ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាព័ត៌មានស្តីពីការជួយរំដោះកុមារថៃចេញពីរូងភ្នំទាក់ទាញការចាប់អារម្មណ៍ខ្លាំងទូទាំងពិភពលោក?

ចែករំលែក៖

នៅក្នុងបណ្តាញសង្គម ក្នុងប្រទេស មួយចំនួន មិនពេញចិត្តដោយសារតែមិន ជួយផ្សព្វផ្សាយ រឿងដែលកើតឡើងនៅ ក្នុងប្រទេសរបស់ខ្លួន បែរជាជួយផ្សព្វផ្សាយ រឿង ក្រុមកីឡាករថៃវ័យក្មេង១៣នាក់ជាប់នៅក្នុងរូងភ្នំទៅវិញ។ សូម្បីតែការលិចនាវាដឹកអ្នកដំណើរស្លាប់ជិត៥០នាក់និងបាត់ខ្លួនជាច្រើន នាក់ ក៏មិនមានការផ្សព្វផ្សាយ ល្បី នឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាញផ្សព្វផ្សាយធំៗលើពិភពលោក ដែរក្រៅតែពីការតាមដានគ្រប់វិនាទីពីសកម្ម ភាពសង្គ្រោះក្រុមកីឡាករ U16 របស់ថៃនិងគ្រូបង្វឹកអាយុ២៥ឆ្នាំជាប់ក្នុងរូងភ្នំថាំលួង។

ក្រុមទាហានជំនាញមុជទឹក និងមាន ភាពក្លាហានហ៊ានលះបង់ជីវិតរបស់ខ្លួន ទើបអាចជួយក្រុមកុមារទាំងនោះដែលជាប់គាំងយ៉ាងជ្រៅនៅក្នុងរូងភ្នំដែលលិចទឹក។ ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពនេះ ត្រូវបានផ្សព្វផ្សាយនៅលើពិភពលោក គ្រប់ពេលវេលា ។

មនុស្សគ្រប់រូបបានខិតខំបួងសួងដល់ក្រុមទាហានមុជទឹក និងក្រុមសង្គ្រោះ ជំនួយពីក្រោយ បំពេញភារកិច្ចទទួលបាន ជោគជ័យ ។ ការជួយសង្គ្រោះនោះ មាន តែអ្នកក្លាហាន ដែលមានសមត្ថភាព និង បទពិសោធន៍ខ្ពស់ ទើបអាចចូលទៅជួយ បាន។ យើងមិនអាច នឹកស្មានដល់ពីភាព លំបាក និងគ្រោះថ្នាក់នៅក្នុងសកម្មភាព ជួយសង្គ្រោះនោះ ដោយក្រុមអ្នកជួយ សង្គ្រោះត្រូវចូលទៅក្នុងតំបន់ជ្រៅ តូច ចង្អៀត ក្រោមបាតភ្នំ និងលិចទឹក ដោយ មិនអាចមើលឃើញអ្វីទាល់តែសោះ នៅ ក្នុងតំបន់មួយចំនួន ។

តាមអ្នកឯកទេសជនជាតិអាមេរិក Jay Parini ជាអ្នកអក្សរសាស្ត្រ បានលើកឡើង ពីមូលហេតុថា កត្តាដែលទាក់ទាញខ្លាំង នោះគឺ សកម្មភាពស្វែងរក កុមារបាត់ខ្លួនយ៉ាងលំបាកបំផុតទម្រាំតែរកឃើញអស់ រយៈពេល៩ថ្ងៃ តែភព្វសំណាង កុមារ នៅមានជីវិត។ អ្វីដែលលំបាកជាងនេះក្រោយការរកឃើញគឺសកម្មភាពសង្គ្រោះកុមារទាំងនោះចេញពីរូងភ្នំកាន់តែលំបាកទ្វេដងទីមួយកុមារមិនចេះហែលទឹក ទីពីរ មានសុខភាពមិនសូវល្អ ក្រោយអត់អាហារ ៩ថ្ងៃ ។ ភាពលំបាកនៅក្នុងការជួយសង្គ្រោះក្លាយទៅជាកាតព្វកិច្ចរបស់ពិភពលោក មិនមែនតែប្រទេសថៃនោះឡើយ។ ក្រុម ជួយសង្គ្រោះដែលមានបទពិសោធន៍ខ្ពស់ មកពីប្រទេស អង់គ្លេស អាមេរិក អូស្ត្រាលី ជប៉ុន និងអ្នកជំនាញមុជទឹកមកពីកម្លាំង ទាហានជើងទឹកថៃ ព្រមទាំងអ្នកឯកទេស មកពីប្រទេសជាច្រើនបានចូលរួមធ្វើការ វិភាគពីយុទ្ធសាស្ត្រជួយសង្គ្រោះ។

