បើទោះបីទំនាក់ទំនង ជប៉ុន និងកូរ៉េខាងជើង មានភាពល្អប្រសើរឡើងវិញ ក្រោយ ពេលដែលទីក្រុងព្យុងយ៉ាងមានទំនាក់ទំនងល្អប្រសើរជាមួយអាមេរិក ។ ទន្ទឹមនឹងនោះ ជប៉ុន ក៏មិនភ្លេចការពារខ្លួន ទុកជាមុននោះដែរ ហើយបានសម្រេចទិញ ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបពីអាមេរិក ទៀតផង ។
នៅពេលនេះអាមេរិក បានអនុម័ត លក់ប្រព័ន្ធ មីស៊ីលការពារ មានតម្លៃដល់ទៅ២ពាន់លានដុល្លារ ប្រភេទ Aegis Ashore ឲ្យទៅជប៉ុនដើម្បីទប់ទល់ការគំរាម កំហែង ពីប្រទេសក្នុងតំបន់ ។
ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២៩ ខែមករា បានប្រកាសថា អាមេរិកបានព្រមព្រៀង លក់ប្រព័ន្ធមីស៊ីលការពារ Aegis Ashore ឲ្យជប៉ុនក្នុងតម្លៃ២,១ពាន់លានដុល្លារ ។ ប្រព័ន្ធមីស៊ីលការពារ ទាំងនោះនឹងដាក់ពង្រាយនៅស្រុក Akita និង Yamaguchi ក្នុងឆ្នាំ២០២៣ ដើម្បីទប់ទល់ ការគំរាមកំហែងដោយ មីស៊ីលពីប្រទេសជិតខាង ។
រដ្ឋាភិបាលជប៉ុន បានស្នើទិញប្រព័ន្ធមីស៊ីលខាងលើ ដោយមានទាំងទីបញ្ជាការ និងសម្ភារៈមួយចំនួនទៀត ដើម្បីតាមដាន់ និងការពារ ទាន់ពេលវេលា។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា«ចំណុចសំខាន់នាពេលនេះគឺ ជួយដល់ជប៉ុនបង្កើនសម្ថភាពការពារដោយខ្លួនឯង និងប្រកបដោយប្រសិទ្ធិភាព ។
កម្លាំងទាហានជប៉ុនមិនពិបាកនៅក្នុងការប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារខាងលើនោះឡើយ ដោយបច្ចុប្បន្ន ទាហានជប៉ុនកំពុងតែ ប្រើប្រាស់មីស៊ីលខាងលើ ដាក់នៅលើនាវាចម្បាំង។ ដូច្នេះការប្រើប្រាស់ប្រព័ន្ធការពារនេះនៅលើ ដីគោកមិនពិបាកឡើយ។
បន្ទាប់ពីការពង្រឹងប្រព័ន្ធការពារ កាន់តែមានប្រសិទ្ធភាព ជប៉ុនក៏បានបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងពិសេសគឺកូរ៉េខាងជើង ។កន្លងមកថ្មីៗនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានប្រកាសជាសាធារណៈអំពីការប្តេជ្ញារបស់លោក ដើម្បីចរចា ជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងគោលបំណង ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតទ្វេភាគី មានភាពធម្មតាឡើងវិញ។
នៅក្នុងសុន្ទរកថា គោលនយោបាយមួយ លោក អាបេ បានលើកឡើងថា លោកនឹងធ្វើមួយ “យ៉ាងម៉ឺងម៉ាត់ ដោយមិនឲ្យបាត់បង់ឱកាស” ដើម្បីដោះស្រាយបញ្ហា ប្រជាពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយប្រទេសកុម្មុយនីស្តជាច្រើន ទសវត្សរ៍កន្លងទៅ និងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
លោក អាបេ បន្ដថា “យើងគួរតែបំបែកភាពទាល់ច្រក នៃការមិនទុកចិត្តគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងបញ្ហាសំខាន់បំផុត នៃការចាប់ពង្រត់” គោលដៅ គឺដើម្បីដោះស្រាយ ប្រវត្តិសាស្រ្ត អកុសលជាមួយ កូរ៉េខាងជើង និងធ្វើឱ្យប្រក្រតីទំនាក់ទំនង តាមផ្លូវការធម្មតាឡើងវិញ៕