ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែល បន្ថែមកម្លាំងនៅកាហ្សា សង្គ្រាមវាយប្រហារ ទ្រងទ្រាយធំជិតផ្ទុះឡើយ?

ចែករំលែក៖

កម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ជូនទៅកាន់ព្រំដែន ជាប់កាហ្សា ជាមួយ និងសព្វាវុធទំនើប ៗ ក្នុងនោះមាន រថពាសដែក រថក្រោះ ក្នុងពេលដែលមានភាពតានតឹង កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយក្រុមហាម៉ាស ។

អ្នកនាំពាក្យកម្លាំងទាហានអ៊ីស្រាអែល លោក Ronen Maneliបានបញ្ជាក់ថា «យើងស្ថិតនៅក្នុងដំណាក់កាលនៃការដាក់ពង្រាយកងទ័ព រថក្រោះ រថពាសដែក យន្តហោះចម្បាំង និងអាវុធទំនើបៗជាច្រើនទៀត ទៅកាន់កាហ្សា ។ ក្រៅពីនេះយើងក៏បានបញ្ជូនកម្លាំងជំនួយពីក្រោយ និងប្រព័ន្ធមីស៊ីលការពារ ផងដែរ ដើម្បីទប់ស្កាត់ការវាយប្រហារពីកាហ្សា»។

នៅក្នុងសេចក្តីប្រកាស កម្លាំងទាហានអ៊ីស្រាអែល បានបញ្ជាក់ថា បានបើកការវាយប្រហារ ទៅលើទីតាំង ១៥០កន្លែង របស់ក្រុមហាម៉ាស និងក្រុម Jihad នៅកាហ្សា ។ ក្រៅពីនេះ ក៏បានកម្តេចផ្លូវក្រោមដី ព្រមទាំងប្រព័ន្ធមីស៊ីល នៅទីក្រុងកាហ្សា ។ ការវាយប្រហារខាងលើ របស់អ៊ីស្រាអែលគឺដើម្បីតបតទៅនឹងការបាញ់មីស៊ីលទៅលើអ៊ីស្រាអែល ពីតំបន់កាហ្សា ។

ប្រព័ន្ធផ្សព្វផ្សាយនានារបស់អ៊ីស្រាអែលបានផ្សាយថា កម្លាំងទាហានអ៊ីស្រាអែល បានបើកភ្លើងខៀវ សម្រាប់វាយប្រហារនៅកាហ្សា ។

ពាក់ព័ន្ធស្ថានភាពហឹង្សាកើតឡើងនៅក្នុងតំបន់កាហ្សា អង្គការសហប្រជាជាតិបានជួបប្រជុំជាសម្ងាត់ នៃក្រុមប្រឹក្សាដើម្បីភាក្សាលើស្ថានភាពហឹង្សា កើនឡើងខ្ពស់ ។ប៉ុន្តែ កិច្ចពិភាក្សានោះមិនទទួលបានសម្លេងរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់វិបត្តិនើលើយ ។

ប៉ុន្មានថ្ងៃចុងក្រោយនេះអំពើហិង្សាបានផ្ទុះឡើងទាហានរវាងអ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីន នៅក្នុងតំបន់កាន់កាប់កាហ្សាស្រ្ទីប រយៈពេល១ថ្ងៃក្រោយក្រុមជីវពល៧នាក់ និងទាហានអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់អំឡុងប្រតិបត្តិការវាយឆ្មក់មួយរបស់អ៊ីស្រាអែលនៅតំបន់កាហ្សាស្រ្ទីប។

ក្រុមជីវពលបានបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ជាង៣០០គ្រាប់ មកលើអ៊ីស្រាអែល ដោយគ្រាប់រ៉ុក្កែត១គ្រាប់ធ្លាក់ត្រូវរថយន្តក្រុង១គ្រឿង នឹងធ្វើឲ្យទាហានម្នាក់ដែលឈរជើងនៅក្បែរនោះ រងរបួសធ្ងន់។

អ៊ីស្រាអែល បានឆ្លើយតបវិញជាមួយនឹងការវាយប្រហារជាង៧០លើក មកលើគោលដៅរបស់ក្រុមហាម៉ាស់ និងក្រុមឧទ្ទាមជីហាដ។

ដោយឡែក ជនប៉ាឡេស្ទីន៣នាក់ ក្នុងនោះ២នាក់គឺជាជីវពល ត្រូវបានសម្លាប់។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅក្នុងតំបន់កាហ្សាស្រ្ទីប បាននិយាយថា ជនប៉ាឡេស្ទីន៩នាក់ បានរងរបួស ខណៈដែលក្រុមគ្រួពេទ្យអ៊ីស្រាអែល បាននិយាយថា មនុស្ស១០នាក់នៅខាងភាគីអ៊ីស្រាអែល បានរងរបួសដូចគ្នា។

ឧត្តមសេនីយ៍ទោអ៊ីស្រាអែល លោក កាមិល អាប៊ូ រូខាន់ បានធ្វើការព្រមានថា ក្រុមហាម៉ាស់ បានឆ្លកាត់ខ្សែបន្ទាត់ក្រហម ៕ ម៉ែវ សាធី


ចែករំលែក៖