ព័ត៌មានទាន់ហេតុការណ៍៖

ផ្នូរជនជាតិ Jewish ជាង​៨០រងការបំផ្លាញនៅបារាំង បង្កឲ្យមានមហាបាតុកម្ម ប្រឆាំងរើសអើងពូជសាសន៍

ចែករំលែក៖

ក្រោយពេលបំផ្លាញផ្នូរជនជាតិ Jewish មហាបាតុកម្មក៏បានកើតឡើង ជាថ្មីនៅបារាំង ដោយមានការចូលរួមពីអតីត ប្រធានាធិបតីបារាំងជាច្រើនរូប ។ បាតុកម្មលើកនេះ គឺដាច់ដោយឡែកពីបាតុកម្ម ប្រឆាំងរដ្ឋាភិបាលនាពេលកន្លងមក ។

បាតុកម្មអាវកាក់លឿង​កើតឡើង ជាង ៣ខែកន្លងមកនៅក្នុងប្រទេស បារាំង ហើយពេលនេះ នៅតែមានបាតុកម្មកើតឡើង មិនមែនប្រឆាំងនឹងការឡើងថ្លៃ​ប្រេងរបស់រដ្ឋាភិបាលឡើយ ។ ផ្ទុយទៅវិញ គឺបាតុកម្ម​ប្រឆាំង នឹងការរើសអើងពូជសាសន៍វិញម្តង ។

បាតុកម្មនៅពេលនេះ កើតឡើងក្រោយពេលពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង ក្រោយពេល ផ្នូរជនជាតិ Jewish ដែលមានអាយុកាលរាប់រយឆ្នាំ​ ស្ថិតនៅតំបន់​ Quatzenheim ​ក្នុងទីក្រុង​ Alsace ​ត្រូវជនមិនស្គាល់មុខលួចគាស់បំផ្លាញ ផ្នូរជាង​៨០ ។ ទាំងនោះជាដើមហេតុ ​នៃការធ្វើបាតុកម្មប្រឆាំងអំពើរើសអើងជាតិសាសន៍នាពេលនេះ។

ក្បួនបាតុកម្មដែលឲ្យឈ្មោះថា ប្រឆាំងការរើសអើងជាតិសាសន៍ បានប្រព្រឹត្តឡើងនៅប្រទេសបារាំង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានមនុស្សរាប់ពាន់នាក់ចូលរួម ។ លោកអតីតប្រធានាធិបតីបារាំង Francois Hollande, អតីតប្រធានាធិបតី Nicolas Sarkozy, នាយករដ្ឋមន្ត្រី Edouard Philippe, អភិបាលក្រុង Anne Hidalgo និងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ដទៃផ្សេងទៀត ក៏បានចូលរួមបាតុកម្មប្រឆាំង អំពើរើសអើងពូជសាសន៍នេះដែរ ខណៈដែលប្រធានាធិបតី Emmanuel Macron បានទៅកាន់ទីកន្លែងបញ្ចុះសពជនជាតិ Jewishទាំងនោះពិនិត្យផងដែរ ហើយបានថ្លែងថា ពិតជាមានការខ្មាស់អៀនចំពោះទង្វើដ៏កខ្វក់នេះណាស់ និងបានសន្យាថា រដ្ឋាភិបាលមិនអាចព្រងើយកន្តើយចំពោះរឿងនេះទេ អ្នកប្រព្រឹត្ត នឹងត្រូវទទួលទោសតាមច្បាប់ ។

ផ្នូរសាកសពជនជាតិ Jewish ទាំងនោះជានិមិត្តរូបនៃការប្រមាថមើលងាយពីសំណាក់របបចក្រពត្រណាស៊ី មិនគួរណាត្រូវជនមិនស្គាល់មុខលបទៅបំផ្លាញទាំង៨០ផ្នូរនោះទេ ៕


ចែករំលែក៖