ជារៀងរាល់ឆ្នាំមានមនុស្សជាច្រើន បានស្លាប់ដោយសារតែគ្រោះធម្មជាតិខ្យល់ ព្យុះ ទឹកជំនន់ ពិសេសគឺការរញ្ជួយដី ។ គ្រោះធម្មជាតិកើតឡើងក៏មានចំណែកនៃការចូលរួមរបស់មនុស្សផងដែរ ដែលបាន បំផ្លាញធនធានធម្មជាតិ បំពុលបរិយាកាស ផែនដី ទើបបណ្តាលឲ្យមានគ្រោះធម្មជាតិជាច្រើនកើតឡើង ។ តើអ្នកណាជាអ្នក ទទួលខុសត្រូវ?
ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានសម្លាប់ មនុស្ស ជិត២០០០នាក់ហើយ និងច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ត្រូវបានគេចេញត្រឹមតែរយៈពេល៣០នាទីប៉ុណ្ណោះ ប៉ុន្តែវាទំនងជាបានមើលស្រាលចំពោះ ទំហំនៃរលកយក្សស៊ូណាមិ ដែលកើត ឡើងតាមក្រោយ។ ហេតុដូច្នេះហើយ តើការស្លាប់របស់ពលរដ្ឋឥណ្ឌូនេស៊ី នរណា ជាអ្នកទទួលខុសត្រូវ? តើវាជាកំហុស របស់ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម ឬមួយក៏ជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី?
ការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ បានអង្រួន កោះភាគកណ្តាលស៊ូឡាវេស៊ី នៅវេលា ម៉ោង៦និង៣នាទី ម៉ោងក្នុងស្រុក កាលពី ថ្ងៃសុក្រ និងបន្តកើតមានឡើងនូវរលករញ្ជួយជាច្រើនលើកច្រើនសាទៀត។
ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម ឥណ្ឌូនេស៊ី បានចេញនូវសេចក្តីប្រកាស អាសន្នពីរលកយក្សស៊ូណាមិ ក្រោយការ រញ្ជួយដីដំបូង ដោយប្រកាសឲ្យដឹងពីរលកសមុទ្រកម្ពស់ពីកន្លះម៉ែត្រ ទៅ៣ម៉ែត្រ។ ប៉ុន្តែពួកគេបែរជាដកចេញសេចក្តីប្រកាសអាសន្ននេះវិញ រយៈពេលត្រឹមតែកន្លះម៉ោងក្រោយមកប៉ុណ្ណោះ។
ទីក្រុងប៉ាលូ ដែលជារដ្ឋធានី នៃកោះស៊ូ ឡាវេស៊ី ស្ថិតនៅតាមឆកសមុទ្រដ៏តូចមួយ រងការវាយប្រហារដោយសារតែរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ទៅ៦ម៉ែត្រ។ ការកញ្ជ្រោលឡើងនៃទឹករលកបានបោកផ្តាច់អគារ និងបង្កឲ្យមានការបំផ្លិចបំផ្លាញសកល។ មនុស្សរាប់រយនាក់ បានជួបជុំ គ្នាក្នុងពិធីបុណ្យមាត់សមុទ្រ ហើយវាបានក្លាយជាស្ថានភាពដ៏តក់ស្លុតជាទីបំផុតមួយ ពេលដែលរលកស៊ូណាមិ បោកបក់ មកដល់។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បាននិយាយថា ភាគច្រើននៃជនរងគ្រោះនៅទីក្រុងប៉ាលូ ត្រូវបាន សម្លាប់ដោយសារតែរលកស៊ូណាមិ។
+តើពលរដ្ឋនៅទីនោះ បានដឹងពីរលក យក្សស៊ូណាមិដែរឬទេ?
ក្រុមអ្នករិះគន់ជាច្រើន បានចោទប្រកាន់ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម សម្រាប់ការដកចេញសេចក្តីប្រកាសឆាប់ រហ័សពេក បើទោះបីជាទីភ្នាក់ងារមួយនេះ បានអះអាងថា រលកយក្សស៊ូណាមិ បាន កើតឡើងទៅហើយ ខណៈសេចក្តីប្រកាសអាសន្ននៅមានសុពលភាព។
លោកស្រី ឌ្វីកូរីតា កាណាវ៉ាទី ប្រធាន ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម បាននិយាយប្រាប់កាសែត Jakarta Post ថា ការសម្រេចចិត្តបញ្ចប់សេចក្តីប្រកាសអាសន្ននេះ ត្រូវបានធ្វើឡើង ក្រោយទីភ្នាក់ងារទទួលបានព័ត៌មានពីរលកយក្សស៊ូណាមិ ដែលរួមទាំងការសង្កេតការណ៍ជាក់ស្តែងបង្កើតឡើងដោយក្រុមការងាររបស់ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម នៅ ក្នុងទីក្រុងប៉ាលូ ផងដែរ។
លោកស្រីបន្តថា ការប្រកាសអាសន្នពី រលកយក្សស៊ូណាមិ បានបញ្ចប់នៅវេលា ម៉ោង៦និង៣៧នាទី ក្រោយរលកទី៣ និងចុងក្រោយគេ បានវាយប្រហារមកលើ កោះ។ លោកស្រី បាននិយាយផងដែរថា គ្មានរលកយក្សស៊ូណាមិបន្ថែមទៀតនោះទេ ក្រោយការប្រកាសអាសន្នបានបញ្ចប់។
យោងតាមការអះអាងពីក្រសួងទំនាក់ទំនង បានឲ្យដឹងថា មានបញ្ហាធំជាងនេះ ថ្វីដ្បិតតែការប្រកាសអាសន្នត្រូវបានបញ្ជូនហើយក៏ដោយក៏ការប្រកាសអាសន្នពីរ លកយក្សស៊ូណាមិនេះ ត្រូវបានគេបញ្ជូនទៅកាន់អ្នកស្រុកតាមសារជាអក្សរ ដែលពួកគេប្រហែលជាមិនទទួលបាននោះទេ។
អ្នកនាំពាក្យម្នាក់ របស់ទីភ្នាក់ងារគ្រោះ មហន្តរាយ បាននិយាយថា ការរញ្ជួយដី នេះ បានកាត់ផ្តាច់ចរន្តអគ្គិសនី និងខ្សែ ទំនាក់ទំនងហើយគ្មានស៊ីរ៉ែនប្រកាស អាសន្ននៅតាមបណ្តោយឆ្នេរនោះទេ។
វីដេអូមួយដែលគេបានចែករំលែកតាមព័ត៌មានសង្គម បង្ហាញពីស្ថានភាពដ៏តក់ ស្លុតបំផុត។ នៅក្នុងវីដេអូនេះ គេឃើញ បុរសម្នាក់ស្រែកយំ និងស្រែកប្រាប់មនុស្សនៅតាមបណ្តោយឆ្នេរថា រលកយក្ស កំពុង ខិតជិតមកដល់ហើយ។
+តើឥណ្ឌូនេស៊ី មានប្រព័ន្ធប្រកាស អាសន្នមុនគេពីរលកស៊ូណាមិដែរឬទេ?
