មន្ត្រីរដ្ឋាភិបាលអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលបណ្តាប្រទេសជាសម្ពន្ធមិត្តឲ្យ ឈប់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Huawei ក្នុងនោះមានសេវាកម្ម 5G ជា ដើម។ នៅពេលនេះអាចនិយាយបានថាអាមេរិកកំពុងតែបរាជ័យចំពោះការអូស ទាញប្រទេសសម្ពន្ធមិត្តហើយ។ប៉ុន្តែ អាមេរិកមិនទទួលស្គាល់នូវការបរាជ័យទាំងនោះឡើយ ។
ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប និង អាស៊ីត្រៀមចូលរួមជាមួយអាមេរិក ប៉ុន្តែ អាមេរិក មិនអាចបង្ហាញពីភស្តុតាងណា មួយដែលអាចទាក់ទាញសម្ពន្ធមិត្តនោះ ឡើយ។ សម្ព័ន្ធមិត្តសំខាន់របស់អាមេរិក ដូច អាល្លឺម៉ង អង់គ្លេស ឥណ្ឌា និងបណ្តា ប្រទេសអារ៉ាប់ បានបង្ហាញពីគោលជំហរ របស់ខ្លួន ដោយមិនគាំទ្រអាមេរិក ហើយ និងបោះបង់ក្រុមហ៊ុន Huawei របស់ចិន ឡើយ។
ការខិតខំឃោសនារបស់ប្រធានាធិបតីដូណាល់ ត្រាំ និងអូសទាញប្រទេសជា សម្ពន្ធមិត្តឲ្យឈប់ប្រើប្រាស់បណ្តាញ5 G របស់ចិន ត្រូវបរាជ័យ។ រដ្ឋាភិបាលប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមាន សម្ពន្ធមិត្តអាមេរិកបានច្រានចោល ការអូស ទាញរបស់អាមេរិក ដោយនៅតែបន្តប្រើប្រាស់ សេវាកម្មរបស់ក្រុមហ៊ុន Huawei ដដែល។
សារព័ត៌មាន New York Times បានផ្សាយថា ជាច្រើនខែកន្លងមកអាមេរិកបានខិតខំ ដាក់គំនាបទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដោយ បានស្នើដល់ បណ្តាប្រទេសជាសម្ពន្ធមិត្តបោះបង់ចោល Huawei ក្នុងនោះមានការប្រើប្រាស់សេវា 5G ។
សេវាកម្ម 5G ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសអ្នកមាននៅលើពិភពលោក ទាំងប្រទេសនៅក្នុងតំបន់អឺរ៉ុប ។ កន្លងមក អង់គ្លេស អាល្លឺម៉ងបារាំងក៏បានពិចារណាបន្តជ្រើរើសក្រុមហ៊ុនចិន សម្រាប់បង្កើតបណ្តាញ5Gដដែល។
ការចោទប្រកាន់របស់អាមេរិកទៅលើក្រុមហ៊ុន Huawei ដោយមិនមានភស្តុតាងបញ្ជាក់ណាមួយនោះឡើយ ។មួយវិញទៀតប្រទេសជាច្រើនក៏បានស្រាវជ្រាវត្រួតពិនិត្យ ក៏មិនឃើញមានសកម្មភាពចារកិច្ចណាមួយនៅ Huawei នោះដែរ ។ ទាំងនោះហើយទើបប្រទេសជាច្រើន នៅតែមានទំនុកចិត្តទៅលើក្រុមហ៊ុនHuawei ដដែល។
ក្រុមអ្នកឯកទេសធ្លាប់បានលើកឡើងថា គោលដៅរបស់អាមេរិក ទៅលើក្រុមហ៊ុន Huawei តាមពិត ទីក្រុងវ៉ាស៊ីនតោនចង់ ទប់ស្កាត់ការរីកចម្រើនរបស់ក្រុមហ៊ុនចិនមួយនេះនៅលើឆាកអន្តរជាតិ ដោយចិនបាននាំមុខអាមេរិកលើបច្ចេកវិទ្យា។ អ្នកឯកទេសវិភាគ បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិន គឺHuawei បាននាំមុខទៅលើបច្ចេកវិទ្យារបស់អាមេរិក។ ទាំងនោះហើយ បានជាអាមេរិកខិតខំដើម្បីទប់ស្កាត់ ការរីកចម្រើនរបស់ក្រុមហ៊ុនចិន។
