លោកត្រាំកំពុងតែប្រឈមបញ្ហាជាមួយបណ្តាស្ថាប័នសារព័ត៌មានអាមេរិក ដោយសារតែសារព័ត៌មានអាមេរិកជាច្រើន បានវាយប្រហារចំចំណុចអវិជ្ជមានរបស់លោក ។ រយៈពេលកន្លងមក លោកត្រាំ បាន ថ្កោលទោសយ៉ាងខ្លាំងដល់សារព័ត៌មាន និងហាមប្រាមសារព័ត៌មានមួយចំនួន ចូលយកព័ត៌មាននៅសេតវិមានទៀតផង ។
សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែសីហា បានផ្សាយថា បណ្ដាសារព័ត៌មានអាមេរិកជាច្រើនជាង ៣០០ស្ថាប័ន នឹងចាប់ផ្ដើមធ្វើយុទ្ធនាការសេរីភាពសារព័ត៌មានមួយនៅថ្ងៃ ព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងការដាក់សម្ពាធលើសេរីភាពសារព័ត៌មានពីសំណាក់ លោកប្រធានាធិបតី ដូណាល់ ត្រាំ។
យុទ្ធនាការសេរីភាពសារព័ត៌មានខាងលើ ត្រូវបានផ្ដួចផ្ដើមគំនិតឡើងដោយសារព័ត៌មាន The Boston Globe ។ The Boston Globe បានអំពាវកាលពីសប្ដាហ៍មុនឱ្យបណ្ដាសារព័ត៌មានអាមេរិក នៅទូទាំងប្រទេសចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីសម្ដែងការ ប្រឆាំងជំទាស់ ក៏ដូចជាថ្កោទោសលើពាក្យសម្ដីវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ជម្លោះរវាងសារព័ត៌មាន នឹងលោក ដូណាល់ ត្រំា បានផ្ទុះឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០១៨នេះ បន្ទាប់ពីប្រធានាធិបតី អាមេរិករូបនេះបានហៅសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក ដូចជា CNN, New York Times និង Washington Post គឺជាព័ត៌មានក្លែងក្លាយ ហើយបានចាត់ទុកអ្នកសារព័ត៌មានគឺជាសត្រូវរបស់ប្រជាជន។
ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញជាច្រើនបានព្រមានថា សម្ដីវាយប្រហាររបស់លោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរលើសេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងអាចបង្កឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកសារព័ត៌មាន ផងដែរ ៕ ម៉ែវ សាធី