប្រឆាំងទាំងឡាយ។ រូបភាពកាំ ជ្រួចមីស៊ីល នៅខាងក្រៅស្ថានីយរថភ្លើង ក្នុងទីក្រុងព្យុងយ៉ាង ក៏ត្រូវបានជំនួស ដោយរូបភាព វិស័យឧស្សាហកម្មវិញម្តង។

សារព័ត៌មានរ៉យទ័របានផ្សាយថា ហាងលក់វត្ថអនុស្សាវរីយ៍នៅកូរ៉េខាងជើងក៏ បានផ្អាកលក់វត្ថុ ប្រឆាំងអាមេរិកផងដែរ។ កាលពីថ្ងៃទី២៤ ខែមិថុនា កូរ៉េខាងជើង បានប្រកាសថា «ការអនុវត្ត សេចក្តី ប្រកាសរួមអាមេរិក កូរ៉េខាងជើង ដើម្បី ទទួលបានផលប្រយោជន៍ ដល់ពលរដ្ឋ ប្រទេសទាំងពីរ និងទទួលបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅឧបទ្វីបកូរ៉េ ក៏ដូចជាពិភពលោកទាំងមូល។

ក៏ប៉ុន្តែរាល់សកម្មភាពរំសាយអាវុធ បរមាណូរបស់កូរ៉េខាងជើង ចិនដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពទាំងនោះ។ ក្នុងរយៈពេលខ្លី មេដឹកនាំកូរ៉េខាងជើង បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេស ជិតខាងដល់ទៅ៣លើក ដើម្បីពិភាក្សាពីការរំសាយអាវុធបរមាណូ និងសកម្មភាព បន្ត ដោយសារតែកូរ៉េខាងជើងបានចាត់ ទុកចិនជាបងធំរបស់ខ្លួន ការពារខ្លួន ក្រោយការលុបបំបាត់បរមាណូ។ ដូច្នេះ កូរ៉េខាងជើងចាំបាច់ត្រូវតែដើរតាមអ្វីដែលចិនបានណែនាំ និងចង្អុលបង្ហាញ។

នៅពេលនេះរដ្ឋមន្ត្រីការពារជាតិអាមេ រិកបានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាលើ បញ្ហាអាវុធបរមាណូកូរ៉េខាងជើង ក៏ដូចជា បញ្ហាទំនាក់ទំនងជាមួយចិន ហើយសហ រដ្ឋអាមេរិកត្រូវការការគាំទ្រពីចិនជាចំា បាច់ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

ជាមួយគ្នានោះដែរ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ (ម៉ោង នៅអាមេរិក) លោក Mattis ចង់ចាត់វិធាន ការលើ មហិច្ឆតាយុទ្ធសាស្ត្ររបស់ចិន ជុំវិញការដាក់ពង្រាយសព្វាវុធ បរិក្ខារយោធានៅឯតំបន់ជម្លោះក្នុងសមុទ្រចិនខាង ត្បូង និងការពង្រីកឥទ្ធិពលនៅតំបន់ ប៉ាស៊ីហ្វិក។ តែយ៉ាងណាក៏ដោយ ក្នុង ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងនោះរួមមានទាំងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ប្រមុខមន្ទីរបញ្ចកោណរូបនេះ នៅតែអះ អាងដដែលពីក្ដីសង្ឃឹមថា នឹងទទួលបាន ការប្ដេជ្ញាចិត្តពីចិន ក្នុងការដាក់សម្ពាធឲ្យ កូរ៉េខាងជើងបោះចោលអាវុធនុយក្លេអ៊ែរ ក្រោយជំនួបជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុនអ៊ុន ក្នុង ប្រទេសសិង្ហបុរី កាលពី ថ្ងៃទី១២ ខែមិថុនា កន្លងទៅ។

គួរបញ្ជាក់ថា លោក James Mattis នឹងផ្ដើមទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ដើម្បីជួប ពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ចិន មុននឹងបន្តដំណើរទៅកាន់ទីក្រុងសេអ៊ូល ជួបជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាង ត្បូង លោក សុង យាំងមូ (Song Young-moo) ព្រមទាំងជួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក អុីតស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) នៅថ្ងៃសុក្រ។

បន្ថែមពីលើនេះ នៅក្នុងជំនួបជាមួយ សមភាគីជប៉ុន និងកូរ៉េខាងត្បូង លោក Mattis ក៏ត្រូវបានគេរំពឹងផងដែរនឹងធានាពីការពារសុវត្ថិភាពចំពោះទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ក្រោយទីក្រុងវ៉ាស៊ីនតោនប្រកាសផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង៕ ម៉ែវ សាធី


ចែករំលែក៖