ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសម័យកាលអតីតសហភាពស៊ូវៀត

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Gergei Shoigu បានប្រកាសឲ្យដឹងថា រុស្ស៊ីបានត្រៀមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយមានការចូលរួមពីប្រទេសចិន ម៉ុងហ្គោលី។ សមយុទ្ធជាទ្រង់ទ្រាយធំនេះមិនធ្លាប់មានចាប់តាំងពីសម័យកាលអតីតសភាពស៊ូវៀត។ សមយុទ្ធមានការចូលរួមពីកម្លាំងទាហានជើងគោក ជើងទឹក និងជើងអាកាស។

សារព័ត៌មាន RT កាលពីថ្ងៃទី២០ ខែសីហាបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បញ្ជាក់ថា សមយុទ្ធដែលបានគ្រោងទុកនោះមានឈ្មោះថា Vostok-2018 នឹងធ្វើឡើងរយៈពេល៥ថ្ងៃ នៅក្នុងខែកញ្ញាខាងមុខ ស្ថិតនៅតំបន់ Siberia និងតំបន់បូព៌ា រុស្ស៊ី។ រដ្ឋមន្ត្រី Shoigu បញ្ជាក់ថា «នេះជាសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មាន ស្តីពីទ្រង់ទ្រាយនិងភូមិសាស្ត្រ ក៏ដូចជាសព្វាវុធចូលរួននៅក្នុងសមយុទ្ធនោះ។

លោក Shoigu បញ្ជាក់ថា សមយុទ្ធខាងលើជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨១។ ចំនួនកម្លាំងទាហានចូលរួមនៅក្នុងសមយុទ្ធ Vostok-2018 មិនទាន់ប្រកាសឲ្យដឹងជាសាធារណៈនៅឡើយទេ។ ចំណែកភាគីចិនអាចនឹងបញ្ជូនទាហានប្រមាណ ៣.០០០នាក់ចូលរួមជាមួយទាហានរុស្ស៊ី។

ក្រសួងការពារជាតិចិនបានប្រកាសឲ្យដឹងថា ក្រៅពីកម្លាំងទាហាន៣ពាន់នាក់ នៅមានអាវុធជាង៩០០ប្រភេទ ក្នុងនោះមានឧទ្ធម្ភាគច័ក្រ៣០គ្រឿង យន្តហោះចម្បាំងជាច្រើនគ្រឿងផងដែរ។

អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងចូលរួមត្រួតពិនិត្យនៃការធ្វើសមយុទ្ធដោយផ្ទាល់។

កំណើននៃការធ្វើសមយុទ្ធរបស់រុស្ស៊ីកើនឡើងជាបន្តបន្ទាប់ និងទ្រង់ទ្រាយធំឡើងៗពីមួយលើកទៅមួយឡើយ ក្នុងពេលដែលរុស្ស៊ីកំពុងប្រឈមមុខតានតឹងជាមួយបណ្តាប្រទេសលោកខាងលិច។ កាលពីឆ្នាំ២០១៧ សមយុទ្ធមានឈ្មោះថា Zapad-2017 មានការចូលរួមពីកម្លាំងទាហាន ១២.៧០០នាក់ យន្តហោះចម្បាំង ៧០គ្រឿង នាវាចម្បាំង ១០គ្រឿង និងរថយន្តទាហានថ្មើជើង៦៨០គ្រឿង ក្នុងនោះមានរថក្រោះ រថពាសដែកផងដែរ។

សមយុទ្ធរបស់រុស្ស៊ីកើតឡើងក្រោយពេល ណាតូ បានបង្កើនការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅគៀកទឹកដីរុស្ស៊ី។ កាលពីខែមិថុនាកន្លងមក កម្លាំងទាហានជាង ១៨.០០០នាក់ មកពី១៩ប្រទេសរបស់ណាតូ បានធ្វើសមយុទ្ធរយៈពេល ពីរសប្តាហ៍នៅប្រទេសប៉ូឡូញ និងបណ្តាប្រទេសប៉ាលតិច។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងសមយុទ្ធរបស់រុស្ស៊ីនាពេលនេះ គឺមានការចូលរួមពីកម្លាំងទាហានចិន ជាសញ្ញាមួយបង្ហាញឲ្យឃើញថា មហាអំណាចយោធា រុស្ស៊ីចិន បានរួមកម្លាំងគ្នាដើម្បីទប់ទលនឹងមហាអំណាចទីមួយអាមេរិក ក៏ដូចជាជំនួសតំណែងអាមេរិកនៅក្នុង ការរក្សាសន្តិសុខ ស្ថិរភាពលើពិភពលោក៕ ម៉ែវ សាធី


ចែករំលែក៖