ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើអាមេរិក រៀបចំជំនួបជាមួយកូរ៉េខាងជើង ឆាប់ៗនេះ

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអីន បានអំពាវនាវដល់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជួបពិភាក្សា លើកទីពីរ ឲ្យបានឆាប់បំផុត ក្រោយមកគឺជាជំនួប ត្រីភាគី រវាង កូរ៉េទាំងពីរ នឹងអាមេរិក ព្រមទាំងប្រកាសបញ្ចប់សង្គ្រាមឧបទ្វីប ។

ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងគឺ លោក Moon Chung In បានអំពាវនាវដល់អាមេរិករៀបចំជំនួប កំពូល លើកទីពីរ កាន់តែឆាប់កាន់តែល្អ ដើម្បីដោះស្រាយចំណុចមិនទាន់ដោះស្រាយជុំវិញ កម្មវិធីបរមាណូកូរ៉េខាងជើង ។

លោក Moon Jong In បានបញ្ជាក់ថា«ជំហានដ៏ល្អបំផុតនោះ គឺជំនួបលើកទីពីរ រវាង អាមេរិក នឹងកូរ៉េខាងជើង ក្រោយមក គឺជាជំនួបត្រីភាគី និងសេចក្តីប្រកាសបញ្ចប់សង្គ្រាម ហើយលោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងសេអ៊ូល»។ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ការិយាល័យ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញពីក្តីសង្ឃឹមថា នឹងមានដំណើរទស្សនកិច្ច មកកាន់ទីក្រុងសេអ៊ូល ពីសំណាក់ មេដឹកនាំ គីម ជុងអ៊ុន ។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ បានផ្សាយថា កូរ៉េខាងត្បូង បានត្រៀមលក្ខណៈ សម្រាប់ដំណើរទស្សនកិច្ច ជាផ្លូវការរបស់មេដឹកនាំ គីម ជុងអ៊ុន ហើយសង្ឃឹមថា ព្រឹត្តិការណ៍សំខាន់នេះ នឹងត្រូវ ធ្វើឡើង នៅថ្ងៃទី១៣ ទី១៤ ខែធ្នូខាងមុខ ។ ប៉ុន្តែកូរ៉េខាងជើង បានស្នើឲ្យពន្យារពេលដោយសារតែបញ្ហាសន្តិសុខ ។

សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងនៅថ្ងៃទី ៣០ ខែវិច្ឆិកា បានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានបន្ត ដាក់កូរ៉េខាងជើង នៅក្នុងបញ្ជីខ្មៅនៅឡើយទេ ស្តីពីការជួញដូរមនុស្ស ។

សំណើឲ្យមានកិច្ចពិភាក្សាជាលើកទីពីរ កើតឡើង ក្នុងពេលដែលទំនាក់ទំនង រវាងកូរ៉េខាងជើង នឹងខាងត្បូង កាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ ទាំងនយោបាយសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ។

កន្លងមក កូរ៉េខាងជើង ក៏បានប្រកាសថា នឹងអនុញ្ញាត ឲ្យក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅកាន់ទីតាំង បរមាណូ ត្រួតពិនិត្យ ដើម្បីបញ្ជាក់ការពិត ថា កូរ៉េខាងជើង ពិតជាមានបំណងរំសាយអាវុធបរមាណូដើម្បីដោះដូរ ការលុបទណ្ឌកម្ម ពីអាមេរិក និងអន្តរជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជួ យដល់ពលរដ្ឋរួចផុតពីភាពក្រីក្រ ។

កន្លងមក កូរ៉េទាំងពីរ បាន ព្រមព្រៀងគ្នាចាប់ផ្តើមការត្រួតពិនិត្យបណ្តាញផ្លូវដែករួមគ្នា ពីថ្ងៃទី៣០ ខែវិច្ឆិកានេះ តទៅ ក្រោមគោលដៅពង្រឹងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចចុះសង្កេតការណ៍រួមគ្នានេះ នឹងប្រព្រឹត្តទៅរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ទៅលើបណ្តាញផ្លូវដែកចំនួនពីរខ្សែ ដែលរត់ឆ្លងកាត់ព្រំដែនអន្តរកូរ៉េ តាមបណ្តោយតំបន់ភាគខាងកើត ដល់ភាគខាងលិច នៃឧបទ្វីបកូរ៉េ ។ ការចុះត្រួតពិនិត្យលើផ្លូវដែក ដែលរត់កាត់ព្រំដែនប្រទេសទាំងពីរបែបនេះ នឹងក្លាយជាព្រឹត្តិការណ៍លើកទីមួយ គិតចាប់តាំងពីឧបទ្វីបកូរ៉េត្រូវបានបែកខ្ញែកជាពីរ។

គួរជម្រាបថា កិច្ចការខាងលើនេះ គឺជាផែ្នកមួយនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ កាលពីខែមេសា កន្លងទៅ ក្នុងការធ្វើទំនើបកម្ម និងឈានដល់ការតភ្ជាប់បណ្តាញផ្លូវដែកឆ្លងប្រទេសទាំងពីរឡើងវិញ ទាំងស្រុង ដោយវាគឺជាគម្រោងសំខាន់មួយ សំដៅជួយជ្រោមជ្រែងកិច្ចខិតខំផ្សះផ្សាតំបន់ឧបទ្វីបកូរ៉េ ៕ ម៉ែវ សាធី


ចែករំលែក៖