ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលវាយប្រហារតាមដែនអាកាស​ ទៅរកទីតាំងឃ្លាំងអាវុធ​ ជិតទីក្រុង Damascus

ចែករំលែក៖

យន្តហោះចម្បាំងអ៊ីស្រាអែល ស្រាប់តែបាញ់ប្រហារ​តាមដែនអាកាស​ដោយមីស៊ីល សំដៅទៅលើ​ទីតាំងឃ្លាំងអាវុធ នៅជិតទីក្រុង Damascus កាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ របួសទាហាន​៣នាក់ ។ ប្រភពពី​យោធា​ស៊ីរី អះអាងថា មីស៊ីលជាច្រើនគ្រាប់ត្រូវ​ប្រព័ន្ធការពារដែនអាកាស​របស់ស៊ីរីបាញ់ទម្លាក់ ។

ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរី​មូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល​វាយប្រហារ​គោលដៅ​៣កន្លែង ភាគខាងត្បូងទីក្រុង Damascus ដែលជាទីតាំងឃ្លាំងអាវុធ​របស់ក្រុម​ ពួកឧទ្ទាម Hezbollah លីបង់ និងកងកម្លាំងអ៊ីរ៉ង់​។

នេះជាដំណឹងវាយប្រហារលើកទីមួយ​នៅជិតរដ្ឋធានី Damascus ក្រោយពីដូណាល់ ត្រាំ ប្រកាស​ដក់ទាហានអាមេរិក​២ពាន់នាក់ចេញពីទឹកដីស៊ីរី ។

ក្រោយការប្រកាស​របស់ប្រធានាធិបតីអាមេរិកដកកងទ័ពនេះភ្លាម មេដឹកនាំអ៊ីស្រាអែល បែន ចាមីន ណេតាន់យ៉ាហ៊ូ ថ្លែងថា អ៊ីស្រាអែល​នឹងមិនបញ្ឈប់សកម្មភាពវាយប្រហារ​​​ប្រឆាំងទៅនឹងការប៉ុនប៉ងរុលខ្លួនចូលរបស់ទាហានអ៊ី​រ៉ង់​​នៅក្នុងទឹកដីស៊ីរីនោះទេ ។

ប្រភពពីក្រសួងការពារជាតិ​អ៊ីស្រាអែលថា មីស៊ីល​បានបាញ់ចេញពី​បន្ទាយ​កងទ័ពជើងអាកាស​Lebanese ហើយត្រូវបានគេបាញ់ទម្លាក់​អស់ជាច្រើនគ្រាប់ ទម្រាំ​បានចូលទៅដល់គោលដៅ បំផ្លាញទីតាំងឃ្លាំងអាវុធ​នោះ ។

អ្នកនាំពាក្យកម្លាំងយោធាអ៊ីស្រាអែល​មិនបានបញ្ជាក់​អំពីការការវាយឆ្មក់នេះទេ ប៉ុន្តែ​ក្នុងសេចក្តីថ្លែងការណ៍​មួយ​បាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល​បានប្រតិបត្តិការ​ការពារ​ប្រឆាំង​​ទប់ទល់​ជាមួយ​មីស៊ីលប្រឆាំងយន្តហោះចម្បាំង ដែលបាញ់ចេញពីទឹកដីស៊ីរី ហើយថា គ្មាន​ការខូចខាត ឬគ្រោះថ្នាក់ណាមួយដោយសារអ៊ីស្រាអែលនោះទេ ។

គេបានជឿជាក់ថា អ៊ីស្រាអែល​ជាអ្នកនៅពីក្រោយ​ខ្នង​ការវាយប្រហារតាមដែនអាកាស​​​ច្រើនគ្រា​មកហើយ​ គៅលដៅទៅលើកម្លាំងអ៊ីរ៉ង់ និងក្រុម Hezbollah ដែលធ្វើសមរភូមិជាមួយទាហានស៊ីរី ហើយការវាយប្រហារចុងក្រោយបំផុត គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ។

រុស្ស៊ីបានប្រកាស​ផ្តល់ជូន​ប្រព័ន្ធមីស៊ីលការពារ​ S-300 ទៅឲ្យរដ្ឋាភិបាលស៊ីរី​កាលពីខែតុលា ក្រោយពី​យន្តហោះឈ្លបយកការណ៍របស់រុស្ស៊ី ត្រូវបានច្រឡំបាញ់ទម្លាក់​កាលពីថ្ងៃទី១៧ ខែកញ្ញា ដោយកងកម្លាំងទាហានស៊ីរី ខណៈកំពុងបាញ់តបតជាមួយមីស៊ីលអ៊ីស្រាអែលដែលបាញ់ពីអាកាស​៕


ចែករំលែក៖