ការជួយសង្គ្រោះកុមារចេញពីរូងភ្នំកាន់តែស្មុគស្មាញ និងទាក់ទាញខ្លាំង ក្រោយពី អតីតទាហាន SEAL របស់ថៃម្នាក់ស្លាប់ ដោយសារតែខ្វះអុកស៊ីហ្សែន ពេលមុជ ទឹកចេញពីរូងភ្នំ។ ទាំងនោះហើយធ្វើ ឲ្យអ្នកឯកទេស ត្រូវផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការជួយសង្គ្រោះ ធ្វើយ៉ាងណាទើប ទទួលបានជោគជ័យ។

កិច្ចសហប្រតិបត្តិការជួយសង្គ្រោះចម្រុះ គឺជាតំណាង និងរំលឹកយើងទាំងអស់គ្នាលើពិភពលោកអាចធ្វើការរួមគ្នា ដើម្បី ឈានទៅដល់គោលដៅរួម ។ ក្រុមអ្នកសារព័ត៌មានមកពីបណ្តាញព័ត៌មានធំៗលើពិភពលោក បាននាំគ្នាទៅកាន់ប្រទេសថៃ ដើម្បីផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធសកម្មភាព ជួយសង្គ្រោះដ៏ស្មុគស្មាញបំផុតនេះ។

កត្តាមួយទៀតដែលទាក់ទាញបំផុតនោះគឺយើងទាំងអស់គ្នា ក៏ដូចជាក្រុមជួយ សង្គ្រោះ មិនអាចដឹងមុនពីភារកិច្ច ជួយ សង្គ្រោះទទួលបានជោគជ័យដែរឬទេ ប៉ុន្តែនឹងខិតខំឲ្យអស់ពីសមត្ថភាព។

នៅក្នុងព្រឹត្តិការណ៍កាលពីឆ្នាំ២០១០ កាតព្វកិច្ចក្នុងការជួយសង្គ្រោះកម្មករអណ្តូងរ៉ែ ឈីលី៣៣នាក់ ជាប់យ៉ាងជ្រៅនៅក្រោម ដី រហូតដល់ ៦៩ថ្ងៃ។ ការជួយសង្គ្រោះនោះ គឺជាការលំបាកបំផុតដែលពិភពលោកមិនធ្លាប់ជួបប្រទះ ហើយការជួយសង្គ្រោះនោះក៏បានទាក់ទាញការតាមដានយ៉ាងខ្លាំង នៅលើពិភពលោក គ្រប់វិនាទី ក្នុងរយៈ ពេល៦៩ថ្ងៃ។ វិធីសាស្ត្រក្នុងការជួយ សង្គ្រោះជាច្រើន មកពីគ្រប់ទិសទីជុំវិញ ពិភពលោក ត្រូវបានលើកមកពិភាក្សា ទើបអនុវត្តក្នុងការជួយសង្គ្រោះ ហើយ បើការសង្គ្រោះបរាជ័យ មានន័យថា បរា ជ័យទូទាំងពិភពលោក មិនមែនតែឈីលី មួយប៉ុណ្ណោះទេ។ ប៉ុន្តែនៅពេលទទួលបាន ជោគជ័យ ប្រែក្លាយទៅជាជាមូលដ្ឋានច្បាប់មួយនៅក្នុងការជួយសង្គ្រោះ ប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើងនៅពេល អនាគត។

