ព័ត៌មានទាន់ហេតុការណ៍៖

ពេលភ្លើងប្រច័ណ្ឌឆេះហើយ អ្វីក៏ហ៊ានធ្វើដែរ​

ចែករំលែក៖

ភ្លើងប្រច័ណ្ឌបានធ្វើឲ្យមនុស្សបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង បណ្តាលឲ្យមានកំហឹងកើតឡើង បង្កឲ្យមានសោកនាដកម្ម ។ កន្លងមក មានករណីភ្លើងប្រច័ណ្ឌខ្វះពិចារណា​ ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង ទុកឲ្យកូនតូចៗនៅកំព្រារឯកា ។បើអស់ក្តីស្រាឡាញ់ អាណិត អស់និស្ស័យ នឹងគ្នាហើយ បើទោះបីយកច្រវាក់ មកចង​ ក៏មិនជាប់ដែរ ។

ចំណុចទាំងនោះហើយ គួរតែពិចារណា កុំឲ្យរឿងរ៉ាវ ក្លាយទៅជាវិប្បដិសារីអស់មួយជីវិត ដោយសារតែភ្លើងប្រច័ណ្ឌឆេះមួយពេលនោះ ។

ជាក់ស្តែងករណីមួយនេះ នៅក្នុងប្រទេសចិន ពេលអំណរចូលឆ្នាំថ្មី តែងតែមានការជួបជុំសប្បាយ នោះ ស្រាប់តែមានករណីប្រច័ណ្ឌ ចាក់សម្លាប់មនុស្ស និងករណីដុតផ្ទះ​បណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ ។

ប៉ូលិសទីក្រុង Baoji បានថ្លែងថា នៅពេលដែលមនុស្សម្នាកំពុងតែរៀបចំទទួលឆ្នាំថ្មី ឆ្នាំកុរ យប់ថ្ងៃចន្ទនោះ បុរសម្នាក់ឈ្មោះ Lu ស្រាប់តែដុតផ្ទះបងប្រុសរបស់ខ្លួន នៅភាគខាងជើងខេត្ត Shaanxi បណ្តាលឲ្យស្លាប់មនុស្ស៧នាក់ ។ បងប្រុស, ប្រពន្ធរបស់គាត់, ឪពុកម្តាយរបស់ពួកគេ និងកូន៣នាក់ទៀតបានស្លាប់ក្នុងភ្នក់ភ្លើង ។ ក្រោយមកពីរបីម៉ោង ប៉ូលិសបានចាប់ខ្លួនជនសង្ស័យដុតផ្ទះដែលព្យាយាមសម្លាប់ខ្លួនឯង។

អំឡុងយប់ដូចគ្នានោះដែរ ប៉ូលិសនៅសហគមន៍ Baiyin និយាយថា បុរសឈ្មោះ Guo សង្ស័យប្រពន្ធរបស់ខ្លួនផិតក្បត់ ក៏បានចាក់ប្រហារសម្លាប់មនុស្ស៨នាក់ និង៧នាក់ទៀតរងរបួសនៅក្នុងភូមិមួយភាគពាយព្យខេត្ត Gansu ។ បុរសអាយុ៤៩ឆ្នាំរូបនេះត្រូវចាប់ខ្លួន ។ អត្តសញ្ញាណជនរងគ្រោះមិនត្រូវបានបង្ហាញនោះទេ ៕


ចែករំលែក៖