អ្នកឯកទេសវិភាគ Guo Ping បានលើកឡើងថា កន្លងមកថ្មីៗប្រធានាធិបតីអាមេរិក បានស្នើដល់បណ្តាក្រុមហ៊ុនបច្ចេក វិទ្យា អាមេរិកផ្តោតសំខាន់ទៅលើការអភិ វឌ្ឍសេវា 5G ។ លោកត្រាំ បានសរសេរនៅលើបណ្តាញ Twitter របស់លោកថា «ខ្ញុំចង់បានបច្ចេកវិទ្យា5G ឬ6Gកាន់តែឆាប់កាន់តែល្អ ។ បណ្តាញខាងលើមានល្បឿនលឿនជាង បណ្តាញសេវានាពេលបច្ចុប្បន្នរបស់អាមេរិក »។ ការលើកឡើងរបស់លោកត្រាំ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិក កំពុងតែដើរក្រោយចិនមួយជំហាន ក្នុងរឿងបច្ចេកវិទ្យាសេវា5Gនេះហើយ ។
នៅពេលនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបង្កើតនូវស្មាតហ្វូន ប្រភេទ Mate X 5G អាចបត់បាន មានតម្លៃជាង ២៥០០ដុល្លារអាមេរិក ។ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបង្ហាញស្មាតហ្វូន អេក្រង់អាច បត់បានថ្មីមួយដែលនឹងដំណើរការលើបណ្តាញ 5G និងមានតម្លៃថ្លៃជាងទូរស័ព្ទ iPhone ចុងក្រោយបង្អស់ទ្វេដង ដោយលក់រាយក្នុងតម្លៃប្រហែល២.០០០ផោន(ជាង២.៦ ០០ដុល្លារ)។
ក្រុមហ៊ុន Huawei បានបង្ហាញទូរស័ព្ទ Mate X នៅមួយថ្ងៃមុនពិព័រណ៍ឧស្សាហ កម្មរយៈពេលបួនថ្ងៃនៅប្រទេសអេស្ប៉ាញដើម្បីបង្ហាញឧបករណ៍ថ្មីៗហើយនាយកប្រតិបត្តិលោករីឆាត យូបាននិយាយថា ទូរស័ព្ទនេះនឹងបំពេញតម្រូវការរបស់អតិថិជនសម្រាប់អេក្រង់ធំជាងមុននិងថាមពលថ្មកាន់បានយូរ នៅពេលវាចេញលក់នៅលើទីផ្សារអន្តរជាតិ។
ប៉ុន្តែអ្វីដែលគេមិនច្បាស់លាស់នោះគឺថាតើវានឹងបំពេញតម្រូវការគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់បានដែរឬអត់ ខណៈដែលក្រុមហ៊ុន Huawei កំពុងស្ថិតក្រោមការ សង្ស័យយ៉ាងខ្លាំងពីសំណាក់ពួកប្រធានស៊ើបការណ៍សម្ងាត់របស់បណ្តាប្រទេសលោកខាងលិច ដែលព្រួយបារម្ភថាក្រុមហ៊ុននេះធ្វើចារកម្មឱ្យរដ្ឋាភិបាលចិនតាមរយៈ ឧបករណ៍នានារបស់ខ្លួន។
ដោយបង្ហាញទូរស័ព្ទថ្មីសន្លាងរបស់ក្រុមហ៊ុន លោកយូបានសួរថា “តើយើងអាចនាំយកគំនិតច្នៃប្រឌិតថ្មីកាន់តែធំទៅកាន់ ឧស្សាហកម្មទូរស័ព្ទស្មាតហ្វូនយ៉ាងដូច ម្តេច?”
Mate X គឺជាចម្លើយរបស់គាត់។ វាមានអេក្រង់គ្របដណ្តប់នៅខាងក្រៅ ដូច្នេះអ្នកប្រើអាចនៅតែមើលបាននៅពេល វាបិទ ដែលខុសពីគូប្រជែងរបស់ខ្លួន Galaxy Fold ដែលមានអេក្រង់ល្ងិតមើលមិនបាននៅពេលបត់អេក្រង់។ ពេលលាតវា ចេញអេក្រង់របស់ Mate X មានទំហំ៨អុីញដែលធ្វើឱ្យវាមានទំហំស្មើថេប្លេតខ្នាតតូច។
លោកយូបាននិយាយថា វិស្វកររបស់ក្រុមហ៊ុន Huawei បានចំណាយពេល៣ ឆ្នាំដើម្បីធ្វើការងារនៅលើចង្កោមឧបករណ៍នេះដែលមិនបន្សល់ទុកនូវគម្លាតណាមួយទេ នៅពេលបិទ។
ទូរស័ព្ទ Mate X នឹងដាក់លក់ក្នុងតម្លៃ ជាង ២.៦០០ ដុល្លារ នៅពេលវាចេញលក់នៅពាក់កណ្ដាលឆ្នាំនេះ។ ទូរស័ព្ទ iPhone ចុងក្រោយបង្អស់មានតម្លៃប្រមាណជាង ១.៦០០ ដុល្លារ និងថ្លៃជាង Galaxy Fold ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះរបស់ Sam sung ដែលមានតម្លៃតែ ២.០០០ ដុល្លារ៕