ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលយោធាថៃ បានលុបចោលបម្រាមធ្វើសកម្មភាពនយោបាយដល់បណ្តាគណបក្សនានា នៅក្នុងប្រទេសដើម្បីជាការត្រៀមលក្ខណឃោសនា បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ដោយការបោះឆ្នោត ត្រូវធ្វើឡើងនៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០១៩។ នៅពេលនេះ រូបភាព អតីតនាយករដ្ឋមន្ត្រី ថៃដែលមានឥទ្ធិពលបំផុត និងទទួលបានការគាំទ្រខ្លាំងបំផុត បានជួយដល់ប្រជាកសិករថៃ មានជីវភាពប្រសើរ ពេលនេះព័ត៌មានស្តីពីអតីតនាយករដ្ឋមន្ត្រីទាំងពីរ បានគ្រប់ដណ្តប់លើបណ្តាញព័ត៌មានធំៗលើពិភពលោក។
ក្រោយពេលមានព័ត៌មានផ្សព្វផ្សាយ ពីរឿង ពីរនាក់បងប្អូន អតីតនាយករដ្ឋមន្ត្រីថៃ បានទៅកាន់ប្រទេសចិន ដើម្បី គោរព ដល់បុព្វការីជន របស់ខ្លួន នៅក្នុងប្រទេសចិន ហើយលោកថាក់ស៊ីននិងលោកស្រីយីងឡាក់ គឺជាកូនចៅចិនជំនន់ទី៤កើតនៅក្នុងប្រទេសថៃ ។ នៅពេលនេះ បានលេចចេញព័ត៌មានមួយទៀត ថាលោកស្រីយីងឡាក់ បានក្លាយជាអគ្គនាយក ក្រុមហ៊ុនកំពង់ផែដឹកជញ្ជូនដ៏សំខាន់មួយក្នុងប្រទេសចិន ។
ប្រភពព័ត៌មាន ពីក្រុមហ៊ុន កំពង់ផែអន្តរជាតិ Shantou International Container Terminals Ltd បានបញ្ជាក់ថា លោកស្រីយីងឡាក់ អាយុ៥១ឆ្នាំបានទទួលកាន់តំណែងជាប្រធាន និងជាតំណាងផ្លូវច្បាប់ ដល់ក្រុមហ៊ុនតាំងពីថ្ងៃទី ១២ខែធ្នូឆ្នាំ២០១៨ ។ គេហទំព័រ Caixin បានផ្សាយថា សកម្មភាពខាងលើរបស់លោកស្រី យីងឡាក់ អាចនឹងជាប់ពាក់ព័ន្ធដល់ មុខជំនួញរកស៊ី របស់ត្រកូលស៊ីណាវ៉ាត្រា ឬ ក៏មានភាគហ៊ុននៅទីនោះ ។
គ្រួសារ ត្រកូលស៊ីណាវ៉ាត្រា ជាអ្នកជំនួញដ៏ជោគជ័យក្នុងវស័យទូរគមនាគមន៍ នៅក្នុងប្រទេសថៃ ប៉ុន្តែ លោកស្រី មិនមានបទពិសោធនៅក្នុងការគ្រប់គ្រងកំពង់ផែនោះឡើយ ។ ព័ត៌មានខាងលើបានផ្សព្វផ្សាយជាសាធារណ ក្រោយពេល លោកថាក់ស៊ីន និងលោកស្រីយីងឡាក់បានទៅសែន បុព្វការីជនដែលជាស្រុកកំណើតខាងឪពុក នៅក្នុងភូមិ Taxia តំបន់ Fengshun ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីពលរដ្ឋក្នុងភូមិ ។
ប៉ុន្តែមកទលពេលនេះ មិនទាន់មានការអះអាងច្បាស់លាស់ថា ព័ត៌មានខាងលើ គឺជាការពិត ដោយលោកស្រីយីងឡាក់ក៏មិនទាន់មានប្រតិកម្មអ្វី ជុំវិញព័ត៌មាននេះដែរ ៕ ម៉ែវ សាធី