ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៩នេះជាឆ្នាំនៃការប្រឈមមុខដាក់គ្នារវាងចិន នឹងអាមេរិកឬ?

ចែករំលែក៖

សារព័ត៌មាន The Sun បានដកស្រង់ សម្តីឧត្តមសេនីយ៍ឯក កងទ័ពជើងទឹក ចិនលោក យាន ឡុង អនុប្រធាននៃវិទ្យាស្ថានយោធាចិនដែលបានព្រមានថា កម្លាំងទាហានចិន អាចនឹងវាយពន្លិចនាវាផ្ទុកយន្តហោះអាមេរិកពីរគ្រឿង។ ការ លើកឡើងខាងលើ របស់លោកយានឡុង នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់យោធាចិន ។

លោកបន្តទៀតថា «ចំណុចដែលអាមេរិកខ្លាចបំផុតនោះគឺការបាត់បង់អាយុជីវិតទាហាន ហើយការបាញ់កម្ទេចនាវាផ្ទុកយន្តហោះមួយគ្រឿងគឺអាចសម្លាប់នាវិក នៅលើនាវានោះរហូតដល់ទៅជាង៥ពាន់នាក់ មានទាំងស្ត្រីដែលបម្រើការនៅទីនោះផងដែរ។ ប្រសិនបើចិនវាយពន្លិចនាវាផ្ទុក យន្តហោះពីរគ្រឿងមានន័យថាអ្នកស្លាប់ នឹងមានដល់ទៅជាង១មឺននាក់» គឺច្រើនជាងការចូលរួមនៅក្នុងសមរភូមិក្តៅ ក្នុង ប្រទេសអីុរ៉ាក់ ឬអាហ្វហ្គានីស្ថាន ទៅទៀត ។

ក្រុមអ្នកឯកទេសយោធាចិនបានបញ្ជាក់ឲ្យដឹងថា«យើងចាំមើលថាតើអាមេរិកភ័យខ្លាចប៉ុនណា ។ ចិនចាំបាច់ត្រូវតែប្រើប្រាស់កម្លាំងយោធារបស់ខ្លួនវាយប្រហារទៅលើចំណុចខ្សោយរបស់សត្រូវ »។ ទន្ទឹមនឹង នេះលោក យាន ឡុង ក៏បាន អួតអំពើ មីស៊ីលនាំផ្លូវរបស់ចិន ដែលមានសមត្ថ ភាពខ្ពស់នៅក្នុងការ កម្ទេចនាវាផ្ទុកយន្ត ហោះអាមេរិក។

ការព្រមានខាងលើកើតឡើង ក្រោយពេលដែលក្រុមអ្នកឯកទេសអន្តរជាតិបានព្រមានថា នឹងមានការប៉ះទង្គិចគ្នាកើត ឡើងរវាងកម្លាំងទាហានអាមេរិក នឹងចិន នៅសមុទ្រចិនខាងត្បូង នៅក្នុងឆ្នាំ២០១៩ នេះ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត លោក Malcolm Davis អ្នកឯកទេសយោធាជាន់ខ្ពស់ស្តីពីយុទ្ធសាស្ត្រយោធា និងសមត្ថភាពការពារជាតិ មកពីមជ្ឈ មណ្ឌលយុទ្ធសាស្ត្រ អូស្ត្រាលី នៅទីក្រុង កង់បឺរ៉ា បានព្យាករថា«ភាពតានតឹងនៅ សមុទ្រចិនខាងត្បូង ចិននឹងមិនដកថយ នោះឡើយ ចំណែកអាមេរិកក៏ដូច្នោះដែរ នឹងមិនដកថយជាដាច់ខាត ។ចំណុចទាំងនោះនឹងធ្វើឲ្យសមុទ្រចិនភាគខាងត្បូង ក្លាយទៅជាចំណុចក្តៅបំផុតនៅក្នុងឆ្នាំ ២០១៩នេះ ។

បច្ចុប្បន្នប្រទេសទាំងពីរ កំពុងតែពង្រីក ឥទ្ធិពល រៀងៗខ្លួននៅក្នុងតំបន់ ។ ជាមួយ គ្នានេះ គេហទំព័រ scmp.com ក៏បាន ផ្សាយនូវអត្ថបទមួយដោយបញ្ជាក់ថា សមុទ្រចិនភាគខាងត្បូង គឺជាតំបន់ក្តៅបំផុតនៅក្នុងឆ្នាំ២០១៩នេះ ។ គ្មានអ្នកណា ម្នាក់អាចបញ្ជាឲ្យពលរដ្ឋចិនត្រូវធ្វើអ្វី ឬក៏មិនធ្វើអ្វីនោះឡើយ ។ ចិនមានសេរី ភាពពេញលេញនៅក្នុងការធ្វើសកម្មភាព ពង្រីកឥទ្ធិពលរបស់ខ្លួន ។

