តុលាការប្រទេសកាណាដា បាននិងកំពុងពិចារណាថា តើព្រមអនុញ្ញាតឲ្យ CFO ក្រុមហ៊ុន Huawei បង់ប្រាក់ធានាដើម្បីបាននៅក្រៅឃុំដែរឬយ៉ាងណា ខណៈដែលអ្នកស្រីកំពុងប្រឈមការធ្វើបត្យាប័នទៅកាន់អាមេរិកនោះ ។ ការធ្វើសវនាការកាលពីថ្ងៃ ទី១០ ខែធ្នូ នៅតុលាការប្រទេសកាណាដានោះ ពុំទាន់មានលទ្ធផលសម្រេចផ្លូវការនៅឡើយទេ ។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិក មានបំណងចង់បានការធ្វើបត្យាប័ន លោកស្រី Meng Wanzhou CFO ក្រុមហ៊ុន Huawei ទៅកាន់ទឹកដីអាមេរិក ដើម្បីប្រឈមការដាក់ទោសពីបទបំពានដល់ទណ្ឌកម្មអាមេរិកទៅលើអ៊ីរ៉ង់ ដោយសារតែក្រុមហ៊ុននេះ នៅបន្តវិនិយោគជួយដល់ប្រទេសអ៊ីរ៉ង់នោះ ។
អ្នកស្រី Meng អាយុ៤៦ឆ្នាំ ជាកូនស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ ខណៈដែលកំពុងតែចាំជើងហោះហើរនៅ Vancouver ។ អ្នកស្រីអះអាងថា គាត់ជាជនគ្មានកំហុសនោះទេ ហើយថា និងប្រឆាំងបតបការចោទប្រកាន់ទាំងឡាយមកលើអ្នកស្រី ។
លោក David Martin មេធាវីរបស់អ្នកស្រី Meng បាននិយាយថា កូនក្តីរបស់លោកសុខចិត្តបង់ប្រាក់ធានា មានប្រមាណ១៥លានដុល្លារកាណាដា ដើម្បីបាននៅក្រៅឃុំ ៕ ម៉ែវសាធី