សេតវិមានបានប្រកាសថាជំនួបពិភាក្សាលើកទីពីររវាងប្រធានាធិបតីរុស្ស៊ី លោក ពូទីននឹងប្រធានាធិបតីដូណាល់ ត្រាំ នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០១៩ ក្រោយពេលរដ្ឋអាជ្ញា Robert S. Mueller បញ្ចប់ការស្រាវជ្រាវពាក់ព័ន្ធការចោទ ប្រកាន់រុស្ស៊ី ជ្រៀតជ្រែកការបោះឆ្នោត ឆ្នាំ២០១៦។
នៅក្នុងសេចក្តីប្រកាស ទីប្រឹក្សាសន្តិ សុខជាតិអាមេរិក លោក John R Bolton បានប្រកាសថា ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា ជំនួបពិភាក្សាជាមួយលោកពូទីននឹងត្រូវពន្យារពេលដល់ឆ្នាំក្រោយ បន្ទាប់ពីការស្រាវជ្រាវបានបញ្ចប់ ។
យ៉ាងណាមិញនាសប្តាហ៍នេះ វិមាន ក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន និង លោក ត្រាំ ប្រហែលជាអាចជួបគ្នាជា ថ្មីទៀត ក្នុងលក្ខណៈជំនួបក្រៅផ្លូវការនៃព្រឹត្តិការណ៍អន្តរជាតិនានា ប៉ុន្តែពុំមានការត្រៀមរៀបចំណាមួយត្រូវបានធ្វើឡើង សម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នៅវ៉ាស៊ីនតោនឡើយ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះ គន់យ៉ាងចាស់ដៃ នៅក្រោយជំនួបរបស់លោកក្នុងទីក្រុងហែលស៊ីនគី ប្រទេស ហ្វាំងឡង់ ជាមួយលោក វ៉្លាឌីមៀរ ពូទីន ដោយសារតែពាក្យសម្តីរបស់មេដឹកនាំ អាមេរិកមួយនេះ ត្រូវបានគេមើលឃើញថា ជាការកាន់ជើងទីក្រុងមូស្គូ ប្រឆាំងនឹងការសន្និដ្ឋានរបស់បណ្តាញស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ដែលថារុស្ស៊ីពិតជាបានចូលលូកលាន់ក្នុងដំណើរការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ ជាហេតុបង្ខំលោក ត្រាំ ក្រោយមកបានចេញមុខក្រឡាស់សម្តីខ្លួនឯងឡើងវិញ៕ ម៉ែវ សាធី