អភិបាលរដ្ឋ Johor ម៉ាឡេស៊ី កាលពីថ្ងៃទី៥ខែកក្កដាបានប្រកាសឲ្យដឹងថា រដ្ឋនេះមានបំណងចង់បង្កើនតម្លៃលក់ទឹកសាប មិនទាន់ចម្រាញ់ទៅឲ្យប្រទេសសិង្ហបុរី ពី៣សេនម៉ាឡេស៊ី ឡើងដល់ ៥០សែន ក្នុង ១០០០ Gallon (ស្មើ ៣,៧ម៉ែត្រ គូប)។
លោក Osman Sapian អភិបាលរដ្ឋ Johor បានប្រកាសថា តម្លៃ ៥០សេន គឺជាតម្លៃ ដែល លក់ទៅឲ្យរដ្ឋផ្សេងទៀត នៅម៉ាឡេស៊ីគឺជារដ្ឋ Melaka និងស្មើជា មួយតម្លៃ សិង្ហបុរី លក់ទៅឲ្យ ម៉ាឡេស៊ីវិញនូវទឹកសាបដែលបានឆ្លងកាត់ការចម្រាញរួចទៅឲ្យម៉ាឡេស៊ីវិញ។
លោក Osman បានបញ្ជាក់ថា «ការ ដំឡើងថ្លៃនេះ នៅសល់តែបញ្ហាពេលវេលា តែប៉ុណ្ណោះ យើងអាចដំឡើងថ្លៃដូចជាថ្លៃដែលបានលក់ទៅឲ្យរដ្ឋ Melaka ឬក៏ទាប ជាង នៅពេលពិភាក្សាដោយផ្ទាល់កើត ឡើង ប៉ុន្តែប្រាកដជាមិនមែនតម្លៃបច្ចុប្បន្នដែលសិង្ហបុរីទិញនាពេលបច្ចុប្បន្ននោះឡើយ»។
លោកបន្តទៀតថា « បញ្ហាខាងលើត្រូវ តែពិភាក្សា បន្ថែម ។ខ្ញុំជឿជាក់ថាប្រសិនបើ រដ្ឋាភិបាលរដ្ឋJohor ដំឡើងថ្លៃគឺសមស្រប ដែលសិង្ហបុរីអាចទទួលយកបាន។
តាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថ លេខាកាលពីឆ្នាំ១៩៦២ សិង្ហបុរី ទទួល បានទឹក២៥០លានហ្គាលឡុន(ជាង ៩៤៦.០០០ម៉ែត្រគូប) ដែលបូមពីទន្លេ នៅរដ្ឋ Johor ជារៀងរាល់ថ្ងៃ ក្នុងតម្លៃ៣ សេន សម្រាប់១០០០ gallon ។ ផ្ទុយទៅ វិញ សិង្ហបុរីបានប្រគល់ទឹក២ភាគរយ ដែលចម្រាញ់រួច លក់មកឲ្យ រដ្ឋ Johor វិញក្នុងតម្លៃ៥០សេន ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានបញ្ជាក់នៅក្នុង បទសម្ភាសន៍ កន្លងមក ដោយបានរិះគន់ ទៅលើកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៦២ ជារឿងគួរឲ្យចង់សើច ។រដ្ឋាភិបាលម៉ាឡេស៊ីនឹងពិភាក្សាលម្អិត លើបញ្ហានេះជាមួយ សិង្ហបុរី ៕ ម៉ែវ សាធី