ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារដើម្បីចូលរួមរំលែកទុកជូន លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក នៅក្រុងប៉ាលូ និងដុងខាឡា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់។
សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំមានសេចក្តីរន្ធត់យ៉ាងខ្លាំង ដោយបានទទួលដំណឹងអំពីការបាត់បង់ជីវិតប្រជាជនជាច្រើន ហើយរាប់រយពាន់នាក់ផ្សេងទៀត ក៏បានបាត់ខ្លួន និងរងរួបស ក្នុងគ្រោះរញ្ជួយផែនដី និងរលកយក្ស ស៊ូណាមិ (Tsunami) ដែលបានបង្កការបំផ្លិចបំផ្លាញដ៏ធំ នៅទីក្រុងប៉ាលូ (Palu) កោះស៊ូឡាវេស៊ី (Sulawesi) នាចុងសប្តាហ៍នេះ”។
សូមបញ្ជាក់ថា រហូតដល់ពេលនេះចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសទីបំផុតបានកើនដល់១,២០៣នាក់ហើយ។
នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ កាលពីរសៀលថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨។
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានអំពាវនាវសុំការជួយពីអន្តរជាតិក្រោយពីប្រទេសអាស៊ានមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំដោយគ្រោះធម្មជាតិ ៕ ចេស្តា