អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី SOHR កាលពីថ្ងៃទី១៣ ខែកញ្ញា បានប្រកាសថា ចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល៧ឆ្នាំនៅក្នុងទឹកដីស៊ីរី កើនឡើងដល់ជាង ៣៦០.០០០នាក់ ។ ជាមួយគ្នានេះ កម្លាំងទាហានរដ្ឋាភិបាល ស៊ីរី បានត្រៀមវាយប្រហារដណ្តើមទីតាំងចុងក្រោយ ពីក្រុមប្រឆាំងនៅក្នុងខេត្តIdlib។
តាមតួលេខផ្លូវការរបស់អង្គការ SOHR បានបង្ហាញឲ្យឃើញថា មានពលរដ្ឋស៊ីរី ដល់ទៅ ៣៦៤.៧៩២នាក់ស្លាប់ ចាប់តាំង ពីសង្គ្រាមផ្ទុះឡើង នៅខែមីនាឆ្នាំ២០១១ មកទលពេលនេះ ។ ក្នុងរយៈពេល៦ខែចុង ក្រោយនេះ មានអ្នកស្លាប់កើនឡើងរហូត ១៣.០០០នាក់ទៀត។
តាមរបាយការណ៍ SOHR ដែលទទួល បានពីកម្លាំងទាហាន មន្ត្រីរដ្ឋាភិបាល និង បុគ្គលិកមន្ទីរពេទ្យ ដោយបង្ហាញឲ្យឃើញ ថា សង្គ្រាម៧ឆ្នាំនៅស៊ីរីសម្លាប់មនុស្ស ជាង៣សែននាក់ ក្នុងនោះមានពលរដ្ឋស្លូតត្រង់១១០.៦៨៧ ក្នុងនោះកុមារជាង ២០.០០០នាក់ ស្ត្រី ១៣.០០០នាក់។ ក្រៅពីនេះ នៅមាន ១២៤.០០០នាក់ស្លាប់ ដោយចូលរួមនៅក្នុងសង្គ្រាមផ្ទាល់ ហើយ៥០ភាគរយក្នុងចំណោមនោះគឺជាទាហាន រដ្ឋាភិបាលស៊ីរី ក្រៅពីនេះគឺកម្លាំងទាហាន មកពីក្រៅប្រទេស។
ក្រៅពីនេះ ខ្មាន់កាំភ្លើងក្រុម ភេរវកម្ម ៦៤.០០០នាក់ស្លាប់ និង ទាហានក្រុម ប្រឆាំង ៦៤.៨០០នាក់ស្លាប់ផងដែរ។
តាមតួលេខរបស់ SOHR បានបង្ហាញ ជាសាធារណៈ ក្នុងពេលដែល ស្ថានភាព ប្រទេសស៊ីរី កាន់តែ ប្រឈមគ្រោះថ្នាក់ ក្នុងពេលដែល ទាហានរដ្ឋាភិបាលស៊ីរី បានត្រៀមវាយប្រហារ ដណ្តើមទីតាំងចុងក្រោយពីក្រុងបះបោរ នៅខេត្តIdlib។
ចំណែកអង្គការសហប្រជាជាតិវិញ និងអង្គការជួយសង្គ្រោះ បានព្រមានថា ប្រសិនបើមានការវាយប្រហារជាទ្រង់ទ្រាយធំ កើតឡើងនៅខេត្តIdlibនោះ នឹងបង្កឲ្យ មានសោកនាដកម្ម ជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងរយៈពេល ៧ឆ្នាំនៃ សង្គ្រាម ដោយនៅក្នុងខេត្តនោះមានពល រដ្ឋជាង ៣លាននាក់ កំពុងរស់នៅទីនោះ។
អង្គការសហប្រជាជាតិ ក៏បានជំរុញឲ្យក្រុមប្រឆាំងចាកចេញពីតំបន់ប្រជុំជន ដើម្បីបញ្ចៀសការស្លាប់កាន់តែច្រើន។
នៅពេលនេះដែរ អាមេរិក បានបញ្ជូនទៅកាន់ព្រំដែនជាប់ប្រទេសស៊ីរីនូវក្រុមនាវាចម្បាំង បំពាក់មីស៊ីល បំបាំងកាយ ដល់ ទៅ ២០០ដើម ប្រភេទ Tomahawk ដើម្បីត្រៀមវាយកម្ទេចទីតាំងនានា ពេល ទទួលបានបទបញ្ជាពីប្រធានាធិបតី។