ចំពោះកុមារថៃដែលជាប់នៅក្នុងរូងភ្នំថាំលួង ក៏ដូច្នោះដែរ វាជាកាតព្វកិច្ចពិភព លោក និងជាលើកដំបូង ដែលត្រូវជួយ សង្គ្រោះនៅក្នុងភូមិសាស្ត្រស្ថានភាពយ៉ាងលំបាកបំផុត និងគ្រោះថ្នាក់បំផុតមិនធ្លាប់ មាន ។ នៅក្នុងរូងភ្នំ អុកស៊ីហ្សែនចេះតែតិច ទៅៗ ហើយរដូវភ្លៀងអាចធ្វើឲ្យរូងភ្នំកាន់តែលិចខ្លាំងឡើង បើទោះបីមានការបូម ទឹកចេញក្រៅយ៉ាងណាក្តី។ កុមារដែលជាប់នៅក្នុងរូងភ្នំរយៈពេលយូរ ក្នុងភាពងងឹត ត្រជាក់ អត់អាហារ សម្ពាធផ្លូវចិត្តជា ចំណែកដែលទាក់ទាញបំផុត។

ចំពោះសាច់ញាតគ្រួសាររង់ចាំនៅខាងក្រៅ មានក្តីបារម្ភ មានសម្ពាធផ្លូវចិត្តធំ ប៉ុនណា ដើម្បីរក្សាដល់ការគោរពគ្រួសារ កុមារទាំងអស់ រដ្ឋាភិបាលថៃបានសម្រេច មិនបញ្ចេញឈ្មោះកុមារដែលបាន បញ្ជូន ចេញ ដំណាក់កាលទីមួយ ទីពីរទេគឺ រង់ចាំដល់ការបញ្ជូនចេញទាំងអស់ទើបប្រកាសឲ្យដឹង និងអនុញ្ញាតឲ្យឪពុកម្តាយសាច់ ញាតកុមារ ដែលចេញលើកដំបូងបានជួប កូន។ ទាំងនេះជាវិធីសាស្ត្រដ៏ល្អបំផុត របស់រដ្ឋាភិបាលថៃ ចំពោះគ្រួសារក្រុម កីឡាករនិងគ្រូបង្វឹកទាំង១៣នាក់។

កត្តាខាងលើនេះហើយ សូមមិត្តអ្នក អាន អ្នកតាមដានព័ត៌មានទាំងអស់នៅជុំ វិញពិភពលោក សូមកំុច្រណែននឹងសកម្ម ភាពខាងលើ។ ហេតុអ្វីបានជានាំគ្នាជួយ ផ្សព្វផ្សាយបន្តៗគ្នា ទាំងនៅក្នុងបណ្តាញ សង្គម គេហទំព័រ សារព័ត៌មាននានា ទាំង នៅក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ …និងប្រទេសស្ទើរតែទាំងអស់លើពិភពលោក ។ អ្វីទាំងនោះគឺជាមេរៀន និងជា បទពិសោធន៍ ដែល បានកើតឡើងតែមួយ លើកប៉ុណ្ណោះ មិនអាចកើតឡើងជាលើក ទីពីរទៀតឡើយ ដូចករណីកម្មករជាប់ក្នុងអណ្តូងរ៉ែឈីលីជាដើម។

នៅពេលអនាគតបើហេតុការណ៍បែបនេះកើតឡើង ក៏មិនល្បីដូចជាពេលនេះដែរ ដោយសារតែ យើងមានបទពិសោធន៍ រួចហើយ មិនពិបាកនៅក្នុងការជួយ សង្គ្រោះ ដូចជាពេលនេះទេ ។ មិនខុសអ្វីពី មេរោគឆ្លងផ្សេង នៅពេលមិនទាន់ឃើញ វិធីសាស្ត្រសង្គ្រោះនិងការពារទេនោះ មនុស្សគ្រប់រូបពិត ជាតាមដាននិង ព្រួយ បារម្ភ យ៉ាងខ្លាំង ប៉ុន្តែក្រោយពេលរកឃើញឱសថការពារហើយ នោះជំងឺឆ្លងទាំងនោះមិនមានជាបញ្ហាកង្វល់ទៀតឡើយ ហើយមនុស្សក៏មិនចាប់អារម្មណ៍ដូចជាពេលដំបូងដែរ៕ ម៉ែវ សាធី


ចែករំលែក៖