ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការប៉ូលិសទីក្រុងប៉ារីស ត្រូវដកតំណែងដោយសារមិនអាចរារាំងបាតុករហិង្សា

ចែករំលែក៖

នៅពេលនេះ រដ្ឋាភិបាលបារាំង នឹងចាត់វិធានការតឹងតែងទៅលើក្រុមបាតុករអាវលឿង ដែលបានបង្កអសន្តិសុខនៅក្នុងសង្គមមិនចេះចប់ជាច្រើនខែកន្លងមក ។ នៅពេលនេះ រដ្ឋាភិបាលបារាំង បានសម្រេចដកតំណែង ស្នងការប៉ូលិស ទីក្រុងប៉ារីស ហើយប្រកាសថា នឹងបញ្ជប់ការធ្វើបាតុកម្មអាវកាក់លឿងនៅទីក្រុងប៉ារីស Bordeaux និង​ Toulouse ប្រសិនបើបង្កឲ្យមានអំពើហិង្សានោះ។

នាយករដ្ឋមន្ត្រីបារាំង លោក​ Edourarad Philippe ​បានប្រកាសពីវិធានការតឹងតែងបំផុតកាលពីថ្ងៃទី​១៨ ខែកុម្ភៈ​ក្រោយរដ្ឋាភិបាលបរាជ័យនៅក្នុងសកម្មភាពទប់ស្កាត់ អំពើហិង្សា​ចលាចល នៅទីក្រុងប៉ារីសកាលពីចុងសប្តាហ៍កន្លងមក ។

លោក Edourarad Philippe បានប្រកាសតាមបណ្តាញទូរទស្សន៍ថា​«ចាប់តាំងពីសប្តាហ៍ក្រោយ ប្រសិនបើមានក្រុមបង្កចលាចល អំពើហិង្សា​កើតឡើងនោះ យើងនឹងហាមប្រាមក្រុមបាតុករអាវលឿងបន្តធ្វើបាតុកម្ម នៅតាមផ្លូវថ្នល់ទៀតដែលធ្វើឲ្យខាតបង់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។

នាយករដ្ឋមន្ត្រីបារាំង​បានសម្រេចផ្លាស់ប្តូរ តំណែងលោក​​ Michel Delpuech ​ស្នងការប៉ូលិស ទីក្រុងប៉ារីស ជំនួសវិញដោយលោក​ Didier Lallementដែលជាមន្ត្រីប៉ូលិសមកពី​តំបន់ភាគខាងលិចប្រទេសបារាំង។

ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលដែលកម្លាំងសន្តិសុខមិនអាច រារាំង អំពើហិង្សា បង្កឡើងដោយក្រុមបាតុកម្ម ក្នុងនោះ មានការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឆក់ប្លន់ នៅតាមដងវិថី​ Champs Elysees កាលពីចុងសប្តាហ៍កន្លងមក​៕


ចែករំលែក៖