កូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់ទឹកប្រាក់ជំនួយរាប់ពាន់លានដុល្លារ ដោយ២/៣នៃប្រាក់ជំនួយនោះមិនចាំបាច់សងវិញឡើយ ក្នុងគោលដៅជួយដល់ កូរ៉េខាងជើង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។
សារព័ត៌មាន AFP នៅថ្ងៃទី៨ខែវិច្ឆិកាបានផ្សាយថា កូរ៉េខាងត្បូង សន្យាផ្តាល់ជំនួយជាទឹកប្រាក់២៩៥,១ពាន់លានវ៉ន់ ជួយដល់កូរ៉េខាងជើង កសាងផ្លូវដែក និងផ្លូវរថយន្ត។ ព័ត៌មានខាងលើបានប្រកាសជាសាធារណ ក្នុងពេលដែលទីក្រុងសេអូលជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយទីក្រុងព្យុងយ៉ាងបើទោះបី សហគមន៍អន្តរជាតិ នៅតែបន្តដាក់ទណ្ឌកម្ម លើកូរ៉េខាងជើងក្តី។
នៅក្នុងជំនួបជាមួយមេដឹកនាំ គីមជុងអ៊ុន នាពេលកន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូន ជេអីន បានបញ្ចាក់ពីការជួយដល់កូរ៉េខាងជើង អភិវឌ្ឍន៍ផ្លូវដែកដែលមានសភាពចាស់ និងតភ្ជាប់ជាមួយផ្លូវដែកកូរ៉េខាងត្បូង ។
តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានបញ្ចាក់ថាទឹកប្រាក់១៨៦,៤ពាន់លានវ៉ន ផ្តាល់ជំនួយអត់សំណង និងប្រាក់១០៨,៧ពាន់លានវ៉ន ជាប្រាក់កម្ជី។ មន្ត្រីក្រសួងឯកភាពជាតិបានបញ្ចាក់ទៀតថា «យើងនឹងសហការជាមួយអាមេរិក ដើម្បីអនុវត្តគម្រោង ខាងលើ តាមកិច្ចព្រមព្រៀង កូរ៉េខាងជើង និងកូរ៉េខាងត្បូង ។
កាលពីសប្តាហ៍កន្លងមក ទីក្រុងសេអូលនិងទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមបង្កើតក្រុមការងាថ្មីដើម្បីអនុវត្តគម្រោង ទាំងឡាយ ក្រោយពេលអាមេរិក បង្ហាញ ពីក្តីបារម្ភដល់ទំនាក់ទំនង កូរ៉េទាំង ពីរ ខ្លាចមានការលាក់បាំង អ្វីមួយដល់អាមេរិក ៕ សាធី