ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅទីស្នាក់ការកាសែតអាមេរិកស្លាប់៥នាក់

ចែករំលែក៖

សារព័ត៌មាន Guardian បានផ្សាយថា យ៉ាងហោចណាសមានមនុស្ស៥នាក់ស្លាប់ និងរងរបួសជាច្រើន នៅក្នុងហេតុការណ៍បាញ់ប្រហារទៅលើទីស្នាក់ការកាសែតនៅរដ្ឋ Maryland កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា។

ជនដៃដល់បានបាញ់ប្រហារនៅទីស្នាក់ការកាសែត Capital Gazette ស្ថិតនៅក្នុងទីក្រុង Annapolis។ កម្លាំងប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយការបាញ់ប្រហារកើតឡើង ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនផងដែរ។

លោក William Krampf ស្នងការប៉ូលិស ស្រុក Anne Arundel បានឲ្យដឹងថាមានមនុស្ស៥នាក់បានស្លាប់នៅក្នុងបាញ់ប្រហារខាងលើ និងរងរបួស ជាច្រើនអ្នកផងដែរ។ អភិបាលរដ្ឋ Maryland លោក Larry Hogan បាននិយាយថា «យើងសូមរំលែកទុក្ខដល់គ្រួរសារជនរងគ្រោះ» ។ នៅពេលនេះមន្ត្រីសន្តិសុខអាមេរិកមិនទាន់មានការវិភាគអ្វីជុំវិញហេតុការណ៍បាញ់ប្រហារខាងលើនៅឡើយ ថាតើជាប់ពាក់ព័ន្ធនឹងសកមុ្មភាពវាយប្រហារភេរវកម្មដែរឬទេ?

អ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។ ចំណែកជនសង្ស័យវិញ ក៏បានបញ្ជូនទៅសួរចម្លើយ។ ក្រោយហេតុការណ៍បាញ់ប្រហារខាងលើ មហាវិថី២នៅក្នុងតំបន់ ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីបើកការស្រាវជ្រាវ។

លោក Phil Davis អ្នកសារព័ត៌មានទទួលបន្ទុកផ្លូវច្បាប់របស់សារព័ត៌មាន Capital Gazette មានវត្តមាននៅពេលបាញ់ប្រហារបានរៀបរាប់ឲ្យដឹងថា មានមិត្តរួមការងាររបស់ខ្ញុំជាច្រើនត្រូវជនដៃដល់បាញ់ប្រហារ។ នាង Bathany Clasing អ្នកជំនួយការផ្លូវច្បាប់ដែលកំពុងធ្វើការនៅក្នុងការិយាល័យនិពន្ធបានរៀងបរាប់ឲ្យដឹងថា «ពេលដំបូងខ្ញុំពិតជាភ័យខ្លាចយ៉ាងខ្លាំង ដោយមិននឹកស្មានដល់ថា មានជនវាយប្រហារនៅទីនេះ» ។ ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័ស ដោយជម្លៀសអ្នកនៅខាងក្នុងទៅកាន់តំបន់ ផ្សារទំនើបក្បែរនោះ។

មន្ត្រីប៉ូលិសបានឲ្យដឹងថា ប៉ូលិសបានទៅដល់កន្លែងកើតហេតុ ក្នុងរយៈពេល៩០វិនាទី ក្រោយទទួលព័ត៌មានភ្លាម។ លោក Gavin Buckley អភិបាលក្រុង Annapolis បានសរសើរដល់កម្លាំងប៉ូលិស ដែលបានទៅដល់កន្លែងកើតហេតុយ៉ាងឆាប់បំផុត ជួយទប់ស្កាត់ហេតុការណ៍កាន់តែអាក្រក់ជាងនេះ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ពេលថ្មីៗនេះ កម្លាំងប៉ូលិសសន្តិសុខ បានធ្វើការហ្វឹកហាត់ដើម្បីទប់ស្កាត់ការវាយប្រហារដោយកាំភ្លើងកើតឡើងនៅក្នុងក្រុង ដើម្បីទៅកាន់កន្លែងកើតហេតុបានទាន់ពេលវេលា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកទទួលបានការផ្តល់ព័ត៌មានស្តីពីការបាញ់ប្រហារខាងលើ។ លោក ត្រាំ ក៏បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ ហើយអរគុណដល់កម្លាំងសន្តិសុខដែលទៅទប់ស្កាតហេតុការណ៍ទាន់ពេលវេលា៕ ម៉ែវ សាធី


ចែករំលែក៖