ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី អ៊ុងសាន ស៊ូជី មិនត្រូវបានដកហូតពានរង្វាន់ណូប៊ែលសន្តិភាពឡើយ

ចែករំលែក៖

គណៈកម្មការពានរង្វាន់ណូប៊ែលសន្តិភាពពិភពលោក បានប្រកាសថា នឹងមិនដកហូតពាន់រង្វាន់ណូប៊ែលសន្តិភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី នោះឡើយ ក្រោយរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីក្រុមជនជាតិអិស្លាមរ៉ូហ៊ីងយ៉ានៅមីយ៉ានម៉ា។

សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី២៩ ខែសីហា បានដកស្រង់សម្តី លោក Olav Njoelstadអគ្គលេខា នៃគណបកម្មការពានរង្វាន់ណូប៊ែលនៅប្រទេសណ័រវេយបានឲ្យដឹងថា «ចំណុចសំខាន់ដែលត្រូវចងចាំថា ពានរង្វាន់ណូបែល ទោះស្ថិតនៅក្នុងវិស័យណា ក៏ដោយវិទ្យាស្ត្រ ជីវ គីមី …សន្តិភាពគឺជាការខិតខំរបស់បុគ្គល ឬក្រុមក្នុងអតីតកាល ទើបទទួលបាន។ លោកស្រី អ៊ុងសាន ស៊ូជី ទទួលបានពាន់រង្វាន់នេះ គឺដោយសារតែការតស៊ូដើម្បីប្រជាធិបតេយ្យ និងសេរីដល់ឆ្នំា១៩៩១ ទើបលោកស្រីទទួលបានពានសន្តិភាពដ៏សំខាន់មួយនេះ»។

ទទឹមនឹងនោះ គណៈកម្មការពានរង្វាន់ណូបែលសន្តិភាពក៏បានបញ្ជាក់ថា តាមច្បាប់ គណៈកម្មការគ្មានសិទ្ធដកហូតពានរង្វាន់នោះមកវិញឡើយ។ មានការទាមទារឲ្យដកពានរង្វាន់ណូប៊ែលរបស់លោកស្រី ស៊ូជី ក្រោយពេលដែលក្រុមអ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានប្រកាស់ថា កម្លាំងទាហានមីយ៉ានម៉ា បានរំលោភបំពានសម្លាប់រង្គាល ក្រុមជនជាតិរ៉ូហ៊ីងយ៉ាដោយមានចេតនាសម្លាប់ផ្តាច់ពូជ។ មេបញ្ជាការកងទ័ពមួយរូប និងមេទ័ព៥រូបផ្សេងទៀត ត្រូវបានតុលាការឧក្រិដ្ឋកម្ម ចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅលើក្រុមជនជាតិរ៉ូហ៊ីងយ៉ា។

លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំរដ្ឋាភិបាលមីយ៉ានម៉ា ធ្លាប់ទទួលបានពាន់រង្វាន់ណូប៊ែលសន្តិភាព កាលពីឆ្នាំ១៩៩១ ដោយស្នាដៃខិតខំស្វែងរកលទ្ធិប្រជាធិបតេយ្យ រងការរិះគន់យ៉ាងខ្លាំង ដែលមិនអាចរារាំងកម្លាំងទាហានធ្វើសកម្មភាពសម្លាប់មនុស្សនៅរដ្ឋរ៉ាឃីន៕ ម៉ែវ សាធី


ចែករំលែក៖