ព័ត៌មានទាន់ហេតុការណ៍៖

សា្លប់ និងរបួសជិត១០០នាក់ ដោយគ្រោះថា្នក់រថភ្លើងធ្លាក់កង់ចេញពីផ្លូវដែក

ចែករំលែក៖

មកទល់ពេលនេះ មានអ្នកសា្លប់កើនឡើងដល់១០នាក់ ហើយនិងជាង៨០នាក់រងរបួសនៅក្នុងហេតុការណ៍រថភ្លើង ដឹកអ្នកដំណើរ ធ្លាក់កង់ចេញពីផ្លូវ បណ្តាលឲ្យក្រឡាប់ ។ រថភ្លើងជួបគ្រោះថ្នាក់ខាងលើ ធ្វើដំណើរពីទីក្រុង Morocco ទៅកាន់ស្រុក មួយនៅភាគខាងជើងប្រទេស ។

ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅរសៀលថ្ងៃទី១៦ ខែតុលា ពេលដែលរថភ្លើងចូលទៅដល់ស្រុក Sidi Bouknadel ជិតទីក្រុង Sale។ នៅកន្លែងកើតហេតុ ទ្វារបង្អួច កៅអី វ៉ាល្លីស អ្នកដំណើរ បែកបាក់ គ្របដណ្តប់ពេញកន្លែងគ្រោះថ្នាក់ ។ អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ Rabat នៅក្បែរ នោះ ។ ក្រុមជួយសង្គ្រោះ កំពុងស្វែងរកអ្នកដែលជាប់គាំងនៅខាងក្នុងរថភ្លើង ។

មន្ត្រីគ្រប់គ្រងចរាចរណ៍ផ្លូវដែក បានទៅកាន់កន្លែងកើតហេតុ ដោយចាប់ផ្តើមបើកការស្រាវជ្រាវបញ្ជាក់ពី មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ ។ ពលរដ្ឋនៅក្នុងតំបន់បានឲ្យដឹងថា «យើងបានឮស៊ូសម្លេងខ្លាំង អមទៅដោយសម្លេងផ្ទុះខ្លាំងផងដែរ ។ លោក Mourad El Kbiri ម្ចាស់ហាងកាហ្វេនៅក្បែរនោះបានឲ្យដឹងថា « ខ្ញុំបានរត់ចេញទៅក្រៅមើលថា តើមានរឿងអ្វីកើតឡើង ។ ពិតជារឿងរន្ធត់ណាស់ នៅទីកន្លែងនោះ គ្របដណ្តប់ទៅដោយសាកសព និងអ្នករងរបួស ឈាម គ្រប់ទីកន្លែង» ។

ក្រសួងសុខាភិបាលបានប្រកាសអាសន្ន និងអំពាវនាវឲ្យពលរដ្ឋបរិច្ចាគឈាម និងបញ្ជូនឈាមទៅកាន់តំបន់ Rabat ជាបន្ទាន់ជួយដល់ជនរងគ្រោះ ។ ប្រធានក្រុមហ៊ុនផ្លូវដែក រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ ដឹកជញ្ជូន ម៉ារ៉ុក ក៏បានទៅកាន់កន្លែងកើតហេតុពិនិត្យសភាពការណ៍ផងដែរ ៕ ម៉ែវ​សាធី


ចែករំលែក៖