កន្លងមកថ្មីៗ ប្រទេស Zimbabwe និង Malawi ប្រឈមនឹងខ្យល់កួចវាយប្រហារ បណ្តាលឲ្យមានអ្នកសា្លប់និង របួសជាច្រើននាក់ ។ ខ្យល់កួចនោះក៏បានបន្តឆ្លងចូលប្រទេស Mozambique បំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិត ជាច្រើន ។
ប្រធានាធីបតី Mozambique លោក Filipe Nyusi បានប្រកាសតាមប្រព័នផ្សព្វផ្សាយ ថា ខ្យល់កួច Idai អាចនឹងសម្លាប់មនុស្សដល់ទៅជាង១ពាន់នាក់ នៅក្នុងប្រទេស Mozambique កាលពីថ្ងៃទី១៨ ខែមីនា។
លោក Filipe Nyusi បានបញ្ជាក់ថា «ជាផ្លូវការមានមនុស្សដល់ទៅ៨៤នាក់បានស្លាប់ ប៉ុន្តែប្រភពព័ត៌មានផ្សេងទៀត បញ្ជាក់ថា អ្នកស្លាប់អាចកើនឡើងដល់ទៅជាង១ពាន់នាក់ ។ ក្រៅពីនេះ ពលរដ្ឋជាង១សែននាក់ កំពុងតែជួបទុក្ខលំបាកយ៉ាងធំធេង»។
ប្រធានាធិបតី Filipe Nyusi បានបញ្ជាក់ខាងលើ ក្រោយពេលដែលលោកធ្វើដំណើរទៅត្រួតពិនិត្យ តំបន់រងការបំផ្លាញដោយខ្យល់កួច ។
ទឹកនៅដងទន្លេ Punge និង Buzi បានជន់ឡើងបំផ្លាញទំនប់ ជន់លិចភូមិទាំងមូល កាត់ផ្តាច់តំបន់ជាច្រើន។ សាកសពជាច្រើនបានអណ្តែតនៅលើទឹក ។
ជាមួយគ្នានោះ ខ្យល់កួចបានវាយប្រហារ នៅជិតទីក្រុង Beira ក្រោយពេលឆ្លងកាត់ប្រទេស Zimbabwe និងផ្នែកមួយនៃទឹកដី Malawi ។
ខ្យល់កួច និងទឹកជំនន់ ធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ១,៥លាននាក់ នៅក្នុងប្រទេស Mozamique និង Malawi ៕