កោះតៃវ៉ាន់ នឹងបាត់បង់សម្ពន្ធមិត្តការទូតទី៣របស់ខ្លួននៅក្នុងឆ្នាំនេះ ស្របពេល ដែលសម្ពាធពីប្រទេសចិន ជំរុញប្រទេសនៅសេសសល់ឲ្យកាត់ផ្តាច់ចំណងការទូត ជាមួយតៃវ៉ាន់ជាបន្តទៀត ។
សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រទេសដែលបានកាត់ផ្តាច់ការទូតជាមួយតៃវ៉ាន់ មិនត្រូវបានប្រកាសឲ្យដឹងជាសាធារណៈថាប្រទេសណានោះឡើយ។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ មានប្រទេសទាំងអស់ចំនួន១៨ប្រទេស ដែលនៅមាន ចំណងការទូតជាមួយ កោះតៃវ៉ាន់ ហើយប្រទេសចិន តែងអះ អាងថា កោះតៃវ៉ាន់ជាទឹកដី របស់ខ្លួន និងនិយាយថា កោះប្រជាធិបតេយ្យនេះ គ្មានសិទ្ធិបង្កើតចំណងទាក់ទងផ្លូវការ ជា មួយប្រទេសណាមួយនោះឡើយ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសដែលបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយ តៃវ៉ាន់នោះគឺជាប្រទេស អែល សាល់ វ៉ាឌ័រ ដោយសារតែទទួលបាន អាទិភាពនៅក្នុងទំនាក់ទំនងនិងផលប្រយោជន៍ជាច្រើនពីចិន។
ការប្រកាសបង្កើតចំណងការទូតថ្មី រវាង ចិន និងអែល សាល់វ៉ាឌ័រ ត្រូវបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ រួមរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងសមភាគីអែល សាល់ វ៉ាឌ័រ លោក Carlos Castaneda ក្នុងទីក្រុង ប៉េកាំង នៅថ្ងៃអង្គារនេះ។ ប៉ុន្តែទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Joseph Wu បានចោទប្រកាន់ចិនថាបានប្រើប្រាស់អំណាចទឹកលុយដើម្បីអូសទាញ សម្ពន្ធមិត្តរបស់តៃវ៉ាន់។ លោក Wu បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «យើងមិនចង់បន្តប្រកួតប្រជែងដោយប្រើទឹកលុយជាមួយចិននោះទេ…ប៉ុន្តែការដាក់សម្ពាធរបស់ចិននឹងមានតែធ្វើឱ្យតៃវ៉ាន់ កាន់តែប្ដេជ្ញាចិត្តបន្តដើរតាមជំហានប្រជាធិបតេយ្យ និងសេរីភាពរបស់ខ្លួនតែ ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ប្រទេសអែល សាល់វ៉ាឌ័រ នឹងក្លាយជាប្រទេសទី៥ ដែលប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ចាប់តាំង ពីលោកស្រី Tsai Ing-wen ឡើងកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០១៦មក និងបន្ទាប់ពីប្រទេស បួរគីណា ហ្វាសូ (Burkina Faso), សាធារណរដ្ឋដូមីនិក (Dominican Republic), សៅតូម៉េ អែន ព្រីនស៊ីប (Sao Tome and Principe) និងប៉ាណាម៉ា (Panama) ដែលសុទ្ធតែ បានប្រកាសចំណងការទូតជាមួយតៃ វ៉ាន់។
មួយវិញទៀត ការសម្រេចចិត្តរបស់ អែល សាល់វ៉ាឌ័រ នឹងធ្វើឱ្យតៃវ៉ាន់នៅសល់សម្ពន្ធមិត្តតែ១៧ទៀត នៅទូទាំងពិភព លោក ខណៈ ភាគច្រើនក្នុងប្រទេសទាំង នេះ គឺជាប្រទេសក្រីក្រនៅក្នុងតំបន់អាមេរិកកណ្ដាល និងតំបន់ប៉ាស៊ីហ្វិក ដូចជា ប៊ែល លីស (Belize) និង នូរុ (Nauru)ជាដើម៕ ម៉ែវ សាធី