ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកីឡាករជប៉ុនទទួលបានការស្វាគមន៍ដូចជាវីរៈបុរសពេលមកដល់ផ្ទះ បើទោះបីចាញ់ក្តី

ចែករំលែក៖

ជាមួយជ័យជម្នះជួយឲ្យជប៉ុន បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ី ឆ្លងផុតវគ្គជម្រុះតាមពូល នៅក្នុងការប្រកួត World Cup ឆ្នាំ២០១៨។ កីឡាករជប៉ុនដែលដឹកនាំដោយលោក Akira Nishino បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីក្រុមអ្នកគាំទ្រជប៉ុនពេលវិលត្រឡប់ដល់ប្រទេសរបស់ខ្លួនវិញ។

អ្នកគាំទ្រជាច្រើនបានឈររង់ចាំនៅអាកាសយានដ្ឋានដើម្បីទទួលក្រុមសាមូរ៉ៃជប៉ុនវិលត្រឡប់ ប្រទេសវិញ។ គ្រូបង្វឹកជប៉ុនលោក Akira Nishino ទើបតែទទួលតំណែង ប្រធានគ្រូបង្វឹកនៅមុនការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើប២ខែមុននេះ តែលោក បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយការប្រគួតប្រកបដោយបច្ចេកទេស និងក្រមសីលធម៌ល្អ ។

គ្រូបង្វឹកជប៉ុនរូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រ ទាំងអស់នៅក្នុងពិធីសន្និសីទ កាសែតផងដែរ។ ក្នុងការប្រកួតវគ្គជម្រុះក្រុមជប៉ុនធ្វើបានល្អដោយយកឈ្នះក្រុមកូឡំប៊ី ស្មើជាមួយក្រុមសេណេហ្គាល់ ក្លាយជាក្រុមតែមួយគត់តំណាងទ្វីបអាស៊ីដែលឈានចូលដល់ វគ្គ១៦ក្រុមចុងក្រោយ។ ប៉ុន្តែជាអកុសលក្រុមជម្រើសជាតិជប៉ុនបានធ្លាក់នៅវគ្គ១៦ក្រុម ដោយចាញ់ក្រុមបែលហ្សុិក ៣-២ ។

ជប៉ុនបានធ្វើឲ្យមិត្តភក្តិអន្តរជាតិគោរពដោយសារតែសកម្មភាពប្រកបដោយសីលធម៌ ។ ពេលដែលកីឡាករ និងអ្នកគាំទ្រវិលត្រឡប់ទៅប្រទេសវិញបាននាំគ្នាបោសសម្អាត រើសសំរាមសូម្បីតែធូលីមួយក៏គ្មានដែរ នៅក្នុងបន្ទប់របស់កីឡាករជប៉ុន និងនៅកន្លែងអង្គុយ មើលក្នុងកីឡដ្ឋាន។ ទាំងនេះហើយបានធ្វើឲ្យសារព័ត៌មានរុស្ស៊ីដែលជាម្ចាស់ផ្ទះ ចុះផ្សាយយ៉ាងគគ្រឹកគគ្រេងពីសកម្មភាពទាំងនេះ ៕


ចែករំលែក៖