កិច្ចពិភាក្សស្តីពីវិវាទពាណិជ្ជកម្ម រវាងអាមេរិក នឹងចិនបានចូលដល់ថ្ងៃទី៣ហើយ ដោយមិនទាន់មានលទ្ធផល ផ្លែផ្កាណាមួយ បង្ហាញជាសាធារណៈទេ ។ ប្រតិភូប្រទេសទាំងពីរ បានជួបពិភាក្សា ទល់មុខគ្នា តាំងពីថ្ងៃចន្ទមកម្ល៉េះ ហើយបើតាមប្រភពព័ត៌មានបញ្ជាក់ថា នៅមិនទាន់បានសម្រេចលទ្ធផលនោះទេ ហើយកិច្ចចរចានេះ បន្តពេលវេលាថែមមួយថ្ងៃទៀត ។
កិច្ចពិភាក្សានេះ ធ្វើឡើងតាមការព្រមពៀងរវាងប្រធានាធិបតីចិន ស៊ី ជីងពីន នឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ដែលកាលណោះថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរនេះ បានយល់ព្រមផ្អាកការដំឡើងព័ន្ធប្រាក់ទំនិញគ្នាទៅវិញ ទៅមករយៈពេល៩០ថ្ងៃ ។
សូមបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងចិន បានផ្ទុះឡើង ក្រោយពេលដែលលោកដូណាល់ ត្រាំ បានសម្រេចបន្ថែមយកព័ន្ធលើមុខទំនិញរបស់ចិន រាប់សិបពាន់លានដុល្លារ ហើយដើម្បីជាការឆ្លើយតប ចិនក៏បានដំឡើងព័ន្ធពីទំនិញនាំចូលពីអាមេរិករហូតដល់ទឹកប្រាក់រាប់សិបពាន់លានដុល្លារផងដែរ ។
ដំណាលគ្នានេះដែរ រដ្ឋាភិបាលវ៉ាស៊ីនតោន បានចោទថា ចិនបានធ្វើចារកម្មឧស្សាហកម្ម និងលួចបច្ចេកវិទ្យាពីអាមេរិកទៀតផង ។
ក្រុមមន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា គណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិក កំពុងមាននូវជំនួបបញ្ចប់ការងារ ជាមួយក្រុមមន្រ្តីចិន ហើយនឹងវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ។
ផ្សារភាគហ៊ុនអាស៊ី ចាប់ផ្តើមហក់ខ្ពស់ឡើងវិញ ក្រោយកិច្ចប្រជុំត្រូវបានបន្តដល់ថ្ងៃទី៣ ដែលមិនបានកំណត់ជាមុន ជាហេតុធ្វើឲ្យមានសុទិដ្ឋិនិយមថា ប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក អាចរកបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបញ្ចៀសផុតពីការប្រឈម ៕