យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានបុកទៅនឹងបង្គោល នៅក្នុងអាកាសយានដ្ឋាន Fatmawati ក្នុងទីក្រុង Bengkulu ប្រទេសឥណ្ឌូនេស៊ី។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅពេលយន្តហោះមានលេខហោះហើរ JT633 ដឹកអ្នកដំណើរ១៤៣នាក់ ត្រៀមហោះហើរទៅកាន់ទីក្រុងចាការតា។ គ្រោះថ្នាក់ខាងលើ បានធ្វើឲ្យយន្តហោះដាច់ស្លាបឆ្វេងមួយចំហៀង។
រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Irsan Hidayat បង្ហាញឲ្យឃើញថា បំណែកធំៗនៃស្លាបយន្តហោះ រាយប៉ាយពេញផ្លូវហោះហើរ។ ចំណែកអ្នកដំណើរ កាន់វ៉ាល្លិស អូសរត់គេចចេញពីយន្តហោះ។
បណ្តាញព័ត៌មាន CNN ប្រចាំនៅឥណ្ឌូនេស៊ីបានដកស្រងសម្តីមន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Lion Air ដោយបានបញ្ជាក់ថា យន្តហោះមួយផ្សេងទៀត បានបញ្ជូនទៅដឹកអ្នកដំណើរបន្តឆ្ពោះទៅកាន់ទីក្រុងចាការតា។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងចំពេលដែលគ្រោះថ្នាក់យន្តហោះ កាលពីថ្ងៃទី២៩ ខែតុលា ដែលបានសម្លាប់មនុស្ស១៨៩នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើដូចគ្នា។ នៅពេលនេះ មូលហេតុពិតប្រាកដបណ្តាលឲ្យយន្តហោះ JT610 ជួបគ្រោះថ្នាក់មិនទាន់ដឹងនៅឡើយ។ ប៉ុន្តែមានការសន្និដ្ឋានថា អាចបណ្តាលមកពីបញ្ហាកុងទ័រល្បឿននៃយន្តហោះ។
តាមគម្រោងការប្រកាសពីមូលហេតុពិតប្រាកដបណ្តាលឲ្យយន្តហោះ JT610 ជួបគ្រោះថ្នាក់នោះនឹងត្រូវប្រកាសនៅចុងសប្តាហ៍នេះ៕ មែវ សាធី