ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីឆ្នាំ២០១៩តទៅ កម្មករនិងមន្ត្រីរាជការឡើងប្រាក់ខែថែមទៀត ហើយបើកលុយ២សប្តាហ៍ម្តង

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមជាបេក្ខជននាយករដ្ឋ មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ នីតិកាលទី៦ខាងមុខនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសសន្យា និងប្តេជ្ញាជាឱឡារិកចំពោះមុខបងប្អូនជន រួមជាតិទូទាំងប្រទេសថា ចាប់ពីឆ្នាំ២០១៩ ប្រាក់ខែកម្មករនិយោជិតមន្ត្រីរាជការស៊ី វិលនិងកងកម្លាំងប្រដាប់អាវុធនឹងត្រូវ ដំឡើងបន្ថែមទៀតហើយរៀបចំឲ្យបើកប្រាក់ខែ ក្នុងរយៈពេល ២ សប្តាហ៍ម្តង។

សេចក្តីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះ បានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦និងពិធីរម្លឹកខួបលើកទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជា ជនកម្ពុជាកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា “… រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានខ្ញុំព្រះករុណាខ្ញុំជានាយករដ្ឋ មន្ត្រីនឹងជំរុញកែលម្អថែមទៀតនូវការបើកប្រាក់ឈ្នួលការងារ ប្រចាំខែ ជូនកម្មករ-និយោជិត ដោយរៀបចំឲ្យបើកក្នុងរយៈពេល២សប្តាហ៍ម្តងដូចនៅបណ្តាប្រទេសជឿនលឿនមួយចំនួននៅក្នុងតំបន់ចាប់ពី ឆ្នាំ២០១៩ ទៅ ដើម្បីធានាឲ្យកម្មករ-និយោ ជិតយើងទាំងអស់គ្នាទទួលបាននូវប្រាក់ឈ្នួលពលកម្ម ដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ហើយបើកប្រាក់ឈ្នួលពលកម្មនេះជា ប្រចាំដោយទៀងទាត់ និងទាន់ពេលសម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង”។

ជាមួយនឹងគោលនយោបាយដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសសន្យាពីការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធជារៀង រាល់ឆ្នាំនិងបង្កើនប្រាក់សោធនរបស់និវត្តជន និងអតីតយុទ្ធជនឲ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង ។

សម្តេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ថា “ដូចគ្នានឹងកម្មករ-និយោជិត នៅក្នុងវិស័យឯកជនដែរនៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានខ្ញុំព្រះករុណាខ្ញុំជានាយករដ្ឋមន្ត្រី នឹងរៀបចំបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងប្រាក់សោធនជូននិវត្តជន និង អតីតយុទ្ធជនតាមប្រព័ន្ធធនាគារក្នុងរយៈពេល ២ សប្តាហ៍ម្តង ដែលកិច្ចការនេះ គឺជាជំហានបន្តដ៏សំខាន់មួយទៀត នៅក្នុងការកែទម្រង់ប្រព័ន្ធបៀវត្សរ៍របស់រាជរដ្ឋាភិបាលសំដៅធានាឲ្យមន្ត្រីរាជការគ្រប់ប្រភេទព្រមទាំងនិវត្តជន និងអតីតយុទ្ធជនទទួលបាននូវប្រាក់បៀវត្សរ៍និងប្រាក់សោធនដែលនឹងត្រូវបានបន្តបង្កើនឡើងជាលំដាប់នោះ ប្រកបដោយតម្លាភាពគ្រប់ចំនួននិងទៀងទាត់ ហើយទាន់ពេល។ យើងនឹងចាប់ផ្តើមអនុវត្តបើកប្រាក់បៀវត្សរ៍និងប្រាក់សោធន ក្នុងរយៈពេល២សប្តាហ៍ម្តងនេះជូនមន្ត្រី រាជការស៊ីវិល និងជូននិវត្តជននិងអតីត យុទ្ធជនជាមុនដោយចាប់ផ្តើមនៅក្នុង ឆ្នាំ២០១៩ខាងមុខ។ ដោយឡែកចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយើងនឹងរៀបចំធ្វើការសិក្សាដាក់ឲ្យអនុវត្តជាបន្ត បន្ទាប់ទៅទៀត ដោយសារលក្ខណៈពិសេសនៃទីកន្លែងការងារដាច់ស្រយាលរបស់កងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់មានសេវាធនាគារទៅដល់គ្រប់គ្រាន់នៅឡើយ”។

នៅក្នុងអង្គមិទ្ទិញកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍ជាង១លានរៀល នៅឆ្នាំ២០១៨ ហើយនិវត្តជន ក៏បានទទួលនូវការបង្កើនប្រាក់សោធននិវត្តន៍ក្នុង ឆ្នាំ២០១៨ មានកម្រិតទាបបំផុត ៤៨ ម៉ឺនរៀល។ រីឯកម្មករនិយោជិតពិសេស កម្មករកាត់ដេរ ក៏ត្រូវបានដំឡើងប្រាក់ឈ្នួលអប្បបរមា នៅឆ្នាំ២០១៨ កើនឡើងដល់ ១៧០ ដុល្លារ ដោយមិនទាន់គិតដល់ការ ទទួលបាននូវអត្ថប្រយោជន៍បន្ថែមផ្សេងទៀត។

សូមរម្លឹកថា នាពេលបច្ចុប្បន្ន មន្ត្រីរាជ ការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងនិវត្ត ជនបានបើកប្រាក់ខែតាមធនាគារហើយបើកប្រាក់ខែនៅមុនដំណាច់ខែ។ រីឯកម្មករ កាត់ដេរបើកប្រាក់ខែដល់ថ្ងៃទី៨-១០នៃ ខែបន្ទាប់ ៕ ហេង សូរិយា


ចែករំលែក៖