ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកប្រឆាំងនឹងការប្តឹងរបស់ប្រទេសអីុរ៉ង់ឡើងទៅកាន់តុលាការយុត្តិធម៌អនុ្តរជាតិ

ចែករំលែក៖

កាលពីថ្ងៃទី១៧ ខែកក្កដា មន្ត្រីការបរទេសអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការណ៍ដែលអីុរ៉ង់ប្តឹងអាមេរិកឡើងទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJ គឺជាសកម្មភាពមិនសមស្រប ហើយទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបវិញ យ៉ាងតឹង តែងបំផុត។

កន្លងមក អីុរ៉ង់ បានប្តឹងអាមេរិកឡើង ទៅកាន់តុលាការ ICJ ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានអនុម័តច្បាប់ដាក់ទណ្ឌ កម្មទៅលើប្រទេសអីុរ៉ង់ ក្រោយពេល អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូ ។សកម្មភាពរបស់អាមេរិក គឺ ខុសទៅនឹងសន្ធិសញ្ញាដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥៥។

មន្ត្រីការបរទេសអាមេរិកដែលមិន បញ្ចេញឈ្មោះបានឲ្យដឹងថា« យើងមិន អាចវិភាគឲ្យបានល្អិតល្អន់នោះឡើយ ប៉ុន្តែពាក្យបណ្តឹងរបស់អីុរ៉ង់ គឺគ្មានហេតុ ផលសមស្របឡើយ យើងប្តេជ្ញាការពារ ទឹកដីអាមេរិក ចំពោះតុលាការ ICJ ។

ការណ៍ដែលអីុរ៉ង់ប្តឹងអាមេរិកឡើងទៅកាន់តុលាការ ICJ គឺជាការឆ្លើយតបទៅ នឹងប្រធានាធិបតីដូណាល់ ត្រាំ ដែលបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ រវាងអីុរ៉ង់និងប្រទេស ៥+១ មាន រុស្ស៊ី អង់គ្លេស បារាំង អាមេរិក ចិន និងអាល្លឺម៉ង់ ។ មិនតែប៉ុណ្ណោះអាមេរិកបាន អនុម័តច្បាប់ដាក់ទណ្ឌកម្មសាជាថ្មីទៅលើអីុរ៉ង់ ធ្វើឲ្យសេដ្ឋកិច្ចអីុរ៉ង់រងផលប៉ះពាល់ ក្នុងពេល ដែលមានក្រុមវិនិយោគបរទេសជាច្រើនបានចូលមកដាក់ទុននៅអីុរ៉ង់។

រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានបញ្ជាក់ ថា អាមេរិកបានបំពាន់ច្បាប់ អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញាមិត្តភាព អាមេរិក-អីុរ៉ង់ ដែលបានចុះហត្ថលេខាកាលពី ឆ្នាំ១៩៥៥។ ប៉ុន្តែក្រោយបដិវត្តន៍អ៊ិស្លាមអីុរ៉ង់ នៅឆ្នាំ១៩៧៩ ទំនាក់ទំនងការបរទេស រវាងអាមេរិក នឹងអីុរ៉ង់ ត្រូវបានកាត់ផ្តាច់ នៅឆ្នាំ១៩៨០។

អាមេរិកនឹងអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ តាមពីរដំណាក់កាល នៅខែសីហា និងខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងគោលដៅរារាំង បណ្តាក្រុមហ៊ុននៅ អឺរ៉ុប និងប្រទេសផ្សេងទៀត ដែលរកសុី ជាមួយអីុរ៉ង់ ។មិនតែប៉ុណ្ណោះ អាមេរិក ក៏បានហាមប្រាមប្រទេសនៅជុំវិញពិភពលោក ឈប់ទិញប្រេងពីអីុរ៉ង់ ទៀតផង បើប្រទេសណា នៅតែបន្តទិញប្រេងនោះ អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនោះ៕ ម៉ែវ សាធី


ចែករំលែក៖