សារព័ត៌មាន Interfax របស់រុស្ស៊ី បាន ផ្សាយថា តាមតួលេខពីក្រុមឯកទេសត្រួតពិនិត្យតាមដែនសមុទ្រអន្តរជាតិ បាន បង្ហាញឲ្យឃើញថា នាវាចម្បាំង Arleigh Burke បំពាក់មីស៊ីល បានចូលទៅដល់ ដែនសមុទ្រ មេឌីទែរ៉ាណេ តាមច្រកសមុទ្រ Gibraltar ឆ្ពោះទៅកាន់ប្រទេសស៊ីរី។
ជាមួយនឹងការបញ្ជូននាវាខាងលើ ធ្វើ ឲ្យចំនួននាវាចម្បំាងរបស់អាមេរិកនៅតំបន់សមុទ្រ ជុំវិញស៊ីរី មានដល់ទៅ១០គ្រឿង ជាមួយនឹងមីស៊ីលជាង២០០ដើម ត្រៀម វាយប្រហារទីក្រុងដាម៉ាកាស ពេលមាន បញ្ជា។
តាំងពីដើមខែ មកទល់ពេលនេះ អាមេ រិក បានព្រមានវាយប្រហារស៊ីរី ដោយ ហេតុផលប្រើប្រាស់អាវុធគីមី។ អាមេរិក អាចនឹងវាយប្រហារម្តងទៀត ដោយ មីស៊ីលទៅលើប្រទេសស៊ីរី ហើយពេលនេះ មិនមែនវាយប្រហារតែ៥៩ដើម ដូចលើក មុនឡើយ គឺអាចឈានដល់ ២០០ដើម ឯណោះ។
ដោយសារស្ថាភាពគ្រោះថ្នាក់ពលរដ្ឋស៊ីរីនៅក្នុងខេត្ត Idlib (អុីដលីប) បាន ភៀសខ្លួនជាបន្តបន្ទាប់ ។នៅពេលនេះ ជនស៊ីវិលស៊ីរី ដែលរត់គេចចេញពីអំពើ ហិង្សា នៅខេត្ត អុីដលីប បានធ្វើដំណើរមក ដល់ទីក្រុង បាស៊ូតា គឺជារដ្ឋធានីមួយ គ្រប់ គ្រងដោយកងទ័ពរំដោះស៊ីរី គាំទ្រដោយ ទួរគី ។
វីដេអូឃ្លីប ដែលថតបាន ទូរទស្សន៍ TRT World ឃើញរថយន្តជាច្រើនគ្រឿង ដែលដឹកគ្រួសាររត់ភៀសខ្លួន បានធ្វើ ដំណើរមកដល់ទីក្រុង បាស៊ូតា ស្ថិតនៅ តំបន់ភាគពាយព្យអាហ្វ្រុីន ខណៈដែល ក្រុមឧទ្ទាម កងទ័ពរំដោះស៊ីរី បង្កើនការ រឹតបន្តឹងសន្តិសុខផងនោះ ។
បុរសម្នាក់ដែលមិនបានផ្តល់អត្តសញ្ញាណខ្លួនឯងមកពីទីក្រុង សេឃូន ខេត្ត អុីដលីប បាននិយាយថា ប្រជាពលរដ្ឋទាំងនេះ មាន អារម្មណ៍ភ័យខ្លាច និងតក់ស្លុតខ្លាំងណាស់ ដោយសារតែការវាយប្រហារតាមអាកាស និងស្ថានភាពដ៏អាក្រក់នៅទីនោះ ។
យោងតាមការអះអាងពីទីភ្នាក់ងារជំនួយអង្គការ សហប្រជាជាតិ បានឲ្យដឹងថា មកទល់នឹងពេលនេះ ជនស៊ីវិលស៊ីរីជាង ៣ម៉ឺននាក់ បានរត់ភៀសខ្លួន ចេញពីផ្ទះ សម្បែងរបស់ពួកគេ នៅភាគពាយព្យស៊ីរី ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលស៊ីរី និង ក្រុមសម្ពន្ធមិត្តដឹកនាំដោយរុស្ស៊ី ចាប់ផ្តើម វាយប្រហារតាមច្រកអាកាស និងទម្លាក់ គ្រាប់បែកនៅខេត្ត អុីដលីប កាលពីចុង សប្តាហ៍កន្លងទៅ ៕ ម៉ែវ សាធី