និស្សិត ៣នាក់ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះក្នុងបន្ទប់ពិសោធន៍ នៅមហាវិទ្យាល័យ Beijing Jiaotong ក្នុងរដ្ឋធានី ប៉េកាំង ប្រទេសចិន ។
សារព័ត៌មាន SCMP បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនៅវេលាម៉ោង៩និង ៣០នាទីព្រឹក នៅពេលដែលក្រុមនិស្សិតផ្នែកវិស្វករ បរិស្ថាន បានពិសោធន៍ ស្តីពីការដោះស្រាយ ប្រព័ន្ធទឹកកខ្វក់ ស្ថិតនៅក្នុងបន្ទប់ពិសោធន៍នៅភាគខាងកើតសាលារៀន ។
តាមការប្រកាសរបស់ក្រុមជួយសង្គ្រោះ និងពន្លត់អគ្គិភ័យទីក្រុងប៉េកាំង បានបញ្ជាក់ថា «គ្រោះថ្នាក់ខាងលើបណ្តាលឲ្យ និស្សិត ៣នាក់ ស្លាប់ »។ មូលហេតុបណ្តាលឲ្យផ្ទុះ បន្ទប់ពិសសោធន៍នោះ កំពុងតែស្រាវជ្រាវ ។
ឃ្លីបវីដីអូ ដែលបានបង្ហោះ នៅលើបណ្តាញ សង្គមបង្ហាញឲ្យឃើញថា ភ្លើងឆេះនិងផ្សែង អាចមើលឃើញពីចម្ងាយ ។ ក្រុមពន្លត់អគ្គិភ័យ៨ក្រុម និងសម្ភារមានរថយន្តពន្លត់អគ្គិភ័យ ៣០គ្រឿង បានបញ្ជូនទៅកាន់ កន្លែងកើតហេតុ។
និស្សិតដែលសិក្សានៅសាលាខាងលើ បានឲ្យដឹងថា មានសំឡេងផ្ទុះខ្លាំងៗ នៅក្នុងបន្ទាប់ពិសោធន៍ខាងលើ បន្ទាប់មកក៏មានភ្លើងផ្សែងលេចចេញពីកន្លែងពិសោធន៍នោះ ។
នៅក្នុងសេចក្តីប្រកាសរបស់ មហាវិទ្យាល័យ Beijing Jiaotong បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានភាព ។ តំបន់ខាងលើ ត្រូវបាន បិទ ដើម្បីបើកការស្រាវជ្រាវ ៕