ក៏ប៉ុន្តែ ក្រុមអ្នកឯកទេសវិភាគបាន លើកឡើងថា ការផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំរវាងអាមេរិក នឹងចិន ពិបាកកើតឡើង ខ្លាំងណាស់ ដោយប្រទេសទាំងពីរ មិនចង់ឲ្យមានសង្គ្រាមកើតឡើងនោះឡើយ ព្រោះអាចបង្កឲ្យមានការខាតបង់ទាំងសងខាងនិងបាត់បង់ផលប្រយោជន៍រៀងៗខ្លួន ។ មិនតែប៉ុណ្ណោះ នឹងធ្វើឲ្យបាត់បង់ទំនាក់ ទំនង ការទូត ដែលបានបង្កើត និងខិតខំ រក្សាអស់រយៈពេល៤០ឆ្នាំកន្លងមក ។

កាលពីថ្ងៃទី១ ខែមករានេះ គឺជាខួប គម្រប់៤០ឆ្នាំ នៃទំនាក់ទំនងទូតរវាងអាមេរិកនឹងចិន។ ចិនដែលបានបើកចំហទីផ្សារ និងធ្វើកំណែទម្រង់សេដ្ឋកិច្ច ក្នុងរដ្ឋបាល របស់ប្រធានាធិបតីចិន តេង ស៊ាវពីង ហើយប្រទេសមហាអំណាចទាំងពីរបានចាប់ដៃសហការគ្នានៅឆ្នាំ១៩៧១។ ដោយសារ នយោបាយសួនតួនិយមរបស់អាមេរិកនៅក្នុងអាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សទាំងពីរ បានលេចជារូងបរាងឡើង កាន់តែខ្លាំង នៅឆ្នាំ២០១៨។ ក៏ប៉ុន្តែ នៅ ក្នុងឱកាសថ្ងៃខួបទំនាក់ទំនងការទូត លើកទី៤០ នៅដើមឆ្នាំ២០១៩នេះ គឺ ជម្លោះពាណិជ្ជកម្ម ហាក់បានថមថយកម្តៅ ខ្លះទៅវិញ។

«ប្រវត្តិសាស្ត្របានបើកបង្ហាញយើង គ្រប់គ្នាថា ការសហការគ្នា គឺជាជម្រើសដ៏ល្អសម្រាប់ប្រទេសទាំងសងខាង។ ចំពោះ រដ្ឋភិបាលក្រុងប៉េកាំង ទំនងទំនងល្អ គឺជារឿងអាទិភាពរបស់យើង»។ ទាំងនេះគឺជាការបញ្ជាក់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានចុះផ្សាយនៅក្នុងកាសែតរដ្ឋចិន នៅថ្ងៃអង្គារទី១ ខែ មករានេះ។

នៅក្នុងឱកាសខួបការទូត លើកទី៤០ រវាងចិននឹងអាមេរិកនេះ លោកប្រមុខរដ្ឋទាំងពីរបានជជែកផ្លាស់ប្តូរសម្តីគ្នាជាថ្មី ហើយលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកឡើងជាថ្មី ពីសារៈសំខាន់នៃការរឹតចំណងទាក់ទងគ្នារវាងប្រទេសទាំងពីរ ទៅលើផ្នែកសម្រុះសម្រួល សហប្រតិបត្តិ ការ និងផ្នែករក្សាស្ថិរភាព។ នេះបើតាមការ ស្រង់សម្តីលោកសុី ជីនពីង របស់កាសែត ចិនថ្មី។ នៅក្នុងកាសែតដដែល លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានអបអរទិវាខួបនេះ ហើយបានលើក សរសើរពី «មិត្តភាពដ៏រឹងមាំ» ជាមួយលោក ប្រធានាធិបតីចិនផងដែរ។

ជាការកត់សម្គាល់ ទំនាក់ទំនងរវាង មហាយក្សសេដ្ឋកិច្ចទាំងពីរ ហាក់បានវិលទៅរកភាពធូរស្រាលបន្តិចនៅពេលនេះ បន្ទាប់ពីមានភាពតានតឹងជាខ្លាំងក្នុងជម្លោះពាណិជ្ជកម្មកាលពីឆ្នាំមុន។ ថ្មីៗនេះ ប្រទេសចិនបានយល់ព្រមទទួលទិញអង្ករនិងសណ្តែករបស់អាមេរិក។ ចិនយល់ ព្រមព្យួរការដំឡើងថ្លៃបង់ពន្ធនាំចូលរថយន្ត និងគ្រឿងបរិក្ខារសម្រាប់ផលិតឡាន ព្រមទាំងកែសម្រួលច្បាប់ ជុំវិញការលួច ចម្លងកម្មសិទ្ធិបញ្ញាជាដើម។

ទាំងអស់នេះ គឺជាសម្បទានយ៉ាង ច្រើនរបស់ក្រុងប៉េកាំង។ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា ការចរចារវាងរូបលោកនឹងប្រមុខរដ្ឋចិន គឺដំណើរ ការទៅបានល្អ ហើយបើការព្រមព្រៀង សម្រេចបានមែននោះ អាមេរិកនឹងឆ្ពោះទៅរកការរីកចម្រើនយ៉ាងធំ៕ ម៉ែវ សាធី


ចែករំលែក៖