ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូនយន្តហោះ ចម្បាំងទៅកាន់គ្រីមៀ ក្នុងពេលមានភាពតានតឹង កាន់តែខ្លាំងជាមួយអ៊ុយក្រែន

ចែករំលែក៖

ក្រសួងការពារជាតិ រុស្ស៊ីបានប្រកាសឲ្យដឹងថា កម្លាំងទាហានប្រទេសនេះ បានបញ្ជូនយន្តហោះចម្បាំង ១០គ្រឿង ប្រភេទ Su-27 និង Su-30 ទៅកាន់ តំបន់គ្រីមៀ ដែលជាអតីតទឹកដីអ៊ុយក្រែន បានផ្តាច់ខ្លួនចូលជាមួយរុស្ស៊ី។ ទីក្រុងមូស្កូបានចោទប្រកាន់ អ៊ុយក្រែន ថាបានត្រៀមលក្ខណធ្វើសកម្មភាព នៅជិតតំបន់គ្រីមៀ នាចុងឆ្នាំនេះ ។

សារព័ត៌មាន Moscow Times បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្តហោះ Su-27 និង Su-30 បានបញ្ជូនទៅកាន់តំបន់គ្រីមៀ ។ យន្តហោះចម្បាំងទាំងអស់នោះ នឹងចុះចតនៅអាកាសយានដ្ឋានយោធានៅគ្រីមៀ នាថ្ងៃទី២២ ខែធ្នូ ខាងមុខ ។ ក្រៅពីនេះ រុស្ស៊ីក៏បានបញ្ជូន សព្វាវុធទំនើបៗ ជាច្រើនទៀត ទៅកាន់ទីនោះផងដែរ ។

ព័ត៌មានខាងលើត្រូវបានប្រកាសជាសាធារណៈ ក្រោយពេលដែល ដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Lavrov បញ្ជាក់ថា អ៊ុយក្រែនបានត្រៀមលក្ខណៈធ្វើសកម្មភាព ឌឺដង នៅលើតំបន់គ្រីមៀ ក្នុងអំឡុង ១០ថ្ងៃចុងក្រោយ នៃខែធ្នូ នេះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានព្រមានថា ទីក្រុងមូស្កូមិនអនុញ្ញាត ឲ្យ រដ្ឋាភិបាលអ៊ុយក្រែនសម្រេចបាននូវគម្រោងខាងលើនោះឡើយ ។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានបញ្ជាក់ថា នឹងមិនស្វែងរកការធ្វើសង្គ្រាមជាមួយអ៊ុយក្រែននោះដែរ ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា «យើងមិនប្រឆាំងអ៊ុយក្រែនឡើយ គឺពលរដ្ឋអ៊ុយក្រែន នៅតំបន់ Donabss ជាអ្នកប្រឆាំងអ៊ុយក្រែនផ្ទល់»។

ទំនាក់ទំនង រវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែតានតឹងក្រោយពេលរុស្ស៊ីបានចាប់ខ្លួន នាវាចម្បាំង អ៊ុយក្រែន៣គ្រឿង និងនាវឹក ២៤នាក់ ដោយចោទប្រកាន់ថា បានចូលបំពាន់ ដែនសមុទ្ររុស្ស៊ី ស្ថិតនៅតំបន់សមុទ្រ Kerch ។ មកទល់ពេលនេះ រុស្ស៊ីនៅតែមិនព្រមដោះលែងនាវឹក អ៊ុយក្រែន បើទោះបីមានការអំពាវនាវពី អាមេរិក និងបណ្តាប្រទេសលោកខាងលិចក្តី ។

ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានចោទប្រកាន់រុស្ស៊ីថា បានបញ្ជូនកម្លាំងទាហាន ៨ម៉ឺននាក់ និងប្រព័ន្ធមីស៊ីល ភ្លើងធំ១.៤០០គ្រឿង, រថក្រោះ៩០០គ្រឿង រថយន្តចម្បាំង២.៣០០គ្រឿង , យន្តហោះចម្បាំង៥០០គ្រឿង និងឧទ្ធម្ភាគចក្រ៣០០គ្រឿង ៕


ចែករំលែក៖