ជាការពិតណាស់ថា ប្រព័ន្ធប្រកាស
អាសន្នមុនគេពីរលកយក្សស៊ូណាមិ របស់ ឥណ្ឌូនេស៊ី បច្ចុប្បន្នបង្កើតជាបណ្តាញ ស្ថានីយរលករញ្ជួយ១៧០កន្លែង ស្ថានីយវាស់កម្រិតល្បឿនរលករញ្ជួយ២៣៨ កន្លែង និងឧបករណ៍ស្ទង់រលករញ្ជួយ១៣៧កន្លែង។
ប៉ុន្តែយោងតាមសម្តីរបស់លោក រ៉ាម៉ាត ទ្រីយ៉ូណូ ប្រធានមន្ទីររលកស៊ូណាមិ និងការរញ្ជួយដីនៃទីភ្នាក់ងារភូគព្ភសាស្រ្ត និង ឧតុនិយម បានឲ្យដឹងងថា ប្រព័ន្ធដែលប្រើប្រាស់បច្ចុប្បន្នមានកំណត់នៅឡើយ។ លោក ទ្រីយ៉ូណូ បាននិយាយថា ឧបករណ៍ បច្ចុប្បន្នរបស់ពួកយើង មានភាពខ្វះខាត ច្រើនណាស់។
លោកបន្តថា ការពិតណាស់ថា នៅក្នុងចំណោមឧបករណ៍ចាប់សញ្ញារញ្ជួយដី១៧០គ្រឿង ដែលយើងមាន យើងមានថវិកាថែ រក្សាត្រឹមតែ៧០គ្រឿងប៉ុណ្ណោះ។
លោកបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ ដោយ យើងពិតជាដឹងថា ការពិតនោះ គឺប្រព័ន្ធមួយនេះ ដឹងពីរលកស៊ូណាមិ ដោយសារតែការប្រកាសអាសន្ន ត្រូវបាន បញ្ជូនចេញរួចទៅហើយ ប៉ុន្តែអ្វីដែលខក ខាននោះ គឺឧបករណ៍ស្ទង់រលករញ្ជួយលើទំហំនៃរលកយក្សស៊ូណាមិ។
ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម បានប្រកាសឲ្យដឹងថា ឧបករណ៍ស្ទង់រលករញ្ជួយជិតបំផុតនឹងទីក្រុងប៉ាលូ គឺស្ថិតនៅ ឆ្ងាយរហូតដល់ជាង២០០គ.មឯណោះ។
ឧបករណ៍ស្ទង់រលករញ្ជួយ ដែលវាស់ពីការផ្លាស់ប្តូរនៃកម្រិតនីវ៉ូទឹកសមុទ្រ បាន កត់ត្រាតែរលកសមុទ្រកម្ពស់៦សង់ទីម៉ែត្រ ហើយកម្ពស់រលកស៊ូណាមិ ត្រូវបានគេ ប៉ានស្មាន់ថា មានតិចជាងកន្លះម៉ែត្រ ប៉ុណ្ណោះ។
លោក ទ្រីយ៉ូណូ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យើងគ្មានទិន្ន ន័យនៅទីក្រុងប៉ាលូនោះទេ ហេតុដូច្នេះ ហើយ យើងត្រូវតែប្រើប្រាស់ទិន្នន័យដែលយើងមាន ហើយយើងធ្វើការហៅទូរស័ព្ទ ដោយផ្អែកលើទិន្នន័យមួយនេះ។
លោកបន្តថា បើសិនជាយើងមាននូវ ឧបករណ៍ស្ទង់រលករញ្ជួយ ឬទិន្នន័យត្រឹម ត្រូវជាងនេះ នៅក្នុងទីក្រុងប៉ាលូ ពិតណាស់ ថា យើងនឹងទទួលបានលទ្ធផលល្អជាង នេះ។ នេះគឺជាអ្វីមួយដែលយើងត្រូវតែធ្វើការវាយតម្លៃសម្រាប់ពេលអនាគត៕ ម៉ែវ សាធី